ជាតិ
បុណ្យ​សមុទ្រ​៖ លោក ថោង ខុន ឲ្យ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់​នៅ​កំពត​បើកទទួល​ការ​កក់​បន្ទប់​
16, Nov 2019 , 11:55 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។ រូបភាពពីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។ រូបភាពពីក្រសួងទេសចរណ៍
​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ មួយចំនួន​នៅ​ខេត្តកំពត​មិន​ទទួល​ការ​កក់​បន្ទប់​ស្នាក់នៅ សម្រាប់​ភ្ញៀវ​នា​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​នេះឡើយ ដោយ​ពួកគេ​ចង់ទុក​ជួល​ភ្លាមៗ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ប្រតិកម្ម​ចំពោះ​បញ្ហា ដោយ​លោក​បានស្នើ​ឲ្យ​ពួកគេ​បើក​ការ​កក់​ឡើងវិញ​។​

 
​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​សាលា​ខេត្តកំពត បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ដោយ​លោក ថោង ខុន និង​មន្ត្រី​ពាក់ព័ន្ធ​បាន​លើកយក​បញ្ហា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ដែល​មិន​ទទួល​ការ​កក់​បន្ទប់​មុន​។​
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​នា​ថ្ងៃទី​១៥ ខែវិច្ឆិកា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ បើក​ការ​កក់​ឡើងវិញ​។ ជាមួយគ្នានេះដែរ លោក​បាន​ជំរុញ​ឱ្យ​អនុគណៈកម្មការ ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​នានា​ក្នុង​ការផ្ដល់សេវា​ស្នាក់នៅ​ក្នុង​តង់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ ពីព្រោះ​បន្ទប់​ស្នាក់​នៅតាម​សណ្ឋាគារ ផ្ទះសំណាក់ មិន​គ្រប់គ្រាន់​នោះឡើយ​។​
 
​បញ្ហា​មិន​ទទួលយក​ការ​កក់​មុន ក៏​ទទួលរង​នូវ​ការរិះគន់​ពី​សំណាក់​ពលរដ្ឋ​មួយចំនួន​ផងដែរ ដោយ​ពួកគេ​បាន​ចោទ​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់​ថា ងាយ​តម្លើងថ្លៃ​ខ្ពស់​នៅពេល​ភ្លាម​ត្រូវការ​ភ្លាម ខណៈ​ការ​កក់​ទុក​មុន គឺ​ស្ថិតក្រោម​តម្លៃ​ដែល​កំណត់​ច្បាស់លាស់​។​
 
​គួរ​បញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត នឹង​ប្រារព្ធ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០-២២ ខែធ្នូ ។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​បង្ហាញ​ការរំពឹងទុក​ថា ពិធីបុណ្យ​សមុទ្រ​នេះ​នឹងមាន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន​កុះករ​៕
 

Tag:
 ទេសចរ​
 ​បុណ្យ​សមុទ្រ​
 ​កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com