ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​ចិន ផ្ដើម​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា នៅ​ដើមខែ​ធ្នូ​
16, Nov 2019 , 10:29 pm        
រូបភាព
រូបពីស្ថានទូតចិនប្រចាំកម្ពុជា
រូបពីស្ថានទូតចិនប្រចាំកម្ពុជា
ដោយ:
​ភ្នំពេញ​៖ ភាគី​កម្ពុជា និង​ចិន​នឹង​រៀបចំ​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង​ស្ដីពី​ការសិក្សា​លទ្ធភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ចិន និង​កម្ពុជា នៅ​ទីក្រុង​បេ​កាំ​ង នៅ​ថ្ងៃទី​៣​ខែធ្នូ​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​។​



​ស្ថានទូត​ចិន​បានលើកឡើង​ដូច្នេះ​ថា​៖«​នេះ​ជាការ​រៀបចំ​ដ៏​ពិ​សេសមួយ​នៃ​ភាគី​ចិន ដោយ​ផ្អែកលើ​ទំនាក់ទំនង​មិត្តភាព​រវាង​ចិន និង​កម្ពុជា​។ កន្លងមកនេះ ស្ថាប័ន​ពាណិជ្ជកម្ម​រវាង​ភាគី​ចិន និង​កម្ពុជា​បាន​បង្កើត​យន្តការ​ទំនាក់ទំនង​រួចជាស្រេច ដើម្បី​ជំរុញ​កិច្ច​ការដែល​ពាក់ព័ន្ធ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ល្អ​»​។​
 
​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា ថា ការរៀបចំ​កិច្ចប្រជុំ​នៅ​ខែធ្នូ​ខាងមុខនេះ ត្រូវធ្វើឡើង​បន្ទាប់ពី ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​ជួប​ជែក​ពី​លទ្ធភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)​នេះ នាពេល​កន្លងមក​។ លោក​ប្រាប់ទៀតថា គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម​របស់​កម្ពុជា នឹង​ទៅ​ពិភាក្សា​ជាមួយ​ភាគី​ចិន តាម​ការគ្រោងទុក​។​
 
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូបនេះ ចាត់ទុក FTA នេះ​ជា​ឱកាស​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​កម្ពុជា និង​ចិន​។ លោក ស៊ា​ង ថៃ បញ្ជាក់​ដូច្នេះ​ថា​៖«​នេះ​ជា​ជំហាន​ថ្មី​មួយ ដែល​ធ្វើ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ​ថែមទៀត ជាពិសេស​ជំរុញ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ​បន្ថែមទៀត ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​សរ​បស់​ប្រទេស​ទាំងពីរ​»​។​
 
​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៧០០៨ លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត​១​ពាន់​លាន ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៦០៤០​លាន​ដុល្លារ​។ ក្នុងនោះ កម្ពុជា​នាំចេញ​ទៅ​ចិន​ត្រឹម​ចំនួន ៨៦៤​លាន​ដុល្លារ ខណៈ​នាំចូល​ពី​ចិន​មកវិញ​ទំហំ ៦១៤៤​លាន​ដុល្លារ​។ នេះ​បើតាម​តួលេខ​ដែល​ទទួលបាន​ពី​លោក ស៊ា​ង ថៃ ។ 
 
​ជាការ​ពិត ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ខាងលើនេះ មាន​ឱនភាព​ខ្លាំង ពោលគឺ​កម្ពុជា​នាំ​ចេញទៅ​ចិន​តិចតួច បើ​ធៀប​នឹង​ការនាំ​ចូលមក​វិញ​រប​ស់​ចិន​។​
 
​តើ​កម្ពុជា​នឹង​ខាតបង់​មែន​ទេ បើ​ចុះ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​?
​លោក ស៊ា​ង ថៃ លើកឡើងថា FTA នេះ នឹងមិន​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​នោះឡើយ  តែ​ផ្ទុយទៅវិញ​នឹងធ្វើ​ឲ្យ​ចំណេញ តាមរយៈ​ការពង្រីក​ការនាំ​ចេញទៅ​ចិន​។ លោក​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ទទួលស្គាល់ថា​សព្វថ្ងៃ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ចិន គឺ​តិចតួច​ជាង​ចិន​នាំមក​កម្ពុជា​។ នៅពេលដែល​យើង​មាន FTA ចិន​ក្លាយជា​ទីផ្សារ​ធំ​របស់​យើង​ដែល​អាច​ឲ្យ​យើង​នាំចេញ​បាន​ច្រើនជាង​មុន អ៊ីចឹង​បាន​យើង​ខំ​ធ្វើ FTA នេះ​»​។ 
 
