អន្តរជាតិ
សភា​ថៃ កោះហៅ​លោក ប្រា​យុទ្ធ ទៅ​បំភ្លឺ​រឿង​ធ្វើ​សច្ចាប្រណិធាន​មិន​ពេញលេញ​
15, Nov 2019 , 7:39 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ (AFP)
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ (AFP)
ដោយ:
​គណៈ​កម្ម​ធិ​ការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ថៃ បាន​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ត្រូវតែទៅ​ផ្តល់​សក្ខីកម្ម​ដោយផ្ទាល់​នៅ​ចំពោះមុខ​គណៈកម្មាធិការ​សភា ជុំវិញ​រឿង​ការធ្វើ​សច្ចាប្រណិធាន​មិនបាន​ពេញលេញ​។ លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ ប្រា​វីត វង្ស​សុវណ្ណ ក៏ត្រូវ​បាន​សភា​កោះហៅ​ផងដែរ​ក្នុង​សំណុំ​រឿងនេះ​។

 
​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ លោក Sereepisuth Temeeyaves ដែលមាន​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​សភា​ថៃ​នេះ នៅ​ថ្ងៃ​ពុធ​ទី​១៣ វិច្ឆិកា បានបញ្ជាក់​ឲ្យ​ដឹងថា គណៈ​កម្ម​ធិ​ការ បាន​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេច​នេះ​ក្នុង​សំឡេង​៦​ទល់នឹង​៣​។​
 
​ការសម្រេចចិត្ត​របស់​សភា​ថៃ​បែបនេះ ធ្វើឡើង​ក្រោយពី​លោក Sereepisuth ដែលជា​មេដឹកនាំ​គណបក្ស​សេរីនិយម​ថៃ បាន​បដិសេធ​ក្នុងការ​អនុញ្ញាត​ឲ្យ​អ្នកតំណាង​របស់លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​លោក ប្រា​វីត វង្ស​សុវណ្ណ បង្ហាញ​នូវ​ការបំភ្លឺ​ជា​លាយលក្ខណ៍អក្សរ​។ ត្រង់នេះ លោក​សង្កត់ធ្ងន់ថា អ្នកនយោបាយ​ទាំងពីរ​នេះ នឹង​តម្រូវ​ឲ្យ​ទៅ​ឆ្លើយបំភ្លឺ​ដោយផ្ទាល់​នៅមុខ​គណៈកម្មាធិការ​ស​ភា នា​ថ្ងៃ​ពុធ ២០ វិច្ឆិកា​ខាងមុខ​។ 
 
«​គ្មាន​នរណាម្នាក់ ត្រូវ​អនុញ្ញាត​តាមច្បាប់​ឲ្យ​ផ្តល់​សក្ខីកម្ម ដោយមាន​អ្នក​ទៅ​ឆ្លើយ​ជំនួស​ពួកគេ​ឡើយ​»​។  លោក​ប្រធាន​គណៈ​កម្ម​ធិ​ការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ថៃ​ទទួលបន្ទុក​អំពើពុករលួយ​រូបនេះ បញ្ជាក់​បែបនេះ ក្រោយពី​អនុរដ្ឋមន្ត្រី​ការពារជាតិ ត្រូវបានតែងតាំង​ឲ្យ​ជំនួស​លោ ក​ប្រា​យុទ្ធ ខណៈ​លោក​ប្រា​វីត​បាន​ចាត់​ឲ្យ​ជំនួយការ​ផ្ទាល់ខ្លួន​ទៅ​ឆ្លើយ​ជំនួស​។ 
 
​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​ពាក់ព័ន្ធ​នឹង​ការ​គំរាម​របស់​គណៈកម្មាធិកា​រ​សភា​ថៃ​ក្នុងការ​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​លោក និង​លោក​ប្រា​វីត ប្រសិនបើ​លោក​មិន​បង្ហាញខ្លួន​ទៅតាម​ការកោះហៅ​ទេនោះ លោក ប្រា​យុទ្ធ អះអាងថា គណៈកម្មាធិការ មាន​សេរីភាព​ក្នុងការ​ធ្វើបែបនេះ​។ ហើយ​លោក មិន​ច្បាស់​ទេ​ថា លោក​នឹងមាន​ពេលទំនេរ​ទៅ​បំភ្លឺ​នា​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយនេះ​។​
 
​សូមបញ្ជាក់ថា អំឡុង​ពិធី​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី កាលពី​ខែកក្កដា កន្លងទៅ លោក​ប្រា​យុទ្ធ ត្រូវបាន​គេ​ចោទប្រកាន់ថា ធ្វើ​សច្ចាប្រណិធាន​មិនបាន​ពេញលេញ​។ នោះ​គឺ​ដោយសារតែ​លោក​ពុំបាន​និយាយ​ឃ្លា​ចុងក្រោយ​នៃ​មាត្រា ១៦១ នៃ​រដ្ឋធម្មនុញ​ថៃ ដែល​តម្រូវ​ឲ្យ​អ្នកធ្វើ​សច្ចាប្រណិធាន​គោរព​និង​ប្រកាន់ខ្ជាប់​នូវ​រដ្ឋធម្មនុញ​។ ការណ៍​នេះហើយ បង្ក​ជា​សំណួរ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ភាពត្រឹមត្រូវ​តាមច្បាប់​នៃ​ភាពជា​នាយករដ្ឋមន្ត្រីរ​ប​ស់លោក​៕

Tag:
 ថៃ​
  សភា​
  ប្រា​យុទ្ធ​ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com