ONE Championship
ជាតិ
អ្នក​ប្រដាល់​ខ្មែរសុរិន្ទ Sam-A Gaiyanghadao បង្កើត​ភាព​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ
16, Nov 2019 , 2:01 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

Sam-A Gaiyanghadao ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុងចំណោម​កីឡាករ​ប្រដាល់​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​។ Sam-A មានកំណត់​ត្រា​ប្រកួត ៤២៣​ដង ក្នុងនោះ​ឈ្នះ ៣៦៧​ដង ចាញ់ ៤៧​ដង និង ស្មើ​៩​ដង​។ អ្នក​ប្រដាល់​ខ្មែរសុរិន្ទ​រូបនេះ ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំឆ្នាំ​នៅ​សង្វៀន​ល្បីឈ្មោះ Lumpinee ឬ​ហៅថា Lumpinee Fighter of the Year និង​ឈ្នះ​ខ្សែក្រវាត់ Lumpinee Stadium World Titles ច្រើន​សម័យកាល​ក្នុង​ប្រភេទ​ទម្ងន់​ពីរ​ផ្សេងគ្នា​។​


 
Sam-A ដែល​បាន​អះអាងថា​ជា​ខ្មែរសុរិន្ទ​នោះបាន​កើត​ក្នុង​ត្រកូល​ក្រីក្រ​មួយ​នៅ​នៅ​តំបន់​ដាច់ស្រយាល​នៅ​ប្រទេស​ថៃ​ដែលមាន​ឳ​ពុក​ម្ដាយ​ជា​កសិករ​។ Sam-A បានរស់នៅ​តាមបែប​ក​សិ​ករ​មាន​ជីវភាព​មិនល្អ​ប្រសើរ ប៉ុន្តែ​មានឱកាស​ប្រឡូក​ក្នុង​ក្បាច់គុន​មួយ​ថៃ​កាល​នៅ​ក្មេង និង បានធ្វើ​ឲ្យ​ជីវិត​របស់គេ​កាន់តែ​ល្អប្រសើរ​ឡើង​។ 
 
​កីឡាករ​ខ្មែរសុរិន្ទ​រូបនេះ​រំលឹកថា​៖«​កាល​ខ្ញុំ​អាយុ ៩ ឆ្នាំ ខ្ញុំ​ចាំបាន​ថា​មាន​កម្មវិធី​បុណ្យ​មួយ​នៅ​ស្រុកកំណើត ហើយ​កាលនោះ​មាន​រេញ​ប្រកួត​ក្បាច់គុន​មួយ​ថៃ​នៅក្បែរ​វិហារ​វត្ត​។ ពេលនោះ ពូ​របស់ខ្ញុំ​ជា​អ្នករៀបចំ​គូប្រកួត​»​។ កីឡាករ​ដដែល​បន្ថែម​ថា ពូ​របស់ខ្លួន​បាន​សួរ​នៅ​មនុស្សម្នា​និង​ក្មេងៗ​ជាច្រើន​ថា មាន​អ្នកណា​ចង់​ប្រកួត​ក្បាច់គុន​ទេ​? ស្រាប់តែ​ពេលនោះ Sam-A ឆ្លើយ​ស្ម័គ្រចិត្ត​ថា​ប្រកួត​ទោះ​អត់​មានបទពិសោធន៍​បន្តិច​ក៏ដោយ​។  Sam-A សង្កត់ធ្ងន់ថា​៖«​ពេលនោះ​ស្រាប់តែ មនុស្ស​អ៊ូអរ​បែរជា​ស្ងាត់​បន្តិច​ហើយ ខ្ញុំ​មើល​មនុស្ស​ជុំវិញ និយាយថា ហេតុអ្វី​អត់​យក​ខ្ញុំ​ប្រកួត​។ ខ្ញុំ​បាន​ប្រាប់​ពូ​របស់ខ្ញុំ ហើយ​ខ្ញុំ​ចង់​ប្រកួត​។ គាត់​មើល​មក​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា កុំ​អី ព្រោះ​មិនដែល​ប្រកួត​ពីមុន​ទេ​។ គាត់​មិន​យក​ខ្ញុំ​ប្រកួត​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រកួត​ខ្លាំងណាស់ ហើយ​ថែមទាំង​ដេញ​ឲ្យ​ខ្ញុំ​ទៅផ្ទះ​ដើម្បី​សុំ​ឪពុកម្ដាយ​របស់ខ្ញុំ​ទៀតផង​»​។