​លោក ស៊ា​ង ថៃ បន្ត​ដូចនេះ​ទៀតថា​៖«​សព្វថ្ងៃ​យើង​នាំ​ទំនិញ​ទៅ​ចិន ពិសេស​កសិផល វា​នៅជាប់​លក្ខខណ្ឌ​អនាម័យ និង​ភូតគាម​អនាម័យ​(SPS) ហើយ​មកដល់ពេលនេះ​យើង​បាន​ចុះ​MOU ជាមួយ​ចិន ទើ​បាន​៤​មុខ​ប៉ុណ្ណោះ ហើយ​យើង​ព្យាយាម​ចរចា​សម្រាប់​មុខទំនិញ​ច្រើន​ជាងនេះទៀត​។ អ៊ីចឹង​បើ​មាន FTA គឺ​យើង​អាច​នាំចេញ​បាន​ច្រើនជាង​មុន ព្រោះ​កាលណា​មាន FTA គឺ MOU ទាំងអស់នោះ គឺ​ត្រូវ​ចុះហត្ថលេខា​អស់ហើយ អាច​ចុះហត្ថលេខា​ជា​កញ្ចប់​»​។​
 
​បើតាម​លោក ស៊ា​ង ថៃ ភាគី​ទាំងពីរ​នឹង​ពិភាក្សាគ្នា​លើ​៤​ផ្នែក​សំខាន់​។ លោក​ពន្យល់​បែបនេះ​ថា​៖«​បង្កើត​កិច្ចព្រមព្រៀង​សេរី​នេះ គឺ​គ្របដណ្ដប់​លើ​វិស័យ​សំខាន់ៗ​ចំនួន​៣ រួមទាំង​វិស័យ​ផ្សេងៗ​១​ទៀត​។ ដូចនេះ ការចរចា​បើ​សម្រេច​លើ​វិស័យ​ណាមួយ គឺ​អត់​ទាន់​ជា​ពាណិជ្ជកម្ម​សេរី​នោះទេ  ពាណិជ្ជកម្ម​សេរី​ទាល់​តែមាន​វិស័យ​ទាំងអស់នេះ​។ ទី​១ គឺ​ពាណិជ្ជកម្ម​ទំនិញ ដែល​គេ​ចរចា​រឿង​កាត់​ពន្ធ​(​បន្ថយ ឬ​លុបចោល​) បញ្ហា​បច្ចេកទេស​របាំង​ទាំង​ពន្ធគយ និង​មិនមែន​ពន្ធគយ​ទាំងអស់​ហ្នឹង​។ ទី​២ គឺ​ចរចា​ផ្នែក​ពាណិជ្ជកម្ម​សេវាកម្ម ដែលមាន​ប្រហែល​១០៥ អនុវិស័យ​សេវាកម្ម​ក្នុងនោះ គឺ​គេ​ចរចា​អំពី​ការបើក​ទីផ្សារ​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​របៀប​ម៉េច​។ ទី​៣ ចរចា​ផ្នែក​វិនិយោគ តើ​វិស័យ​អ្វី​យើង​បើក​ឲ្យ​គេ​មក​ធ្វើ វិស័យ​អ្វីដែល​យើង​ហាមឃាត់ វិស័យ​អ្វីដែល​ត្រូវតែមាន​ខាងគេ​ខ្លះ ខាងយើង​ខ្លះ​។ ក៏ប៉ុន្តែ​កម្ពុជា​មិនមាន​បញ្ហា​អ្វី​នោះទេ​សម្រាប់​ការចរចា​ផ្នែក​វិនិយោគ ព្រោះ​កម្ពុ​ជាមាន​របប ឬ​ច្បាប់​វិនិយោគ គឺមាន​លក្ខណៈ​សេរី​ជាងគេ​ក្នុង​តំបន់​។ ទី​៤ គឺ​បញ្ហា​ផ្សេងៗ កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម​ផ្សេងៗ​»៕
 
 
 
 

Tag:
 ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​
  FTA
© រក្សាសិទ្ធិដោយ thmeythmey.com