ជាតិ
វីរជន​សិល្បៈ​ពី​គ្រប់​បណ្តា​ខេត្ត ប្រជុំគ្នា​ក្នុង​មហោស្រព​សិល្បៈ​ដើម្បី​សន្ដិភាព​
16, Nov 2019 , 7:59 pm        
រូបភាព
 រូប​ថត​វីរជនសិល្បៈ​លាក់​មុខ​ ក្នុង​ថ្ងៃ​តាំង​ពិព័រណ៍​រូប​ថត​របស់​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាពនៅ​ទី​ធ្លាIFL
រូប​ថត​វីរជនសិល្បៈ​លាក់​មុខ​ ក្នុង​ថ្ងៃ​តាំង​ពិព័រណ៍​រូប​ថត​របស់​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាពនៅ​ទី​ធ្លាIFL
​ភ្នំពេញ​៖ «​វីរជន​សិល្បៈ​លាក់​មុខ​» គឺជា​ឈ្មោះ​ពិព័រណ៍​រូបថត ដែល​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​បង្កើតឡើង ក្នុង​បំណង​បង្ហាញមុខ​សិល្បករ​មកពី​២៥​រាជធានី​-​ខេត្ត ឱ្យ​មហាជន​បាន​ស្គាល់​។ មិន​មែនមាន​ត្រឹមតែ​រូបថត​ឡើយ ប៉ុន្តែ​សិល្បករ​ផ្ទាល់​ក៏​មកជា​មួយ​ឧបករណ៍​ឯកទេស​របស់​ពួកគាត់​ដែរ​។



​វីរជន​សិល្បៈ​មាន​ទាំង​ខ្មែរ​កណ្ដាល និង​ខ្មែរលើ ឬ​ហៅថា​ជនជាតិដើម​ភាគតិច ព្នង ជង ទំពួន ជាដើម បាន​អង្គុយ​នៅ​ចំពោះមុខ​រូបថត​របស់​ពួកគាត់ រួមជាមួយ​ឧបករណ៍​ភ្លេង​ឯកទេស ក្រោម​ដើម​ជ្រៃ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ភាសាបរទេស​(IFL) ក្នុង​ថ្ងៃ​បើក​មហោស្រព​សិល្បៈ​ដើម្បី​សន្ដិភាព កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា​។ វីរជន​សិល្បៈ​ទាំងនោះ​សុទ្ធ​តែមាន​ជំនាញ​ផ្នែក​សិល្បៈ​បុរាណ ដូចជា​តន្ត្រីករ សិល្បករ​ផ្នែក​ចម្រៀង របាំ ជាដើម​។ ពិព័រណ៍ “​វីរជន​សិល្បៈ​លាក់​មុខ​”​នេះ បាន​បង្ហាញមុខ​សិល្បករ​និង​តន្ត្រីករ ដែល​ប្រឹងប្រែង​ថែរក្សា​សិល្បៈ​អត្តសញ្ញាណ​ប្រចាំ​ភូមិ ស្រុក ឬ​តំបន់​ដែល​ពួកគាត់​រស់នៅ ដែល​បន្សល់ទុក​តាំងពី​បុរាណ​។

 តន្ត្រីករ​ជន​ជាតិ​ដើម​​ភាគ​តិច​ទំពួន​កំពុង​សម្ដែង​ចាប៉ី​ឃ្លោក​ ក្នុង​មហោស្រព​ដើម្បី​សន្តិភាព

​អ្នកស្រី សូ ភី​ណា ប្រធាន​គម្រោង ”​វីរជន​សិល្បៈ​លាក់​មុខ​” បាន​បញ្ជាក់ថា​គោលបំណង​សំខាន់ ក្នុងការ​បង្កើតឱ្យមាន​កម្មវិធី​ពិព័រណ៍​នេះ គឹ​ដើម្បី​រំឭក​ដល់​វីរៈ​សិល្បករ​ទាំងអស់​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ក្នុងការ​ថែរក្សា​សិល្បៈ​វប្បធម៌​ជាតិ ប្រចាំ​ភូមិ​ស្រុក​របស់​ពួកគាត់​។ ក្នុង​មួយ​ខេត្ត​-​ក្រុង សិល្បករ​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​តែ​មួយរូប​តែប៉ុណ្ណោះ ដើម្បី​ជា​តំណាង​រាជធានី​-​ខេត្ត​ដែល​ពួកគាត់​រស់នៅ​។ 
 
​ប្រធាន​គម្រោង​រូបនេះ ថា​ពិព័រណ៍​នេះ​មាន​សារសំខាន់ សម្រាប់​សិល្បករ​ផ្ទាល់ រួមទាំង​មហាជន ហើយ​អ្នកស្រី​ពន្យល់​ដូច្នេះ​៖«​ពួកគាត់​ជា​សិល្បករ ជា​អ្នកដឹកនាំ​វប្បធម៌ និង​ជា​អ្នកធ្វើការ​ទៅលើ​វប្បធម៌​។ សិល្បករ​មួយចំនួន​គាត់​មាន​ជីវភាព​សមរម្យ ប៉ុន្តែ​សិល្បករ​មួយចំនួនទៀត គាត់​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ដែរ​។ យើង​រៀបចំ​កម្មវិធី​នេះ​ឡើង ព្រោះ​ចង់​បង្ហាញថា ពួកយើង​មិនបាន​បំ​ភ្លេង​នូវ​អ្វីដែល​គាត់​ប្រឹងប្រែង ដើម្បី​វប្បធម៌​នោះទេ​។ យើង​ចង់ឱ្យ​មហាជន​បាន​ស្គាល់​គាត់ បានដឹងថា​នៅ​ទីជនបទ ឬ​នៅ​ទីក្រុង​ក៏មាន​អ្នកថែរក្សា​សិល្បៈ​អត្តសញ្ញាណ​ដែរ​។ សិល្បករ​ទាំងអស់​គាត់​ប្រាប់ថា សិល្បៈ​បាន​ជួយ​ជីវភាព​គាត់​ខ្លះ​ដែរ ហើយ​វា​ក៏​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ស្គាល់​គាត់ »​។

  សិល្បករនិងតន្ត្រីករកំពុងសម្ដែងសិល្បៈដែលជាជំនាញរបស់ខ្លួន ក្នុងពិព័រណ៍វីរជនសិល្បៈលាក់មុខ ក្នុងមហោស្រពដើម្បីសន្តិភាព

​មហាជន​ក៏​អាច​សួរសុខទុក្ខ ឬ​សួរ​ពីអ្វី​ដែល​ពួកគេ​ចង់ដឹង ដូចជា​ជីវភាព​របស់​សិល្បករ ឬ​ពី​ស្ថានភាព​សិល្បៈ​ក្នុង​តំបន់​របស់​ពួកគាត់​រស់នៅ​ជាដើម​។ ក្រៅពី​ពិព័រណ៍ “​វីរជន​សិល្បៈ​លាក់​មុខ​” នៅ​ទីតាំង​តែមួយ​នេះ ក៏មាន​តាំងពិព័រណ៍​រូបថត​ដទៃទៀត បង្ហាញ​ពីសារ​អប់រំ​ផ្សេងៗ​គ្នា ដែល​ម្ចាស់​ស្នាដៃ​ចង់បង្ហាញ​ផងដែរ​៕ 
 
 

Tag:
 សិល្បៈ​
  វប្បធម៌​
 ​សិល្បករ​
 ​មហោស្រព​
© រក្សាសិទ្ធិដោយ thmeythmey.com