 
​បែបណា​ក្ដី ឳ​ពុក​ម្ដាយ​របស់ Sam-A មិន​ជំទាស់​ហាក់បីដូច​ចង់​ឲ្យ​កូន​ប្រកួត​ទោះបីជា​អត់​ដែលមាន​ពិសោធន៍​ក៏ដោយ បន្ទាប់ពី​រូបគេ​បាន​បញ្ចុះបញ្ចូល​អង្វរក​មួយសន្ទុះ​។ Sam-A  បញ្ជាក់ថា​៖«​ខ្ញុំ​សុំ​ឪពុកម្ដាយ​របស់ខ្ញុំ ពួកគាត់​មើល​មក​ខ្ញុំ និង​មិន​ឆ្លើយ​ភ្លាមៗ​ទេ​។ ពួកគាត់​សម្លឹងមើល​ខ្ញុំ និង បាន​គោះ​ក្បាល​ខ្ញុំ​។ ក្រោយមក​ខ្ញុំ​ក៏​ននៀល​ដី និង យំ​។ ត្រឹម​ពីរ​បី​នាទី​បន្ទាប់ពី​យំ​ខ្លាំង​និង​ស្រែក​ខ្លាំង​ផង​នោះ ឳ​ពុក​ម្ដាយ​ខ្ញុំ​ក៏​មិនដឹង​ធ្វើ​យ៉ាងម៉េច ហើយក៏​យល់ព្រម​ឲ្យ​ខ្ញុំ​ទៅ​ប្រកួត​»​។ 
 
Sam-A មិន​ធ្វើ​ឲ្យ​ពូ និង​ឳ​ពុក​ម្ដាយ​ខកចិត្ត​ទេ​ដោយ​ប្រកួត​ទាំង​សប្បាយចិត្ត និង ឈ្នះ​ការប្រកួត​ដំបូង​ទល់នឹង​ក្មេង​នៅក្នុង​មូលដ្ឋាន​។ ការប្រកួត​ដំបូង​នោះ​ធ្វើ​ឲ្យ​គេ​ស្រលាញ់​មួយ​ថៃ​កាន់តែខ្លាំង និង​បន្តទៅ​ផ្លាស់ប្ដូរ​ជីវិត​ប្រសើរឡើង​ទាំងស្រុង​។ កីឡាករ​មកពី​ខេត្ត​បូរី​រាំ បន្តថា​៖« ក្រោយ​ចប់ ៣​ទឹក គ្មាន​អ្នកណា​រំភើប​ជាង​ខ្ញុំ​ទេ ពេល​អាជ្ញាកណ្ដាល​លើកដៃ​ខ្ញុំ​។ ខ្ញុំ​ឈ្នះ​ការប្រកួត​នោះ​។ យ៉ាងណាក្ដី ឳ​ពុក​ម្ដាយ​ខ្ញុំ​ក៏​សប្បាយចិត្ត​ចំពោះ​ជ័យជម្នះ​របស់ខ្ញុំ​ដែរ តែ​ពួកគាត់​មិនបាន​គិតថា​ខ្ញុំ​នឹង​ក្លាយជា​កីឡាករ​ទេ​។ ខ្ញុំ​ក៏មាន​ប្រកួត​លើក​ទី​២ តែ​ខ្ញុំ​ចាញ់​ការប្រកួត​នោះ​»​។ 
 
