ជាតិ
អ្នកស្រី អ៊ុយ លតា​វណ្ណ​៖«​ពេល​កូន​ខ្មែរ​ត្រូវបាន​បណ្ដុះ​ស្មារតី​ពី​ក្មេង សិល្បៈ​វប្បធម៌​ជាតិ​នឹង​រឹងមាំ​
16, Nov 2019 , 5:39 pm        
រូបភាព
​ភ្នំពេញ​៖ គឺជា​គ្រូបង្រៀន​សិល្បៈ​ផ្នែក​ល្ខោន​យីកេ អ្នកស្រី អ៊ុយ លតា​វណ្ណ សង្កត់ធ្ងន់ថា ដើម្បីឱ្យ​ក្មេងជំនាន់ក្រោយ​ស្រឡាញ់​និង​លើក​ត​ម្កើ​ត​សិល្បៈ​វប្បធម៌​ជាតិ គ្រួសារ​មាន​តួនាទី​សំខាន់បំផុត​ក្នុងការ​បណ្ដុះ​ស្មារតី​ពួកគេ​តាំងពី​កុមារ​ម្ល៉េះ​។ លើកឡើង​បែបនេះ បន្ទាប់ពី​គ្រូសិល្បៈ​រូបនេះ បាន​សង្កេតឃើញថា​ជន​ជាតិខ្មែរ​មួយចំនួន ជាពិសេស​យុវជន​នាពេល​បច្ចុប្បន្ន ហាក់​មិន​អើពើ​ពី​តម្លៃ​ញើស​ឈាម​របស់​ដូនតា​។



​តទៅ​នេះ​សូម​តាមដាន​ស្ដាប់​ជីវ​ព័ត៌មាន​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
«​សំខាន់បំផុត​គឺ​ការអប់រំ​នៅក្នុង​សង្គម​គ្រួសារ​។ ដូច្នេះ​បើ​ឪពុកម្ដាយ​អប់រំ​កូនចៅ​ឱ្យ​ស្រឡាញ់​សិល្បៈ​វប្បធម៌​ជាតិ ដូចជា​ស្រឡាញ់​ចម្រៀង​ខ្មែរ របាំ​ខ្មែរ ល្ខោន​ខ្មែរ គឺ​ត្រូវ​បណ្ដុះ​ពី​តូចៗ​មក​។
ប៉ុន្តែ​គ្រួសារ​ខ្លះ​បណ្ដុះ​កូន​ឱ្យ​ស្រឡាញ់​តែ​អ្វី​ដែលជា​បរទេស ភាគច្រើន​តែម្ដង​តាម​ខ្ញុំ​សង្កេតមើល​។ យើង​បណ្ដុះ​ឱ្យ​គាត់​ស្គាល់​វប្បធម៌​ខ្មែរ​ពី​តូច​ហើយ យើង​ត្រូវ​អប់រំ​គាត់​បន្ថែមទៀត​»​។​
​ទាំងនេះ​ជា​ក្ដីសង្ឃឹម​តែមួយ ដែល​អ្នកស្រី អ៊ុយ លតា​វណ្ណ យល់ថា​មាន​ប្រសិទ្ធភាព​អាច​ទាញ​ចិត្ត​កុមារ​ដែល​នឹង​ក្លាយជា​យុវជន​នា​ថ្ងៃ​អនាគត ឱ្យ​ភ្ជាប់​បេះដូង​ទៅនឹង​សិល្បៈ​វប្បធម៌​ជាតិ​។ 
 
