ជាតិ
សង្គមជាតិ
ទូតអាមេរិករំពឹងថា ពលរដ្ឋខ្មែរ នឹងបានឮការផ្សាយរបស់វីអូអេ និងអាស៊ីសេរី តាមវិទ្យុឡើងវិញ
15, Nov 2019 , 10:03 pm        
រូបភាព
ជំនួបរវាងរដ្ឋមន្រ្តីព័ត៌មាន និង ទូតអាមេរិក (រូបពីស្ថានទូតអាមេរិក)
ជំនួបរវាងរដ្ឋមន្រ្តីព័ត៌មាន និង ទូតអាមេរិក (រូបពីស្ថានទូតអាមេរិក)
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា សម្តែងក្តីសង្ឃឹមនៅមុខលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជា នឹងអាចស្តាប់ឮការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និង វិទ្យុអាស៊ីសេរី (RFA) ឡើងវិញ តាមរយៈការជួលម៉ោងផ្សាយបន្តពីវិទ្យុផ្សេងនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក ដែលផ្តល់ព័ត៌មានអំពីជំនួបរវាង លោក Murphy និងលោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។



លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា លោកឯកអគ្គរដ្ឋទូត បានស្នើសុំលោករដ្ឋមន្រ្តី អនុញ្ញាតឲ្យវីអូអេ និង អាស៊ីសេរី បានផ្សាយតាមវិទ្យុឡើងវិញ។ បើតាមលោក មាស សុភ័ណ្ឌ លោករដ្ឋមន្រ្តី តបទៅលោកឯកអគ្គរដ្ឋទូតថា  ក្រសួងអនុញ្ញាតឲ្យវីអូអេ ជួលម៉ោងផ្សាយតាមវិទ្យុសំបុកឃ្មុំ និង វិទ្យុ ១០២ ប៉ុន្តែវិទ្យុទាំង២នេះ ត្រូវដាក់សំណើទៅកាន់ក្រសួង ដើម្បីស្នើសុំពីការជួលម៉ោងផ្សាយទៅឲ្យវីអូអេ។

ចំពោះអាស៊ីសេរី លោករដ្ឋមន្រ្តី ប្រាប់ទៅលោកឯកអគ្គរដ្ឋទូតថា ក្រសួង មិនអាចអនុញ្ញាតឲ្យផ្សាយតាមវិទ្យុឡើយ ដោយសារតែប្រើពាក្យ «របបក្រុងភ្នំពេញ»។ នេះជាការលើកឡើងរបស់លោក មាស សុភ័ណ្ឌ ដដែល ដែលបានស្រង់សម្តីរបស់លោករដ្ឋមន្រ្តី ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូត មកប្រាប់សារព័ត៌មានថ្មីៗ។

ចុះបើអាស៊ីសេរី ឈប់ប្រើពាក្យ «របបក្រុងភ្នំពេញ» តើក្រសួងអនុញ្ញាតឲ្យផ្សាយតាមវិទ្យុវិញទេ? លោក មាស សុភ័ណ្ឌ បានផ្តល់ចម្លើយដូច្នេះថា៖«អាស៊ីសេរី អាចផ្សាយបាន ឬមិនបាននោះ គឺយើងអត់បានពិភាក្សានៅក្នុងជំនួបហ្នឹងទេ»។

លោក អះអាងថា នៅសប្តាហ៍ក្រោយតំណាងវិទ្យុអាស៊ីសេរី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងព័ត៌មាន បន្តថា លោកឯកអគ្គរដ្ឋទូត បានស្នើសុំទៅលោករដ្ឋមន្រ្តី ដើម្បីអនុញ្ញាតឲ្យតំណាងវិទ្យុអាសេរីចូលជួបពិភាក្សាការងារ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះថា៖«យើង នឹងពិភាក្សាពិនិត្យទៅលើទិដ្ឋភាពច្បាប់ និង ឥរិយាបថរបស់វិទ្យុអាស៊ីសេរីហ្នឹងជាក់ស្តែងនៅពេលខាងមុខ បើនឹងមានការជួបពិភាក្សាការងាររវាងតំណាងវិទ្យុអាស៊ីសេរី ជាមួយឯកឧត្តមរដ្ឋមន្រ្តី»។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា អាចតាមដានការផ្សាយរបស់វីអូអេ និង អាស៊ីសេរី នៅតាមបណ្តាញសង្គម និង គេហទំព័ររបស់សារព័ត៌មានទាំង២នេះ ដោយពុំមានការផ្សាយតាមវិទ្យុ ដូចកាលពីមុនឡើយ៕

Tag:
 Patrick Murphy
  ខៀវ កាញារីទ្ធ
  VOA
  RFA
© រក្សាសិទ្ធិដោយ thmeythmey.com