ជាតិ
លោក Steven Reiner៖ ឌីជីថលជឿនលឿន តែការទទួលព័ត៌មានមិនពិតកាន់តែច្រើន
× ខេត្តព្រះសីហនុ៖ ត្បិតយុគសម័យនេះ ប្រព័ន្ធឌីជីថលអនឡាញមានការជឿនលឿន និងងាយស្រួលក្នុងការទទួលបានព័ត៌មានក៏ដោយ ប៉ុន្តែការចែករំលែក និងការស្រូបយកព័ត៌មានមិនពិត ក៏កាន់តែច្រើនផងដែរ។ នេះជាការបញ្ជាក់របស់សាស្ត្រាចារ្យសារព័ត៌មានអាមេរិក លោក Steven Reiner។
នាពេលធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្តីពី «សេរីភាពភាពសារព័ត៌មាន៖ សារព័ត៌មានក្នុងការអភិវឌ្ឍ» ដែលរៀបចំដោយសារព័ត៌មានថ្មីៗ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោក Steven Reiner សាស្ត្រាចារ្យសារព័ត៌មាន និងសិល្បៈព័ត៌មាននៅមហាវិទ្យាល័យ Chapman សហរដ្ឋអាមេរិក បានបង្ហាញពីកង្វល់ទាក់ទងនឹងការរីករាលដាលព័ត៌មានមិនពិត ឬព័ត៌មានក្លែងបន្លំ។
លោក Steven អតីតផលិតករកម្មវិធី “60 Minutes” របស់ទូរទស្សន៍ CBS និងអតីតការីនិពន្ធរបស់សារព័ត៌មាន The Atlantic ផងដែរនោះ បានលើកឡើងថាពាក្យ Fake News ត្រូវបានគេ ប្រើប្រាស់ជាគោលដៅនៃការវាយប្រហារសារព័ត៌មានសេរី ដូច្នេះលោកមិនប្រើប្រាស់ពាក្យនេះ សំដៅលើព័ត៌មានក្លែងបន្លំ ឬព័ត៌មានមិនពិតនោះឡើយ។
តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard University សហរដ្ឋអាមេរិក ៦០ភាគរយនៃអ្នកចែករំលែកព័ត៌មានបន្តពីម្នាក់ទៅម្នាក់ មិនបានអានខ្លឹមសារព័ត៌មាននោះឡើយ ដោយលោក Steven លើកឡើងថា អ្នកចែករំលែកព័ត៌មានទាំងនោះ យកបេះដូងទៅវាយតម្លៃមុនខួរក្បាល។
លោក Steven បានថ្លែងទៅកាន់សិក្ខាកាមដែលជាអ្នកសារព័ត៌មានមូលដ្ឋានប្រមាណ៤០នាក់ យ៉ាងដូច្នេះថា៖«គ្រប់គ្នាទទួលព័ត៌ច្រើនលើសលស់ មានទាំងវ៉ិបសាយ មានប្លុក មានស្អីគ្រប់បែបយ៉ាង ដូច្នេះនៅពេលដែលព័ត៌មានច្រើនពេក យើងអត់ដឹងមួយណាគួរឲ្យទុកចិត្តបាននោះឡើយ»។
បញ្ហាទាំងនេះ តម្រូវឲ្យអ្នកសារព័ត៌មានពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនដើម្បីសាងជំនឿទុកចិត្តពីសំណាក់អ្នកអាន ដើម្បីរួមចំណែកទប់ស្កាត់ការចែករំលែកព័ត៌មានគ្មានការគិតពិចារណាក្នុងសម័យឌីជីថល៕
Tag:
ឌីជីថល
ព័ត៌មាន
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com