​រំ​ភើច​ចិត្តនឹង​ខ្សែភាពយន្ត​បរទេសមួយ ដែល​បាន​ចូលរួម​បណ្ដុះ​ស្មារតី​ជនរួមជាតិ ឱ្យ​ស្រឡាញ់​សិល្បៈជាតិ គ្រូសិល្បៈ​វ័យ​៦៨​ឆ្នាំ​រូបនេះ​បាន​សួរ​ទៅ​ម្ដាយ​ឪពុក​ជនជាតិខ្មែរ​ថា តើ​ធ្លាប់បាន​ប្រើ​ភាសារ​នោះ​ទៅកាន់​កូន​របស់ខ្លួន​ដែរឬទេ​?៖«​ភាពយន្ត​ឥណ្ឌា​មួយ​គេ​អប់រំ​ឱ្យ​ស្រឡាញ់​សិល្បៈ​វប្បធម៌​ជាតិ​។ ឪពុក​កូនស្រី​គាត់​ប្រដៅ​កូន​គាត់ និង​ឱ្យ​កូន​គាត់​ទៅ​រៀន​របាំ​ឥណ្ឌា​។ គាត់​ពន្យល់​កូន​គាត់​ថា ស្រី​ឥណ្ឌា​បើ​មិនចេះ​រាំ​របាំ​ឥណ្ឌា​ទេ មិនមែនជា​ស្រី​ឥណ្ឌា​ឡើយ​។ ពាក្យ​នេះ​មានន័យ​ទូលំទូលាយ​ណាស់​។ ខ្ញុំ​ស្រឡាញ់​ពាក្យ​នេះ​មែនទែន​។ ពេលធ្វើ​បទ​បង្ហាញ​ខ្ញុំ​តែងតែ​លើក​ពាក្យ​នេះ​យកមក​និយាយ ហើយ​ខ្ញុំ​ប្រៀបប្រដូច​ថា តើ​ឪពុកម្ដាយ​ខ្មែរ​ធ្លាប់​មានគំនិត​បែបនេះ​ទេ ដើម្បី​អប់រំ​កូនចៅ​ឱ្យ​ស្រឡាញ់​សិល្បៈ​វប្បធម៌​ជាតិ​»?

 អ្នក​ស្រី​ អ៊ុយ លតាវណ្ណ គ្រូ​ឯក​ទេស​ល្ខោន​និយាយ

​អង្គុយ​ក្រោយ​ឆាក​សម្ដែង​សិល្បៈ​បុរាណ ក្នុង​បរិវេន​សារមន្ទីរ​ជាតិ​ភ្នំពេញ ស្ត្រី​ដែល​ស្មោះស្ម័គ្រ​និង​សិល្បៈ​បុរាណ​ជិត​៥០​ឆ្នាំ​រូបនេះ ស្ងើចសរសើរ​ពី​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ ដែលមាន​សម្បូរបែប ដោយ​អ្នកស្រី​លើក​តែ​ក្នុង​តន្ត្រី​មក​បង្ហាញ ដោយមាន​ភ្លេងបុរាណ​ខ្មែរ​កំពុង​ហាត់​សម​អម​ផង​៖«​សូម្បីតែ​តន្ត្រី​ក៏​ខ្មែរ​មាន​សម្បូរបែប​ដែរ​។ ពិធីមង្គលការ​មាន​ភ្លេង​ប្រពៃណី បុណ្យ​សាសនា​មាន​ពិណពាទ្យ ហើយ​ពិណពាទ្យ​ហ្នឹង​គេ​យកទៅ​ប្រើ​ក្នុង​របាំ​ក្បាច់​ខ្មែរ​បុរាណ​។ បញ្ជាន់​អារក្ខ គេ​មាន​ភ្លេង​សម្រាប់​អារក្ខ​។ ហើយ​ក្នុង​ពិធីជប់លៀង មាន​ចម្រៀង​មហោរី​។ ហែសព និង​កំដរ​សព មាន​ភ្លេង​ផ្សេងទៀត និង​មាន​ច្រើន​ទៀត​។ ដូនតា​យើង​ខំ​បង្កើត​ទុក​ឱ្យមក យើង​គួរតែ​ខំ​រក្សា ខំ​លើកស្ទួយ​»​។​
 
