អន្តរជាតិ
បេក្ខជនប្រធានាធិបតីតៃវ៉ាន់ អំពាវនាវឲ្យត្រលប់ទៅជ្រើសយករូបមន្តចិនតែមួយ បេក្ខជនប្រធានាធិបតីកោះតៃវ៉ាន់ លោក Han Kuo-yu, រូបភាព៖ Reuters
× បេក្ខជនប្រធានាធិបតីតៃវ៉ាន់ Han Kuo-yu នៅថ្ងៃទី១៤ ខែវិច្ឆិកា បានអំពាវនាវឲ្យជ្រើសយកកិច្ចព្រមព្រៀងកុងសង់ស៊ីសជាមួយចិនដីគោកពាក់ព័ន្ធគោលនយោបាយចិនតែមួយ។ ប៉ុន្តែបេក្ខភាពប្រធានាធិបតីរូបនេះ ក៏បានបដិសេធ គោលការណ៍« ប្រទេសមួយ ប្រព័ន្ធពីរ» របស់ហុងកុងផងដែរ។
ប្រសិនបើគ្មានការផ្លាស់ប្តូរអ្វីទេ តៃវ៉ាន់ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែមករា ឆ្នាំ ២០២០ ខាងមុខនេះ បន្ទាប់ពីមានយុគដ៏ខ្មៅនៃទំនាក់ទំនងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ។ ភាពតានតឹងរវាងចិន និងតៃវ៉ាន់ កាន់តែខ្លាំងឡើង ចាប់តាំងពីអ្នកស្រី Tsai Ing-wen កាន់តំណែងជាប្រធានាធិបតីនៅក្នុងឆ្នាំ ២០១៦មក។
លោកស្រី Tsai បានបដិសេធទទួលស្គាល់កិច្ចព្រមព្រៀងរវាងបក្សកុម្មុយនិស្តចិន និងអតីតបក្សកាន់អំណាច Kuomintang ដែលទទួលស្គាល់គោលការណ៍ចិនតែមួយ។ ជាពិសេសគឺ គំនិតចង់ប្រកាសឯករាជ្យកោះតៃវ៉ាន់របស់លោកស្រី Tsai ។
ផ្ទុយពីលោកស្រី Tsai បេក្ខភាពប្រធានាធិបតី Han Kuo-yu ដែលចេញមកពីបក្ស Kuomintang បានទទួលស្គាល់ថា កុងសង់ស៊ីសដែលបានព្រមព្រៀងនៅក្នុងឆ្នាំ១៩៩២ គឺជារឿងដ៏ល្អ ដែលធ្វើឲ្យទំនាក់ទំនង និងស្ថិរភាពកាន់តែប្រសើរនៅតាមច្រកសមុទ្រតៃវ៉ាន់។ ប្រាប់អ្នកសារព័ត៌មាននៅក្នុងទឹកដីតៃវ៉ាន់ លោក Han បានបញ្ជាក់ប្រាប់ថា ភ្ជាប់ជាមួយព្រមព្រៀងឆ្នាំ ១៩៩២នេះ ទំនាស់រវាងចិន និងតៃវ៉ាន់ជាច្រើន អាចត្រូវបានដោះស្រាយ។ ក្នុងន័យនេះ លោក Han សន្យាថា ប្រសិនបើក្លាយជាប្រធានាធិបតីតៃវ៉ាន លោកនឹងបើកការចរចាជាមួយចិនឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
យ៉ាងណាក៏ដោយ បេក្ខជនប្រធានាធិបតីវ័យ៦២ឆ្នាំរូបនេះ មិនបានឆ្លើយនឹងសំណួរត្រង់ៗឡើយទៅអ្នកកាសែត ថាតើលោកគាំទ្រការបង្រួបបង្រួម ឬក៏អត់នោះឡើយ។ ត្រង់ចំណុចនេះ លោក Han គ្រាន់តែឆ្លើយបញ្ឆិតបញ្ឆៀងថា «ប្រទេសមួយ ប្រព័ន្ធពីរ» គឺមិនអាចយកមកប្រើប្រាស់បានទេនៅលើកោះតៃវ៉ាន់។
នៅក្នុងឆ្នាំ ២០១៨ លោក Han Kuo-yu បានឈ្នះឆ្នោតជាអភិបាលក្រុង Kaohsiung ហើយប្រជាប្រិយភាពរបស់លោក បានកើនឡើងជាលំដាប់។ លោក Han បានយល់ឃើញថា ការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់ គឺគួរឲ្យខ្លាចជាងជំងឺស្វាយទៅទៀត ហើយថែមទាំងព្រមានថា ប្រសិនបើលោកស្រី Tsai ឈ្នះឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត ទំនាក់ទំនងចិន និងតៃវ៉ាន់ នឹងប្រៀបដូចជាភ្នំភ្លើងផ្ទុះ៕
© រក្សាសិទ្ធិដោយ thmeythmey.com