ជាតិ
ប្រតិភូCPP ទៅទស្សនកិច្ចនៅកូរ៉េខាងជើង ដើម្បីរឹតចំណងមិត្តភាព គណៈប្រតិភូពីខាងគណបក្សប្រជាជនកម្ពុជា ជួបថ្នាក់ដឹកនាំគណបក្សកម្មករកូរ៉េ នៅប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១២ វិច្ឆិកា (រូបពី KCNA)
× ភ្នំពេញ៖ ប្រតិភូគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក កឹម សម្បត្តិ អនុប្រធានទំនាក់ទំនងអន្តរជាតិរបស់បក្ស បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១២ដល់១៤ វិច្ឆិកា។ ដំណើរទស្សនកិច្ច ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា ដំណើរទស្សនកិច្ចនេះ គ្រាន់តែពង្រឹងទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកម្មករកូរ៉េ ដោយដង្ហែរតាមព្រះបរមរតនកោដ្ឋ សម្ដេច ព្រះនរោត្តម សីហនុ ក្នុងការបង្កើនចំណងការទូតជាមួយប្រទេសជាមិត្តប៉ុណ្ណោះ ។
«ជារឿងធម្មតាទេ វាអត់មានអ្វីទេ ក្នុងការបំពេញទស្សនកិច្ចរឹតចំណង សាមគ្គីភាព មិត្តភាព រវាងបក្សនិងបក្ស វាអត់មានបញ្ហាអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងក្លា ដែលជារឿងគួរឱ្យចម្លែកនោះទេ»។ នេះជាការបញ្ជាក់របស់លោក សុខ ឥសាន ដែលបានបន្ថែមថា កម្ពុជា មានទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសទាំងអស់ ដោយគ្មានការរើសអើងឡើយ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង ប្រតិភូគណបក្សប្រជាជនកម្ពុជា ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដឹកនាំដោយលោក កឹម សម្បត្តិ អនុប្រធានទំនាក់ទំនងអន្តរជាតិរបស់បក្ស។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូកម្ពុជា បានជួបលោក Ri Su Yong សមាជិកនៃការិយាល័យនយោបាយ និងជាអនុប្រធានគណៈកម្មាធិការកណ្ដាលបក្សកម្មករកូរ៉េខាងជើង និងថ្នាក់ដឹកនាំផ្សេងទៀត។ បន្ថែមពីនេះ ប្រតិភូកម្ពុជា ក៏បានទស្សនាទីកន្លែងកំណើតរបស់អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដែលត្រូវជាជីតារបស់មេដឹកនាំ គីម ជុនអ៊ុន បច្ចុប្បន្ន នៅ Mangyongdae រួមទាំងសារមន្ទីរបដិវត្តកូរ៉េ និងសារមន្ទីរស្ថាបនិកបក្សជាដើម។ គណៈប្រតិភូកម្ពុជា បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៤ វិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង។
កាលពីថ្ងៃទី៩ វិច្ឆិកា ក្នុងថ្ងៃបុណ្យឯករាជ្យរបស់កម្ពុជា លើកទី៦៦នោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានផ្ញើសារថ្វាយព្រះមហាក្សត្រកម្ពុជា ដោយបានលើកឡើងពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានបង្កើតឡើងដោយលោក គីម អ៊ីលស៊ុង អតីតមេដឹកនាំកូរ៉េខាងជើង និងសម្ដេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យកម្ពុជា។ «យើងពិតជារីករាយដែលប្រទេសយើងទាំងពីរបានបង្កើតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងក្នុងនាមជាមិត្តភក្តិ ជាប្រពៃណីនៃប្រវត្តិសាស្ត្រនេះ។ ខ្ញុំសូមជូនពរមិត្តរដ្ឋាភិបាលកម្ពុជា និងប្រជាជន ឱ្យទទួលបានជោគជ័យកាន់តែធំជាងនេះទៀតនៅក្នុងអនាគត ក្នុងដំណើរការអភិវឌ្ឍប្រកបដោយឯករាជ្យ និងប្រសើរឡើងនៅក្នុងប្រទេស»។ នេះបើតាមទីភ្នាក់សារព័ត៌មានកណ្ដាលកូរ៉េខាងជើង ដែលបានស្រង់ខ្លឹមសាររបស់លោក គីម ជុនអ៊ុន។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងជើង បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ ១៩៦៥ ដែលកាលណោះព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានជួបជាមួយលោក គីម អ៊ីលស៊ុង នៅក្នុងទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ហើយនៅឆ្នាំ១៩៧០ ក្រោយពីសម្ដេចនរោត្តម សីហនុ ត្រូវបានសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនោះ ព្រះអង្គក៏បាននិរទេសព្រះកាយ យាងទៅរស់នៅប្រទេសកូរ៉េខាងជើង ដោយរដ្ឋាភិបាលកូរ៉េ បានកសាងព្រះរាជដំណាក់មួយថ្វាយជូនព្រះបរមរតនកោដ្ឋ ដែលមានឈ្មោះថា Changsuwon នៅជិតទីក្រុងព្យុងយ៉ាងផងដែរ៕
Tag:
សុខ ឥសាន
CPP
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com