អន្តរជាតិ
លោក ត្រាំ ទាមទារតូក្យូឲ្យចំណាយលុយលើយោធា៤ដងបន្ថែមទៀត? ប្រធានាធិបតីដូណាល់ ត្រាំ (ឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នៅAkasaka Palace ទីក្រុងតូក្យូ ,រូបភាព៖ Reuter
× ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានស្នើឲ្យជប៉ុនបង់វិភាគទានយោធាច្រើនជាងមុន ៤ដង ដើម្បីផ្គត់ផ្គង់មូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន។ នេះបើតាមការអះអាងរបស់មន្ត្រីអាមេរិក និងអតីតមន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ព័ត៌មាន Foreign Policy។
ទីក្រុងវ៉ាស៊ីនតោន បានស្នើឲ្យរដ្ឋាភិបាលទីក្រុងតូក្យូបន្ថែមវិភាគទានយោធាបន្ថែមទៀត សម្រាប់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុន។ ពោលគឺ ត្រូវបន្ថែម ៤ដងច្រើនជាងមុន។ ជាក់ស្តែងកិច្ចព្រមព្រៀងរវាងអាមេរិក និងជប៉ុន ដែលមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០២១ តម្រូវឲ្យជប៉ុនចំណាយត្រឹមតែ ២ពាន់លានដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានទាមទារឲ្យជប៉ុន បង្កើនថវិកាយោធារហូតដល់ ៨ពាន់លានដុល្លារឯណោះ សម្រាប់យោធាអាមេរិកជាង ៥ម៉ឺននាក់។
ការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន គឺធ្វើឡើងតាំងពីខែកក្កដាមកម្លេះ។ ក្នុងដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងក្នុងខែកក្កដា លោក Jonh Bolton អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក និង លោក Matt Pottinger នាយកក្រុមប្រឹក្សាសន្តិសុខជាតិប្រចាំតំបន់អាស៊ី គឺជាអ្នកនាំសំណើមួយនេះទៅប្រាប់មន្ត្រីជប៉ុន។ នេះបើតាមការអះអាងរបស់មន្ត្រីអាមេរិក និងអតីតមន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ព័ត៌មាន Foreign Policy។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានច្រានចោលរបាយការណ៍ ដែលបានចុះផ្សាយដោយព័ត៌មាន Foreign Policy។ ក្នុងនោះ អ្នកនាំពាក្យបានអះអាងថា ការចុះផ្សាយខាងលើ គឺជារឿងមិនត្រឹមត្រូវ ហើយវាក៏គ្មានការចរចាណាមួយរវាងអាមេរិក និងជប៉ុន លើកិច្ចព្រមព្រៀងថ្មីនេះដែរ។ ចំណែកអ្នកតំណាងរដ្ឋាភិបាលអាមេរិក មិនទាន់ឆ្លើយតបភ្លាមៗទេ ។
សូមបញ្ជាក់ ការបង់វិភាគទានយោធានេះ អាមេរិកបានដាក់សម្ពាធទៅលើសម្ពន្ធមិត្តរបស់ខ្លួនជាច្រើន។ ជាក់ស្តែង លោកត្រាំ បានទទូចឲ្យកូរ៉េខាងត្បូង ចំណាយថវិកាយោធាបន្ថែមទៀត លើមូលដ្ឋានទ័ពអាមេរិក ដើម្បីប្រឆាំងទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង៕
Tag:
ដូណាល់ ត្រាំ
អាមេរិក
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com