ជាតិ
រដ្ឋមន្ដ្រី​ទេសចរណ៍​ជំរុញ​ឱ្យ​វិស័យ​ពាក់ព័ន្ធ​រួមគ្នា​ប្រែ​បញ្ហា​ទេសចរណ៍​សៀមរាប​ឱ្យទៅជា​ឱកាស​
18, Nov 2019 , 7:59 am        
រូបភាព
​សៀមរាប​៖ ស្រប​ពេលដែល​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​មាន​ស្ថានភាព​មិនសូវ​ល្អ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានស្នើ​វិស័យ​ពាក់ព័ន្ធ​គ្រប់ផ្នែក ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​កែប្រែ​ស្ថានការណ៍​មិនល្អ​ទៅជា​ឱកាស​។ ក្នុងន័យនេះ លោក​រដ្ឋមន្ត្រី​ទេសចរណ៍​ចង់ឱ្យមាន​ការផ្សព្វផ្សាយ ពង្រីក​គោលដៅ​ទេសចរណ៍ និង​ធ្វើឱ្យ​គុណភាព​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ជាទី​គាប់ចិត្ត​សម្រាប់​ភ្ញៀវទេសចរ​។ ជាមួយនេះ លោក ថោង ខុន ប្ដេជ្ញា​ថា​នឹង​ធ្វើឱ្យ​ខេត្តសៀមរាប​ដែលជា​គោលដៅ​ទេសចរណ៍​លេខ​មួយ​របស់​កម្ពុជា ឱ្យមាន​ភាព​ទាក់ទាញ និង​ប្រកបដោយ​និរន្ដរភាព​ទាំង​តំបន់​ប្រាសាទ តំបន់​ទីក្រុង និង​តំបន់​ទន្លេសាប​។​




​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




​ស្ថានភាព​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​មិនសូវ​ល្អ​សោះ​នា​ចុងឆ្នាំ​២០១៨ និង​ក្នុង​ឆ្នាំ​២០១៩​នេះ​។ របាយការណ៍​ពី​ក្រសួងទេសចរណ៍​បាន​បង្ហាញថា ចំនួន​ភ្ញៀវទេសចរ​ទូទាំងប្រទេស​នៅតែមាន​ស្ថាន​ភាពល្អ តែ​ធ្លាក់ចុះ​នៅ​ខេត្តសៀមរាប ដែលជា​អត្រា​មួយ​គួរឱ្យ​ព្រួយបារម្ភ​។ រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ទេសចរ​អន្ដរជាតិ​មក​កម្សាន្ត​ខេត្ត​សៀម​រា​មាន​ជាង​១​លាន​២​សែន​នាក់ ថយចុះ​ជាង​១០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។​


ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទព្រះខ័ននាអំឡុងដើមខែ វិច្ឆិកា ឆ្នាំ២០១៩

​ដូច​ធ្លាប់​លើកឡើង​នាពេល​មុនៗ លោក ថោង ខុន ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ដើម្បី​ពង្រឹងគុណភាព សេវាកម្ម​ទេសចរណ៍​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​៤ វិច្ឆិកា លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ភ្ញៀវទេសចរ​នៅ​សៀមរាប​ថយចុះ​បន្ដិច​ដែល​បណ្ដាលមកពី​ឥទ្ធិពល​ធំ​ពី​ខាងក្រៅ នោះ​គឺ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ដែល​កន្លងមក​កម្ពុជា​ធ្លាប់​ជួប​ច្រើនដង​មកហើយ​។ លោក​រដ្ឋមន្ត្រី​ពន្យល់ថា​៖«...​យើង​បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​៣​ដង គឺ​នៅ​ឆ្នាំ​១៩៩៧ ឆ្នាំ​២០០៨ និង​នៅពេលនេះ ១០​ឆ្នាំ​ដល់​ម្ដង​ឬ​ជាង​១០​ឆ្នាំ​ម្ដង នេះ​ជា​រឿង​មួយ រឿង​មួយទៀត​នៅ​សៀមរាប​ក៏ដូចជា​ទូទាំងប្រទេស​និង​ទូទាំង​ពិភពលោក វា​ប៉ះពាល់​មុនគេ​ទៀត​នៅ​ឆ្នាំ​២០០៣ ការផ្ទុះ​ឡើង​នៃ​ជំងឺសារ ពេលនោះ​ស្ងាត់​(​ភ្ញៀវ​) ជាង​វិបត្តិ​សេដ្ឋកិច្ច​ទៀត តាម​ព្រលាន​ស្ងាត់ មាន​យន្តហោះ​មក តែ​គ្មាន​មនុស្ស​ជិះ​...»​។​


​មិនមែន​មានតែ​ខេត្តសៀមរាប​ទេ​ដែល​រង​ផលប៉ះពាល់​បណ្ដាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក តាម​ការពន្យល់​របស់​រដ្ឋមន្ត្រី​ទេសចរណ៍ បណ្ដា​ប្រទេស​មួយចំនួន​មាន​ថៃ វៀតណាម ឥណ្ឌូណេស៊ី ក៏​កំពុង​ពើបប្រទះ​បញ្ហា​នេះដែរ​។ សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើឱ្យ​លុយ​យ័ន​ធ្លាក់​ថ្លៃ រីឯ​ដំណើរ​កម្សាន្ដ​ក្រៅ​ស្រុក​របស់​ប្រជាជន​ចិន ក៏មាន​ការថយចុះ​ដែរ​។


