ភ្នំពេញ៖ ថ្ងៃនេះ ពីរឆ្នាំមុន គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។ តុលាការបានសម្រេចរំលាយបក្សប្រឆាំងនេះ ក្រោមហេតុផលថា គណបក្សសង្គ្រោះជាតិ ពិតជាបានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលជាបដិវត្តពណ៌ ខុសច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
២ឆ្នាំមុន ក្រសួងមហាផ្ទៃ បានយកករណីរបស់លោក កឹម សុខា ដែលត្រូវបានសង្ស័យថាប្រព្រឹត្តអំពើក្បត់ជាតិ ទៅផ្សារភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិទាំងមូល ដើម្បីធ្វើជាភស្តុតាងដាក់ទៅតុលាការ។ ក្រសួងមហាផ្ទៃ យល់ថា គណបក្សសង្គ្រោះជាតិ ក៏អាចជាប់ទាក់ទងនឹងអំពើក្បត់ជាតិ ដូចលោក កឹម សុខា ដែរ ទើបបានជាសុំឲ្យតុលាការកំពូល រំលាយចោល ហើយថែមទាំងសុំឲ្យដកសិទ្ធិពីថ្នាក់ដឹកនាំគណបក្សប្រឆាំងដ៏ធំមួយនេះ ក្នុងការធ្វើនយោបាយថែមទៀត។ ថ្នាក់ដឹកនាំនយោបាយរបស់គណបក្សប្រឆាំង ចំនួន១១៨នាក់ ត្រូវបានតុលាការ សម្រេចផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ តាមសំណើរបស់ក្រសួងមហាផ្ទៃ។
តុលាការកំពូលដែលសម្រេចសាលក្រម កាលណោះមានសមាសភាពចៅក្រមកាត់ក្តីចំនួន៩រូប ដឹកនាំដោយលោក ឌិត មុន្ទី រួមទាំងសមាជិក ៨ រូប ផ្សេងទៀត មានលោក ជីវ កេង លោកឃឹម ប៉ុណ្ណ លោក យូរ ឧត្តរា លោក គង់ ស្រ៊ីម លោក គង់ តារាឆាត លោក សេង នាង លោកស្រី សែម សក្កិកូឡា និងលោកស្រី ចាំង ស៊ីណាត។ ចំណែកអគ្គព្រះរាជអាជ្ញាគឺលោកស្រី ជា លាង។
ទាំងការរំលាយបក្ស និងហាមសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំបក្សនេះ បានធ្វើឱ្យគណបក្សសង្គ្រោះជាតិ បាត់បង់សិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ដែរ។
២ឆ្នាំក្រោយនៃការរំលាយគណបក្សសង្គ្រោះជាតិ
ជាការពិតមិនអាចប្រកែកបានទេថា ការរំលាយគណបក្សសង្គ្រោះជាតិ បានធ្វើឱ្យសហគមអន្តរជាតិ ដែលយកចិត្តទុកលើបញ្ហានយោបាយនៅកម្ពុជា សម្លឹងមើលក្នុងកែវភ្នែកអវិជ្ជមាន និងរឹតតែមិនពេញចិត្តទៀតនោះ ចំពោះការបោះឆ្នោត ដែលគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់អន្តរជាតិ ដែលមិនគាំទ្រដល់សេចក្តីសម្រេចរបស់តុលាការ និងការបោះឆ្នោតនៅកម្ពុជា បានចេញជាបន្តបន្ទាប់ ប៉ុន្តែសុទ្ធតែត្រូវបានរដ្ឋាភិបាលច្រានចោល ដោយចាត់ទុកថា ជាការលូកដៃចូលកិច្ចការផ្ទៃក្នុង និងឯករាជ្យរបស់កម្ពុជា។ ដើម្បីសម្រួលស្ថានការណ៍បន្តិចនោះ រដ្ឋាភិបាលសម្ដេច ហ៊ុន សែន ដែលទទួលបានកៅអីរដ្ឋសភាទាំង១២៥នោះ បានស្នើទៅព្រះមហាក្សត្រ ដើម្បីផ្ដល់នីតិសម្បទានយោបាយឡើងវិញ ដល់មន្ត្រីគណបក្សសង្គ្រោះជាតិណា ដែលចង់ធ្វើនយោបាយឡើងវិញ។