​ស្ថិតក្នុង​កាលៈទេសៈ​ណា​ក្ដី ឪពុកម្ដាយ​បានគិត​ថា Sam-A នឹងមិន​បោះបង់​នោះឡើយ​ព្រោះតែ​ចិត្ត​គេច​ង់ និង ដក់ចិត្ត​ស្រលាញ់​ពេក ដើម្បី​ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក​។ ទីបំផុត ឳ​ពុក​ម្ដាយ​របស់ Sam-A ងាក​មក​ផ្ដល់​ការគាំទ្រ​គ្រប់បែបយ៉ាង​ពេញទី​ដោយ​ពួកគាត់​បាន​ជួល​គ្រូបង្ហាត់​ដល់​កូនប្រុស​តែម្ដង​។ កីឡាករ​វ័យ​៣៦​ឆ្នាំ​រៀបរាប់ថា​៖«​អ្វីៗ​មិនអាច​កើតចេញពី​គ្រួសារ​អ្នកមាន​ទាំងអស់​នោះទេ ប៉ុន្តែ​ឳ​ពុក​ម្ដាយ​របស់ខ្ញុំ​មានគុណ​ធំធេង គាត់​បីបាច់​ថែរក្សា​ខ្ញុំ និង យកចិត្តទុកដាក់​ខ្ញុំ​ណាស់ និង សម្រេច​បំណង​របស់ខ្ញុំ​។ យើង​មិនមាន​លុយ​ទិញ​សម្ភារ​ទំនើប ប៉ុន្តែ​ពួកគាត់​រៀបចំ​ឥ​វ៉ាន់​សម្រាប់​កីឡាប្រដាល់​ឲ្យ​ខ្ញុំ មាន​បាយ​សាក់​ចាស់​មួយ​ញាត់​ខ្សាច់​ចូល​ដើម្បី​ដាល់​និង ទាត់​។ ខ្ញុំ​បាន​ហាត់​រាល់ថ្ងៃ​ក្រោយ​ចេញពី​សាលា​។ មួយ​ថៃ​ជា​ជីវិត​របស់ខ្ញុំ​»​។ 
​លើសពីនេះទៅទៀត Sam-A បាន​ក្លាយជា​កីឡាករ​គំរូ​ល្អ​ម្នាក់ និង កំពុង​បង្ហាត់​ក្មេងៗ​ជំនាន់​ក្រោយ​នៅ​ក្លិប Evolve MMA នា​ប្រទេស​សិង្ហ​បុរី ជា​ប្រទេស​ដែល​គេ​រស់នៅ​បច្ចុប្បន្ន​។ ពេលនេះ Sam-A ក៏​នៅតែមាន​ការចាប់​គូប្រកួត​ជារឿយៗ​ដែរ​ព្រោះ​រូបគេ​ជា​កីឡាករ​ជាប់កិច្ចសន្យា​នៅ​សង្វៀន ONE Championship​។ 
 
​ដោយ​កើតចេញពី​គ្រួសារ​ក្រខ្សត់​មុន​ក្លាយជា​វីរបុរស​ម្នាក់​ក្នុង​ក្បាច់គុន​មួយ​ថៃ Sam-A បន្ត​ដើរ​តាម​វិថី​ដែល​ខ្លួន​ស្រលាញ់​ដដែល​គិត​ត្រឹម​អាយុ​៣៦​ឆ្នាំនេះ​។ Sam-A គូសបញ្ជាក់ថា​៖«​មួយ​ថៃ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់ខ្ញុំ​ឲ្យ​ល្អប្រសើរ​ឡើង​។ ខ្ញុំ​ជឿជាក់ថា​វា​នឹង​បន្ត​លើកទឹកចិត្ត​ដល់​កីឡាករ​ផ្សេងៗ​ដែល​បាន​ទស្សនាការ​ប្រកួត​របស់​ខ្ញុំ​»​។ 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF DRAGONS​នៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពី​ប៉េកាំង ចាប់ពី​ម៉ោង ៦ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com