ONE Championship
កីឡាជាតិ
ជាតិ
ខុន ស៊ី​ចាន់ ថា​អាជ្ញាកណ្ដាល​គួរ​បញ្ឈប់​ការប្រកួត​ភ្លាមៗ ពេល Mainam វាយ​ចំ​ភ្នែក​ខ្លួន​
17, Nov 2019 , 9:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​គុន​ខ្មែរ និង គុន​ចម្រុះ ខុន ស៊ី​ចាន់ បាន​ប្រកួត​ចាញ់​កីឡាករ​ឥណ្ឌា Roshan Mainam ត្រឹម​ទឹក​ទី​១ ក្នុង​កម្មវិធី ONE: MASTERS OF FATE កាល​ថ្ងៃទី ៨ ខែ វិច្ឆិកា កន្លងទៅ​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ បន្ទាប់ពី​រង​បរាជ័យ​លើក​ទី​២​ត្រឹម​ទឹក​ទី​១​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ ONE Championship ក្នុង​ប្រភេទ​ទម្ងន់ Flyweight ស៊ី​ចាន់ បាន​បង្ហើប​រឿង​មិន​នឹកស្មាន​មួយ​ដែល​គិតថា​អាជ្ញាកណ្ដាល​គួរ​បញ្ឈប់​ការប្រកួត​ពេល​រូបគេ​ត្រូវ​គូប្រកួត​វ៉ៃ​ចំ​ភ្នែក​។

 
​ស៊ី​ចាន់ បាន​គូសបញ្ជាក់ថា ៖«​ខ្ញុំ​ស្រឡាំងកាំង ពេលដែល Roshan Mainam វ៉ៃ​ទៅហើយ​ដៃ​របស់គេ​មកចាក់​ភ្នែក​ខ្ញុំ​។ ខ្ញុំ​ក៏​រាដៃ​ក្រែងលោ​អាជ្ញាកណ្ដាល​ឃាត់​។ ខ្ញុំ​ក៏បាន​លើកដៃ​ជាស​ញ្ញា​ដែរ ប៉ុន្តែ​អាជ្ញាកណ្ដាល​អត់​បាន​ឃាត់​ទេ ស្រប​ពេលដែល​ខ្ញុំ​កំពុង​ឈឺភ្នែក Roshan ក៏​ឆ្លៀត​ឃ្លេ​ខ្ញុំ​យកឈ្នះ​តែម្ដង​»​។​


 
​គួររំលឹកថា មុន​ការប្រកួត ស៊ី​ចាន់ សុទ្ធតែ​បានដឹង​មុន​ហើយ​ថា Roshan Mainam ពូកែ​ខ្លាំង​ខាង​ចំបាប់ និង មិនអាច​មានប្រៀប​ឡើយ​បើសិន​ប្រកួត​ក្នុង​ជំហរ​ដេក ឬ លើ​ក្តា​រេញ​។ ទីបំផុត ស៊ី​ចាន់ នៅតែ​ភ្លាត់ស្នៀត​ចាញ់​ការចូលចាប់​បោក​របស់​កីឡាករ​ឥណ្ឌា​ខាងលើ​ទោះ​ដឹង​ល្បិច​រួចជាស្រេច​ទៅហើយ​ក្ដី​។ កីឡាករ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​បន្តថា ៖«​បង​ឃើញ​រូប​ច្បាស់​ហើយ ឬ​មើល​វីដេអូ​ក៏បាន គឺ​ពេលនោះ​ខ្ញុំ​រាដៃ​ដើម្បី​ឲ្យ​អាជ្ញាកណ្ដាល​មើល ហើយ ក៏​វា​អក​ហ្សឺ​ខ្ញុំ​ដែរ​។ ពេលនោះ Roshan ក៏​បង្អង់​បន្តិច មុនពេល​ឃ្លេ​ក​របស់ខ្ញុំ​។ ខ្ញុំ​គិតថា​ពេល​ខ្ញុំ​ធ្វើ​សកម្មភាព​លើកដៃ អាជ្ញាកណ្ដាល​អាច​បញ្ឈប់ ១ នាទី ឬ ២​នាទី​មុន​វ៉ៃ​ម្ដងទៀត​»​។ 
 