​ទោះជា​យ៉ាងណា​គ្រូសិល្បៈ​ដែល​កើត​ក្នុង​គ្រួសារ​គ្រូបង្រៀន​រូបនេះ សង្កេតឃើញថា​យុវជន​មួយចំនួន បាន​ប្រមូលគ្នា​ជា​ក្រុម​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​សិល្បៈ​អត្តសញ្ញាណ​ជាតិ តែ​ទោះជា​យ៉ាងណា អ្នកស្រី​ថា​ចំនួន​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​៖«​ឥឡូវនេះ​មាន​យុវជន​ខិតខំ​ធ្វើ​កម្មវិធី​ដែល​និយាយ​ពី​សិល្បៈ​វប្បធម៌​ជាតិ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​។ ប៉ុន្តែ​ក្នុង​ចំនួន​១០០​នាក់ បានត្រឹមតែ​២០​នាក់​។ ទោះជា​យ៉ាងណា​ខ្ញុំ​សរសើរ​គាត់ ដែលមាន​មនសិការ​ស្នេហា​ជាតិ​»​។ 
 
​បច្ចុប្បន្ន​ជា​មន្ត្រីរាជការ​ចូលនិវត្តន៍ អ្នកស្រី លតា​វណ្ណ ដឹង​ច្បាស់​ថា​គាត់​មាន​ឧបនិស្ស័យ​ខាង​សិល្បៈ​តាំងពីក្មេង ក៏ប៉ុន្តែ​ជា​អកុសល​អ្នកស្រី​មិន​ទទួលបាន​ការលើកទឹកចិត្ត​ពី​ម្ដាយ​ឡើយ​៖«​នៅ​ពី​ក្មេង​ខ្ញុំ​ហាក់ដូច​ជាមាន​ឧបនិស្ស័យ​ខាង​សិល្បៈ​។ ពេល​ខ្ញុំ​ស្ដាប់​រឿង​ព្រះ​នាង​ព្រឹល​ស​តាម​វិទ្យុ ហើយ​ខ្ញុំ​ទៅ​ទិញ​សៀវភៅ​៣០០​ទំព័រ​យកមក​គូររូប ហើយ​ខ្ញុំ​ដាក់​ពាក្យពេចន៍​ឆ្លងឆ្លើយ បន្ទាប់មក​មិត្ត​ភ័ក្ដិ​និង​ចាស់ៗ គាត់​ខ្ចី​យកទៅ​មើល​។ ប៉ុន្តែ​ម្ដាយ​របស់ខ្ញុំ​គាត់​មិនឱ្យ​ខ្ញុំ​គូរ​ទេ គាត់​ឱ្យ​ខ្ញុំ​ខំរៀន​។ ទំនេរ​ពេល​ថ្ងៃ​ខ្ញុំ​ចេះតែ​គូរ ប៉ុន្តែ​ម្ដាយ​ខ្ញុំ​គាត់​ចេះតែ​វ៉ៃ​»​។

  សិល្បករ​ល្ខោន​ស្បែក ថត​រូប​អនុស្សាវរីយ៍ ក្រោយ​សម្ដែង​នៅ​សមាគម​សុវណ្ណ​ភូមិ

​អ្នកស្រី​បន្ថែម​ទាំង​សម្ដី​ញាប់​ហាក់​មាន​អំណរ​ក្នុង​ចិត្ត​៖«​ម៉ែ​គាត់​វៃ​ខ្លាំងពេក​ទៅ​ខ្ញុំ​ក៏​បោះ​បង់ការ​គូរ​នោះ​ចោល​ទៅ​។ ខ្ញុំ​ក៏​ចេះ​ច្រៀង​ដែរ ហើយ​គ្រូ​គាត់​ឧស្សាហ៍​ហៅ​ខ្ញុំ​ឱ្យទៅ​ច្រៀង​ឱ្យ​មិត្ត​ភ័ក្ដិ​ស្ដាប់​។ នៅ​ឆ្នាំ​មួយ​នោះ​វិទ្យាល័យ​ដែល​ខ្ញុំ​រៀន គេ​បើក​ប្រឡង​ចម្រៀង​សម័យ ខ្ញុំ​ក៏​ទៅ​ប្រឡង​ជាប់​លេខ​១​។ ខ្ញុំ​ស្រឡាញ់​សិល្បៈ​ណាស់ ពេល​ឃើញ​ព្រះអង្គម្ចាស់​បុប្ផា​ទេវី​ទ្រង់​រាំ​អប្សរា​ដែល​គេ​ថត​ដាក់​កាសែត ខ្ញុំ​កាត់​រូប​ទាំងនោះ​យកមក​ទុក​ហើយ​»​។ 
 
