ជាតិ
អចលនទ្រព្យ
២៥ខេត្ត/រាជធានី
ប្រមុខរដ្ឋាភិបាល៖ ខេត្តព្រះសីហនុ អាចក្លាយជាមូលដ្ឋានហិរញ្ញវត្ថុនាពេលអនាគត
× សម្តេច ហ៊ុន សែន រំពឹងថា ខេត្តព្រះសីហនុ នឹងក្លាយជាមូលដ្ឋានហិរញ្ញវត្ថុនាពេលអនាគត។ ប្រមុខរដ្ឋាភិបាលមានប្រសាសន៍យ៉ាងដូច្នេះ នាពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា។
«មើលលើអគារស្អាត នៅក្រោមសុទ្ធតែភក់»។ នេះជាការកត់សម្គាល់របស់សម្តេច ហ៊ុន សែន ស្តីពីស្ថានភាពបច្ចុប្បន្នរបស់ខេត្តព្រះសីហនុ ដោយសម្តេចជឿជាក់ថា ក្រោយដំណើរការសាងសង់ផ្លូវរួចរាល់ ខេត្តពហុបំណងមួយនេះ មិនត្រឹមតែជាតំបន់នៃការដឹកជញ្ជូន ផែទឹកជ្រៅ ឧស្សាហកម្ម និងសេវា ប៉ុណ្ណោះទេ ថែមទាំងក្លាយជាតំបន់មូលដ្ឋានហិរញ្ញវត្ថុនាពេលខាងមុខ ដូចជាហុងកុង សៀងហៃ ជាដើម។
ការកសាងផ្លូវនៅខេត្តព្រះសីហនុ គឺអនុវត្តតាមយុទ្ធសាស្ត្រស្លឹកត្នោត ខ្ចប់ស្ករត្នោត ដែលមានន័យថា ជាតិបានប្រើប្រាស់ថវិកាសន្សំរដ្ឋាភិបាល និងថវិកាមួយចំនួននៅខេត្តព្រះសីហនុផ្ទាល់ដើម្បីកសាងហេរដ្ឋារចនាសម្ព័ន្ធ។
សម្រាប់គម្រោងសាងសាង់ផ្លូវ៣៤ខ្សែដែលមាន៨៤គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ២៩៤លានដុល្លារអាមេរិក ក្នុងថវិកាអាទិភាពពីរដ្ឋាភិបាលចំនួន១០០លានដុល្លារអាមេរិក ដោយប្រើពេលសាងសង់រយៈពេល៨ខែ។ ក្រុមហ៊ុនសាងសង់ចំនួន៨ ទទួលបន្ទុកលើគម្រោងនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាគ្រប់គ្រងផ្នែកថវិកា រីឯរដ្ឋមន្ត្រីផ្សេងទៀតទទួលបន្ទុកផ្នែកបច្ចេកទេស ក្នុងនោះរួមមាន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុនេះ នឹងផ្តល់នូវលំហរសាធារណៈប្រកបដោយសុវត្ថិភាព សមធម៌ និងមេត្រីភាព ការជំរុញកំណើនសេដ្ឋកិច្ច និងការបង្ហាញពីគុណភាពនគរូបនីយដ្ឋាន ក៏ដូចជាបរិស្ថាន៕
© រក្សាសិទ្ធិដោយ thmeythmey.com