ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្រី ហេង វណ្ណៈ ២០ឆ្នាំក្នុងរបរធ្វើត្រីងៀតនៅប៉ោយប៉ែត
× បន្ទាយមានជ័យ៖ អស់រយៈកាលប្រមាណ២០ឆ្នាំមកហើយ ដែលគ្រួសារអ្នកស្រី ហេង វណ្ណៈ ចាប់យករបរធ្វើត្រីងៀតលក់នៅលើទីផ្សារក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃ របរមួយនេះកាន់តែលូតលាស់ល្អ ហើយរបរនេះជាចំណែកសំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារដែលមានប្រភពចេញពីជំរំមួយនេះ។
នៅពេលព្រឹកម៉ោងប្រមាណ១១ថ្ងៃត្រង់ នាថ្ងៃទី១០ វិច្ឆិកា គ្រួសារអ្នកស្រី ហេង វណ្ណៈ ខ្លះកំពុងស្រកាត្រី ខ្លះកំពុងវះត្រី និងខ្លះទៀតកំពុងប្រែត្រីនៅលើធ្នើរ ដែលពោរពេញដោយកំដៅថ្ងៃល្អនារដូវរំហើយ។ នៅក្នុងរោងមុខផ្ទះ អ្នកស្រី វណ្ណៈនិងកូនស្រីកំពុងអង្គុយទល់មុខគ្នាកោសសាច់ត្រីស្លាត។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន អ្នកស្រី វណ្ណៈ ប្រាប់ថា បានប្រកបរបរនេះប្រមាណ២០ឆ្នាំមកហើយ ហើយក្នុងមួយថ្ងៃអ្នកស្រីធ្វើត្រីងៀតលក់ចំនួន ១៥០គីឡូក្រាម ដោយមិនរាប់បញ្ចូលត្រីស្លាតដែលកោសយកសាច់លក់ទេ។ ក្នុងត្រី១៥០គីឡូក្រាម ហាលជាងៀតបានត្រឹម៦០គីឡូក្រាមតែប៉ុណ្ណោះ។ នេះជាការបញ្ជាក់ពីអ្នកស្រី វណ្ណៈ។
មានកូន៦នាក់ក្នុងបន្ទុក ស្ដ្រីវ័យជាង៤០ឆ្នាំរូបនេះប្រាប់ថា អ្នកស្រីចេញពីជំរំមករស់នៅប៉ោយប៉ែតនៅឆ្នាំ១៩៩៤ ហើយគ្មានដីស្រែចម្ការធ្វើនឹងគេ ទើបចាប់របរធ្វើត្រីងៀតលក់។ អ្នកស្រីមានតូបលក់រាយនៅផ្សារ ហើយអតិថិជនតែងសរសើរពីរសជាតិត្រីងៀតអ្នកស្រីមិនដាច់ពីមាត់ និងមានអតិថិជនកាន់តែច្រើនបានទិញត្រីងៀតអ្នកស្រី។
អ្នកស្រី វណ្ណៈ ប្រាប់ពីបច្ចេកទេសប្រលាក់ត្រីដើម្បីឱ្យត្រីងៀតមានរសជាតិឆ្ងាញ់ ដោយក្នុងត្រី២០គីឡូក្រាម ត្រូវដាក់អំបិល១គីឡូក្រាម បើចង់ផ្អែមត្រូវដាក់ស្ករ២,៥គីឡូក្រាម បើមិនចង់ផ្អែមដាក់ត្រឹម២គីឡូក្រាម។
ក្នុងត្រីងៀតមួយគីឡូក្រាម អ្នកស្រី វណ្ណៈ លក់បានតម្លៃ ២២,០០០រៀល ហើយជារៀងរាល់ថ្ងៃត្រីអ្នកស្រីលក់អស់ៗគ្មានសល់ឡើយ៕
Tag:
ត្រីងៀត
ប៉ោយប៉ែត
បន្ទាយមានជ័យ
ហេង វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com