គោលជំហររបស់មន្ត្រីគណបក្សប្រឆាំងដ៏ធំមួយនេះ ចាប់ផ្ដើមប្រែប្រួលរូបភាពថ្មី។ មានមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើន ដែលបានស្នើទៅសម្ដេច ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ជួយឱ្យពួកគេអាចធ្វើនយោបាយឡើងវិញ។ ក្នុងនោះរួមមាន លោក គង់ គាំ ,លោក គង់ បូរ៉ា ,លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ,លោក រៀល ខេមរិន្ទ្រ ,លោក អ៊ូ ច័ន្ទរ័ត្ន ,លោក កង គឹមហាក់ ,លោក ជីវ កត្តា ,លោក ច័ន្ទ សិលា និងលោកស្រី ទេព សុទ្ធី ជាដើម។ ការសុំសិទ្ធិធ្វើនយោបាយនេះ ត្រូវបានគេមើលឃើញថា ពួកគេបានអនុវត្តផ្ទុយពីការអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង ដែលប្រាប់ឱ្យពួកគេមិនត្រូវសុំសិទ្ធិធ្វើនយោបាយវិញឡើយ។
ក្រោយសុំសិទ្ធិធ្វើនយោបាយវិញ លោក គង់ គាំ សម្រេចទៅចូលរួមសកម្មភាពនយោបាយជាកូនប្រុសខ្លួនម្នាក់ទៀត គឺលោក គង់ មូនីកា ដែលប្រធានគណបក្សឆន្ទៈខ្មែរ ខណៈលោក គង់ បូរ៉ា ដែលជាកូនប្រុសលោក គង់ គាំ នោះ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពេលសម្រេចចិត្តសុំធ្វើនយោបាយវិញហើយនោះ លោក គង់ គាំ ក៏តែងតែចេញមុខរិះគន់ពីផលអវិជ្ជមាននៃការដឹកនាំរបស់លោក សម រង្ស៊ី មិនតិចដែរ។
ចំណែកលោក រៀល ខេមរិន្ទ ក៏សម្រេចចិត្តទៅបង្កើតគណបក្សថ្មី ដែលមានឈ្មោះថា «គណបក្សខ្មែរអភិរក្សនិយម» ដោយអះអាងថា ការសុំសិទ្ធិធ្វើនយោបាយនេះ ដោយសារតែខ្លួនចង់ជួយដោះស្រាយបញ្ហាសង្គម ខណៈដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ ទាំងនេះ មិនទាន់រាប់បញ្ចូលមន្ត្រីថ្នាក់មូលដ្ឋានរបស់បក្សប្រឆាំងមួយនេះ ដែលទៅចូលរួមសកម្មភាពនយោបាយជាមួយគណបក្សផ្សេងៗទៀតផង។
ដ្បិតមានអ្នកអនុវត្តផ្ទុយពីមេដឹកនាំខ្លួនក្តី ប៉ុន្តែក៏នៅតែមានអ្នកតស៊ូស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា ដែរ។ មន្ត្រីដែលនៅតស៊ូជាមួយលោក សម រង្ស៊ី នៅក្រៅប្រទេសនោះ មានលោក អេង ឆៃអ៊ាង លោក គង់ សភា លោក តុប វ៉ាន់ចាន់ លោកស្រី មួរ សុខហួរ រួមទាំងមន្ត្រីដែលធ្លាប់រួមរស់ជាមួយ«គណបក្ស សម រង្ស៊ី» (បច្ចុប្បន្នបានប្ដូរឈ្មោះមកគណបក្សភ្លៀងទាន) ជាច្រើនរូបទៀត។ អ្នកទាំងនោះ ខំប្រឹងប្រែងស្រែករិះគន់រាល់សកម្មភាព និងការដឹកនាំរបស់រដ្ឋាភិបាលពីក្រៅប្រទេស។ ជាពិសេសដើរជួបមន្ត្រីទូត និងអន្តរជាតិនៅខាងក្រៅ ដើម្បីឱ្យពួកគេជួយដោះស្រាយបញ្ហានយោបាយនៅកម្ពុជា។