​ជាមួយគ្នា​នោះដែរ គ្រូបង្វឹក Alan Mccune ដែល​ដឹកនាំ ស៊ី​ចាន់ ទៅ​ប្រកួត​នៅ ONE Championship ជារឿយៗ បានលើកឡើង​ក្រោយ​បរាជ័យ​ថា ៖«​វា​ជា​កិត្តិយស​មួយ​ដែល ស៊ី​ចាន់ បាន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ យើង​បានបង្ហាញ​កម្លាំងចិត្តរ​បស់​យើង​នៅ​សង្វៀន​អន្តរជាតិ ONE​។ ខ្ញុំ​ផ្ទាល់ គ្រូបង្វឹក Fernando Salvador និង Chris kennedy ក៏​សម្ដែង​មោទនភាព​ដែល​បាន​ប្រកួត​ទល់នឹង​ជើង​ខ្លាំង Roshan​។  យើង​ឃើញ​មុខ​របស់ Roshan ឈឺចាប់​ខ្លះ ព្រោះ ស៊ី​ចាន់ ប៊ិះ​នឹង​អាច​ឃ្លេ​ក​ពីក្រោយ​ឲ្យ​កីឡាករ​ឥណ្ឌា​ចុះចាញ់​ទៅហើយ ប៉ុន្តែ​វា​ជាការ​ភ្លាត់​បន្តិច និង ធ្វើ​ឲ្យ Roshan រើចេញ​បាន​»​។ 



​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តឡែ​ន​សង្កត់ធ្ងន់ថា​៖« ស៊ី​ចាន់ ត្រូវចំ​ភ្នែក និង លើកដៃ​ជាស​ញ្ញា ហើយ ស៊ី​ចាន់ អត់​បាន​ផ្ដោតអារម្មណ៍​សោះ​មុនពេល Rohsan ឃ្លេ​ក​ផ្ដាច់​យកឈ្នះ​ទឹក​ទី​១»​។ ទោះជា​បែបណា​ក្ដី លោក Alan បាន​មើលឃើញថា កូនសិស្ស​របស់ខ្លួន​មាន​ភាព​រីកចម្រើន​ច្រើន​ក្នុងការ​ប្រកួត​នៅ​ជំហរ​ដែក ឬ ជំហរ​លើ​ក្តា​រេញ​។ ស៊ី​ចាន់ បាន​បោះជុំរុំ​ហ្វឹកហាត់​ប្រហែល​១​ខែ​មុន​ចេញទៅ​ប្រកួត​ដែល​បង្វឹក​ដោយ​លោក Fernando Salvador គ្រូបង្វឹក​ជី​ជិត​ស៊ូ​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់ និង លោក Chris Kennedy គ្រូបង្វឹក​ជី​ជិត​ស៊ូ​ខ្សែក្រវាត់​ពណ៌​ត្នោត​។ 
 
 
​ខុន ស៊ី​ចាន់ ជា​ម្ចាស់​ខ្សែក្រវាត់​ប្រកួត​ដាក់​ទ្រុង Khmer Warrior Challenge វគ្គ​១​កាល​ឆ្នាំ ២០១៣​។ សរុបមក​ត្រឹម​ពេលនេះ ស៊ី​ចាន់ ឡើង​សង្វៀន ONE Championship បាន​ចំនួន ៥ ដង​ក្នុងនោះ​ឈ្នះ ១ ដង និង​ចាញ់ ៤ ដង​។ ស៊ី​ចាន់ ចាញ់ មិត្ត​រួម​ជាតិ ស៊ឹម ប៊ុន​ស្រ៊ន់ កាល ONE រៀបចំ​នៅ​ខ្មែរ​ឆ្នាំ ២០១៥, ចាញ់ Yodsanan Sityodtong កាល​ពាក់កណ្ដាល​ឆ្នាំ ២០១៦ ប៉ុន្តែ ឈ្នះ Riski Umar នៅ​ឆ្នាំ ២០១៨ មុនពេល ចាញ់ Rudy Agustian នៅ​ដើមឆ្នាំ ២០១៩ នៅ​សិង្ហ​បុរី​នា​ទឹក​ទី​១ និង ចាញ់ Roshan Mainam​។ នេះ​ជា​លើក​ទី​២ ហើយ​ដែល ខុន ស៊ី​ចាន់ ចាញ់​ឃ្លេ​ក្នុង​ឆ្នាំ ២០១៩ ព្រោះ​ចាញ់​ឃ្លេ​ករ​បស់ Rudy Agustian  កាល​ខែ កុម្ភៈ​នៅ​ទឹក​ទី​១​ម្ដង​រួចមកហើយ​កាល​នៅ​សិង្ហ​បុរី​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF DRAGONS​នៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពី​ប៉េកាំង ចាប់ពី​ម៉ោង ៦ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com