​មិន​ទទួលបាន​ការលើកទឹកចិត្ត​ពី​ម្ដាយ​ឪពុក ក៏​ព្រោះតែ​ពាក្យ​ខ្លាច​គេ​រិះគន់​៖«​សាច់ឈាម​ខាង​ម្ដាយ​របស់ខ្ញុំ​គាត់​ចេះ​សិល្បៈ​ទាំងអស់​។ ប៉ា​របស់ខ្ញុំ​ក៏​ចេះ​ភ្លេង​ដែរ តែ​គាត់​មិនឱ្យ​ខ្ញុំ​ចូល​សិល្បៈ​ទេ​។ ចាស់ៗ​ខ្មែរ​យើង​ពី​ដើម​ប្រកាន់​ណាស់​ព្រោះ​ខ្លាច​គេ​រិះគន់​។ ជីដូន​ទួត​របស់ខ្ញុំ​គឺជា​នាដកា​របាំ​នៅក្នុង​វាំង គាត់​ជា​អ្នកបើក​ក្រាំង​ល្ខោន​ហ្លួង​។ គាត់​ទៅ​សម្ដែង​រហូត​ប្រទេស​បារាំង និង​ប្រទេស​អង់គ្លេស ហើយ​ពេលនោះ​ខ្ញុំ​មិនទាន់​កើត​ទេ តែ​បាន​ជីដូន​និង​ម្ដាយ​របស់ខ្ញុំ​ប្រាប់​»​។​
 
​ទោះជា​យ៉ាងណា សង្គ្រាម​ខ្មែរក្រហម​បាន​ជំរុញ​ឱ្យ​នារី​កូនច្បង ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពុងចាម​រូបនេះ អាច​ប្រឡូក​ក្នុង​សិល្បៈ​បុរាណ​បាន​៖«​ខ្មែរក្រហម​វៃ​ខ្លាំងពេក​ប្លោង​ចូល​វិទ្យាល័យ​ដែល​ខ្ញុំ​រៀន ប៉ា​ក៏​បញ្ជូន​ខ្ញុំ​ឱ្យមក​រៀន​នៅ​ភ្នំពេញ​។ ឪពុកមា​របស់ខ្ញុំ​គាត់​ផ្នែក​ភ្លេង​នៅ​សាលា​វិចិត្រ ហើយ​គាត់​ក៏​ឱ្យ​ខ្ញុំ​ប្រឡង​ចូល​សិល្បៈ​ផ្នែក​ល្ខោន​យីកេ​។ ពេល​ខ្ញុំ​ប្រឡង​ជាប់​ហើយ ម្ដាយ​ឪពុក​មិន​បន្ទោស​ទេ​»​។

 សិល្បករសម្ដែងសិល្បៈទម្រង់​ល្ខោន​យីកេដុំកង់ នៅ​ឆាក​សម្ដែង​សិល្បករគោក​ធ្លោក

​ស្ត្រី​ដែលមាន​បងប្អូន​១៣​នាក់​រូបនេះ​អះអាងថា អ្នកស្រី​ទទួលបាន​ចំណេះដឹង​សិល្បៈ​យីកេ​ច្រើន​ពី​ព្រឹទ្ធាចារ្យ ឆេង ផុន ៖«​កាល​ខ្ញុំ​នៅ​រៀន​ខ្ញុំ​ពូកែ​ខាង​អក្សរសិល្ប៍ ខ្ញុំ​ក៏​យកចំណេះ​នោះមក​និពន្ធ និង​ដឹកនាំ​រឿង​ដោយ​ខ្លួនឯង ពេល​ប្រឡង​កាល​ឆ្នាំ​៧០​។ ដល់​ក្រោយ​បែក​សង្គ្រាម ព្រឹទ្ធាចារ្យ ឆេង ផុន គាត់​បើក​វគ្គ​សិក្សា​បង្រៀន​អំពី​របៀប​តែង​និពន្ធ និង​រើស​ខ្លឹមសារ​រឿង ពេលនោះ​ខ្ញុំ​យល់បាន​កាន់តែច្រើន​»​។​
 