«របបហ៊ុន សែន ផ្ដាច់ការ»។ នេះជាពាក្យដែលក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេសស្រែករិះគន់រដ្ឋាភិបាលកម្ពុជា។
ងាកចេញពីក្រុមលោក សម រង្ស៊ី គេក៏សង្កេតឃើញដែរនូវសកម្មភាពរបស់ក្រុមមន្ត្រីរបស់លោក កឹម សុខា ដែលមកពី«គណបក្សសិទ្ធិមនុស្ស» ។ ពួកគេទាំងនេះ ហាក់មានភាពស្ងប់ស្ងាត់បន្ដិច ដោយមិនសូវនិយាយអ្វី ដែលប៉ះពាល់ដល់រដ្ឋាភិបាលនោះទេ ក្រោយពីគណបក្សសង្គ្រោះជាតិរំលាយ ហើយលោក កឹម សុខា កំពុងស្ថិតនៅក្នុងក្រោមបទចោទ «សន្ឋិដ្ឋិនិយមជាមួយបរទេស»។ មន្ត្រីនយោបាយរបស់លោក កឹម សុខា អនុវត្តតាមគោលនយោបាយអហិង្សា ផ្សះផ្សាជាតិ និងដោះស្រាយបញ្ហាដោយសន្តិវិធី តាមគោលការណ៍របស់លោក កឹម សុខា។
«អ្នកអហិង្សានិយម តែងតែបញ្ជាក់ពីគោលការណ៍ខ្មែរតែមួយ នៅតែមានឆន្ទៈឥតប្រែប្រួល ប្រាថ្នាចង់ឱ្យមានការផ្សះផ្សាជាតិ និងការបង្រួបបង្រួមជាតិ»។ លោក យ៉ែម បុញ្ញឫទ្ធិ និងលោក មុត ចន្ថា មន្ត្រីស្និទ្ធលោក កឹម សុខា តែងតែសម្រង់សម្តីមេដឹកនាំខ្លួនបែបនេះ។
ដោយសារសកម្មភាពស្ងៀមស្ងាត់របស់លោក កឹម សុខា បែបនេះ ទើបតុលាការសម្រួលលក្ខខណ្ឌឃុំខ្លួនឱ្យលោក អាចដើរចេញផ្ទះ ទៅកាន់គ្រប់ទីកន្លែងនៅប្រទេសកម្ពុជា លើកលែងតែធ្វើសកម្មភាពនយោបាយ និងចេញទៅក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ ប្រកាសបិទការស៊ើបសួរលើករណីលោក កឹម សុខា ពីបទ «សន្ឋិដ្ឋិនិយមជាមួយបរទេស»នេះដែរ។
លោក កឹម សុខា បានជួបទូតបរទេស៨នាក់ហើយ រូមមាន ទូតបារាំង ទូតអាមេរិក ទូតអាល្លឺម៉ង់ ទូតអូស្ត្រាលី ទូតជប៉ុន ទូតអង់គ្លេស ទូតស្វីស និងទូតសហភាពអឺរ៉ុប ហើយនឹងបន្តជួបទូតដទៃទៀតដែរ ក្រោយទទួលបានការសម្រួលលក្ខខណ្ឌពីតុលាការនេះ។ «ខ្ញុំសង្ឃឹមថា តទៅថ្ងៃមុខ កម្ពុជា នឹងដើរទៅរកផ្លូវផ្សះផ្សាជាតិ ដែលនាំមកនូវការអភិវឌ្ឍ យុត្តិធម៌ សេរីភាពពេញលេញដល់ខ្មែរគ្រប់និន្នាការ និងលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ»។ នេះជាការលើកឡើងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលបានសរសរលើហ្វេសប៊ុកខ្លួន កាលពីថ្ងៃទី ១៥ វិច្ឆិកា មួយថ្ងៃមុនខួបពីរឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ៕