ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្រី ហេង វណ្ណៈ ២០​ឆ្នាំ​ក្នុង​របរ​ធ្វើ​ត្រីងៀត​នៅ​ប៉ោយប៉ែត​
17, Nov 2019 , 9:59 am        
រូបភាព
​បន្ទាយមានជ័យ​៖ អស់​រយៈកាល​ប្រមាណ​២០​ឆ្នាំ​មកហើយ ដែល​គ្រួសារ​អ្នកស្រី ហេង វណ្ណៈ ចាប់យក​របរ​ធ្វើ​ត្រីងៀត​លក់​នៅលើ​ទីផ្សារ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ សព្វថ្ងៃ របរ​មួយ​នេះ​កាន់តែ​លូតលាស់​ល្អ ហើយ​របរ​នេះ​ជា​ចំណែក​សំខាន់​ក្នុងការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ដែលមាន​ប្រភព​ចេញពី​ជំរំ​មួយ​នេះ​។​

 
 
​នៅពេល​ព្រឹក​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់ នា​ថ្ងៃទី​១០ វិច្ឆិកា គ្រួសារ​អ្នកស្រី ហេង វណ្ណៈ ខ្លះ​កំពុង​ស្រកាត្រី ខ្លះ​កំពុង​វះ​ត្រី និង​ខ្លះទៀត​កំពុង​ប្រែ​ត្រី​នៅលើ​ធ្នើរ ដែល​ពោរពេញ​ដោយ​កំដៅថ្ងៃ​ល្អ​នា​រដូវរំហើយ​។ នៅក្នុង​រោង​មុខផ្ទះ អ្នកស្រី វណ្ណៈ​និង​កូនស្រី​កំពុង​អង្គុយ​ទល់មុខ​គ្នា​កោស​សាច់​ត្រី​ស្លាត​។ 


 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន អ្នកស្រី វណ្ណៈ ប្រាប់ថា បាន​ប្រក​បរបរ​នេះ​ប្រមាណ​២០​ឆ្នាំ​មកហើយ ហើយ​ក្នុង​មួយថ្ងៃ​អ្នកស្រី​ធ្វើ​ត្រីងៀត​លក់​ចំនួន ១៥០​គីឡូក្រាម ដោយ​មិន​រាប់បញ្ចូល​ត្រី​ស្លាត​ដែល​កោស​យកសា​ច់លក់​ទេ​។ ក្នុង​ត្រី​១៥០​គីឡូក្រាម ហាល​ជា​ងៀត​បាន​ត្រឹម​៦០​គីឡូក្រាម​តែប៉ុណ្ណោះ​។ នេះ​ជាការ​បញ្ជាក់​ពី​អ្នកស្រី វណ្ណៈ​។​


 
​មានកូន​៦​នាក់​ក្នុងបន្ទុក ស្ដ្រី​វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ​ប្រាប់ថា អ្នកស្រី​ចេញពី​ជំរំ​មក​រស់នៅ​ប៉ោយប៉ែត​នៅ​ឆ្នាំ​១៩៩៤ ហើយ​គ្មាន​ដីស្រែ​ចម្ការ​ធ្វើ​នឹង​គេ ទើប​ចាប់​របរ​ធ្វើ​ត្រីងៀត​លក់​។ អ្នកស្រី​មាន​តូប​លក់រាយ​នៅ​ផ្សារ ហើយ​អតិថិជន​តែង​សរសើរ​ពី​រសជាតិ​ត្រីងៀត​អ្នកស្រី​មិន​ដាច់​ពី​មាត់ និង​មាន​អតិថិជន​កាន់តែច្រើន​បាន​ទិញ​ត្រីងៀត​អ្នកស្រី​។​


 
​អ្នកស្រី វណ្ណៈ ប្រាប់​ពី​បច្ចេកទេស​ប្រលាក់ត្រី​ដើម្បីឱ្យ​ត្រីងៀត​មាន​រសជាតិ​ឆ្ងាញ់ ដោយ​ក្នុង​ត្រី​២០​គីឡូក្រាម ត្រូវដាក់​អំបិល​១​គីឡូក្រាម បើ​ចង់​ផ្អែម​ត្រូវដាក់​ស្ករ​២,៥​គីឡូក្រាម បើ​មិន​ចង់​ផ្អែម​ដាក់​ត្រឹម​២​គីឡូក្រាម​។ 


 
​ក្នុង​ត្រីងៀត​មួយ​គីឡូក្រាម អ្នកស្រី វណ្ណៈ លក់បាន​តម្លៃ ២២,០០០​រៀល ហើយ​ជា​រៀងរាល់ថ្ងៃ​ត្រី​អ្នកស្រី​លក់​អស់ៗ​គ្មាន​សល់​ឡើយ​៕
 

Tag:
 ត្រីងៀត​
  ប៉ោយប៉ែត​
  បន្ទាយមានជ័យ​
 ​ហេង វណ្ណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com