​មាន​ទឹកមុខ​ញញឹម​ជាប់ អ្នកស្រី អ៊ុយ លតា​វណ្ណ ហាក់​ឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​រឿងបុរាណ ដោយ​ខំ​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ដំឡើង​ជាថ្មី​៖«​កន្លងមក​ខ្ញុំ​ធ្វើ​តែ​រឿងបុរាណ​ទេ ព្រោះ​យីកេ​ស៊ី​នឹង​រឿងបុរាណ​។ ខ្ញុំ​និពន្ធ​រឿង​ថ្មី​បែប​បុរាណ​ក៏បាន​ដែរ ប៉ុន្តែ​ខ្ញុំ​នឹក​ឃើញថា​រឿងបុរាណ​ខ្មែរ​យើង​ច្រើនណាស់ ដូច្នេះ​យើង​ត្រូវ​គាស់កកាយ​រឿង​ណា​ដែល​យើង​អាច​ច្នៃ​ខ្លឹមសារ ឱ្យ​ទាក់ទង​នឹង​ការអប់រំ​ល្អ​»​។ 

 សិល្បករ​កំពុង​សម្ដែង​តន្ត្រីបុរាណ ក្នុង​បរិវេណ​សាលា​វចនា

​ទោះជា​យ៉ាងណា​គ្រូបង្រៀន​សិល្បៈ​ល្ខោន​យីកេ​រូបនេះ ចង់ឱ្យ​យុវជន​និង​ប្រជាជន​ខ្មែរ គិត​ឡើងវិញ​ពី​តម្លៃ​ញើស​ឈាម​ដូនតា​ខ្មែរ ដែល​ខំ​បង្កើត​ទម្រង់​សិល្បៈ​ឱ្យ​កើតជា​វប្បធម៌​សម្គាល់​ជាតិ រហូតមកដល់​បច្ចុប្បន្ន​៖«​ក្នុងនាម​យើង​ជា​កូន​ខ្មែរ យើង​ត្រូវតែ​ចេះ​ស្រឡាញ់​អ្វី​ដែលជា​របស់​ខ្មែរ​យើង កុំឱ្យ​ចាប់យក​របស់គេ ហើយ​បោះចោល​របស់​ខ្លួនឯង ព្រោះ​សិល្បៈ​វប្បធម៌​ជាតិ​វា​ជា​ព្រលឹង​។ បើ​យើង​ចាប់យក​របស់គេ ហើយ​មិនបាន​គិតពី​របស់ខ្លួន​ឯង ប្រៀបដូចជា​យើង​បំភ្លេច​ខ្លួនឯង​ចោល បោះ​ព្រលឹង​ខ្លួនឯង​ចោល​។ យើង​ត្រូវ​គិតថា​ដូនតា​របស់​យើង​ខំ​បង្កើត​វប្បធម៌​មក គឺ​ទុក​មរតក​ហ្នឹង​ឱ្យ​យើង​។ យើង​មាន​មរតក​ដែលមាន​តម្លៃ​ធ្វើឱ្យ​អន្តរជាតិ​ទទួលស្គាល់ ដូច្នេះ​យើង​ត្រូវតែ​ជួយ​លើកស្ទួយ ជួយ​ថែរក្សា​ទាំងអស់គ្នា​ទើប​វា​អាចរ​ស់បាន​»៕ 


​សម្ដេច​ព្រះ​រាម​បុប្ផា​ទេវី ថត​រូប​ជា​មួយ​នាដកានិង​នាដករបាំ​បុរាណ

Tag:
 សិល្បៈ​
 ​វប្បធម៌​
  យីកេ​
 ​ល្ខោន​
 ​ខ្មែរ​
  ស្មារតី​
 ​សិល្បៈជាតិ​
 
© រក្សាសិទ្ធិដោយ thmeythmey.com