ជាតិ
តើ«ដំណាំចំណីសត្វ» គឺជាអ្វី? រូបភាព Capture ពីឯកសាររបស់នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល
×
ដោយ៖ ផាត ដាណេ
ភ្នំពេញ៖ កសិករចិញ្ចឹមសត្វ លែងឲ្យវាដើរស៊ីដោយសេរី ទៀតហើយ ពីព្រោះ ចំនួនសត្វកើន ផ្ទៃដីដាំដុះត្រូវពង្រីក ហើយវាលចំណីសត្វមានការថយចុះ។ ដូច្នេះ កសិករមិនអាចលែងសត្វឲ្យស៊ីតាមសេរី ទៀតបានទេ។ កសិករភាគច្រើនត្រូវចំណាយថវិកា ដើម្បីទិញស្មៅ ហើយពេលខ្លះកសិករត្រូវតែកាត់បន្ថយ ចំនួនសត្វចិញ្ចឹមផងដែរ។ ក្នុងនោះ«ដំណាំចំណីសត្វ» គឺជាដំណោះស្រាយសាមញ្ញ និងសមស្របមួយសម្រាប់កសិករ។ តើដំណាំចំណីសត្វ គឺជាអ្វី?
ដំណាំចំណីសត្វ គឺជាពពួកស្មៅ, ពពួកលេហ្គីមវា និងពពួករុក្ខជាតិលេហ្គីម ឬចុល្លព្រឹក ដែលគេដាំថែទាំ ស្រោចទឹក, បោចស្មៅចង្រៃសម្រាប់ប្រើប្រាស់ជាចំណីសត្វ។ ពពួកដំណាំចំណីសត្វ ភាគច្រើនត្រូវបាននាំចូលពីបរទេសដែលបានឆ្លងកាត់ការវាយតម្លៃ ដោយមានការចូលរួមពីកសិករ, អ្នកផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវ ដែលមានបទពីសោធលើលក្ខណៈរបស់ដំណាំនេះ ដែលសមស្របសម្រាប់ដាំនៅតំបន់ត្រូពិក។
ដំណាំចំណីសត្វ ដែលត្រូវបានណែនាំឲ្យកសិករដាំ គឺជាប្រភេទចំណីដែលមានការដាំដុះលូតលាស់លឿន, ទិន្នផលខ្ពស់សមស្របទៅនឹងលក្ខណៈសណ្ឋានដី, អាកាសធាតុនៅក្នុងប្រទេសកម្ពុជា និងសម្បូរទៅដោយសារធាតុចិញ្ចឹមផងដែរ។
បន្ថែមពីនេះ គុណប្រយោជន៍នៃដំណាំចំណីសត្វ គឺបង្កើនជីជាតិដីតាមរយៈប្រភេទដំណាំចំណីសត្វ និងជីលាមកសត្វកើនឡើង។ ដំណាំនេះ ក៏ផ្ដល់ដល់សត្វនូវបរិមាណ និងគុណភាពចំណីតាមកម្រិតអាហាររូបត្ថម្ភផងដែរ។ ដំណាំចំណីសត្វមួយចំនួន អាចជួយគ្រប់គ្រងបរិស្ថានបានល្អ (ជាគម្របដីការពារដីហូរច្រោះ បង្កើនជីវជាតិដី និងបំផ្លាញស្មៅចង្រៃ)។ ជាពិសេស ការដាំដំណាំចំណីសត្វ គឺចំណេញពេលវេលា ថវិកាចំណាយក្នុងការស្វែងរក ឬទិញស្មៅសម្រាប់សត្វ ជួយកសិករផ្លាស់ប្ដូរពីការចិញ្ចឹមសត្វបែបយថាផល និងមកមានការគ្រប់គ្រងល្អ៕
(សារព័ត៌មានថ្មីៗ ដកស្រង់ចេញពីឯកសាររបស់នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល)
© រក្សាសិទ្ធិដោយ thmeythmey.com