​ខុសពី​បណ្ដា​ខេត្ត​ក្រុង​ដទៃ ខេត្តសៀមរាប​ពឹង​ទាំងស្រុង​លើ​វិស័យ​ទេសចរណ៍​។ នៅ​រាជធានី​ភ្នំពេញ​ទេសចរ​កើនឡើង​ដោយសារ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ពាណិជ្ជកម្ម រីឯ​ក្រុងព្រះសីហនុ​ក៏​ដូចគ្នា គឺ​អ្នក​ធុរកិច្ច​នៅតែមាន​ការចេញចូល​ច្រើន​ជាធម្មតា​។

​នៅ​ចំពោះ​អ្នកចូលរួម​ប្រមាណ​៥០០​នាក់ លោក ថោង ខុន បានលើកឡើង​ពី​ចំណុច​ល្អ និង​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​មន្ត្រី​កម្ពុជា​គួរ​កែប្រែ ដើម្បី​ទាក់ទាញ​ទេសចរ​ឡើងវិញ​។ លោក​រដ្ឋមន្ត្រី​បាន​លើក​ករណី​មន្ត្រី​អន្ដោប្រវេសន៍​នៅ​ព្រលានយន្តហោះ ដែល​ធ្វើឱ្យ​រអាក់រអួល​ដល់​អារម្មណ៍​ទេសចរ និង​ការពន្យារពេល​ពួកគេ​។​ល​។ លោក​រដ្ឋមន្ត្រី​ឱ្យ​មន្ត្រី​ទាំងនោះ កែប្រែ​អាកប្បកិរិយា​ឡើងវិញ ត្រូវ​រៀនសូត្រ​ពី​ការគ្រប់គ្រង​ការងារ​ពី​ប្រទេស​អភិវឌ្ឍន៍​ផ្សេងៗ​ដើម្បីឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​មានការ​រីកចម្រើន​។ លោក ថោង ខុន ប្រាប់ថា ចង់ឱ្យ​ទេសចរណ៍​រីកចម្រើន ត្រូវការ​ការចូលរួម​ពី​បុគ្គល​គ្រប់រូប​។​

​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​រុស្ស៊ី លោក កែវ សុភៈ​លីន ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ​ដែរនោះ​បានឱ្យដឹងថា ការដាក់​ឱ្យមាន​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ស្វែងរក​គោលដៅ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចង់ទៅ​កម្សាន្ត​នៅ​តំបន់​គោលដៅ​នីមួយៗ​។ លោក សុភៈ​លីន ចង់ឱ្យមាន​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដើម្បី​ភាពងាយស្រួល​ដល់​ទេសចរ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​

​លោក សុភៈ​លីន ទទួលស្គាល់​ពី​ការធ្លាក់ចុះ​ទេសចរ​មកកាន់​ខេត្តសៀមរាប ក្នុងនោះ​ទេសចរ​ជនជាតិ​រុស្ស៊ី​មានការ​ថមថយ​ជាង​ឆ្នាំមុនៗ​ដែរ​។ យ៉ាងណាក៏ដោយ ក្នុងនាម​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយរូប លោក សុភៈ​លីន ប្រាប់ថា ចង់ឃើញ​អ្នកធ្វើការ​ក្នុង​វិស័យនេះ​យល់​ពី​តួនាទី ក្នុងនោះ​ត្រូវ​ផ្សព្វផ្សាយ​ឬ​ចែករំលែក​ចំណេះដឹង​ល្អៗ​ពី​កម្ពុជា​ដល់​ទេសចរ ជាជាង​ចែករំលែក​ចំណុច​ខាត​ឬ​មិន​ចំណេញ​ពី​កម្ពុជា នាំឱ្យមាន​សតិអារម្មណ៍​ដល់​ទេសចរ​ដែល​មករក​ការសប្បាយរីករាយ​ពី​កម្ពុជា​។​


​លោក សុខ​ណា មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន រំពឹងថា ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ជួយ​ស្ដារ​ស្ថានការណ៍​ពេលនេះ​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ​។ ដូច​លោក​រដ្ឋមន្ត្រី​ដែរ កត្ដា​ដែលនាំឱ្យ​ទេសចរ​ចិន​ធ្លាក់ចុះ​នោះ គឺ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​ធ្វើឱ្យ​ទីផ្សារ​ទេសចរណ៍​គ្រប់​ប្រទេស​មាន​បញ្ហា តែ​ប្រទេស​ខ្លះ​បាន​ខិតខំ​សង្គ្រោះ​ស្ថានការណ៍​មិនឱ្យ​អាក្រក់​ខ្លាំង ដូចជា​ប្រទេស​ថៃ​ដែលមាន​ការលើកលែង​ទិដ្ឋាការ​ជាដើម​។​


​ចំណែក​លោក គង់ សម្បត្តិ មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ដែរនោះ យល់ថា ការធ្លាក់ចុះ​ចំនួន​ទេសចរ​ចិន​នៅ​សៀមរាប មាន​ផលប៉ះពាល់​ដល់​មគ្គុទ្ទេសក៍​មួយចំនួន តែ​សម្រាប់​មគ្គុទ្ទេសក៍​ដែលមាន​វិជ្ជាជីវៈ និង​បទពិសោធន៍ នៅតែមាន​ភ្ញៀវ​ដើរ​ដដែល​។ លោក សម្បត្តិ ចង់ឃើញ​មគ្គុទ្ទេសក៍​ចិន​ទាំងអស់​ចេះ​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឱ្យបាន​ល្អប្រសើរ​។​


​មិន​ខុសពី​លោក សុភៈ​លីន ទេ លោក សម្បត្តិ ប្រាប់ថា អ្វីដែល​លោក​អាចជួយ​ស្រោចស្រង់​ស្ថានការណ៍​ទេសចរណ៍​នៅពេលនេះ​បាន គឺ​មគ្គុទ្ទេសក៍​ត្រូវមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ មានចំណេះដឹង​គ្រប់គ្រាន់​សម្រាប់​ប្រាប់​ភ្ញៀវ​។ ជាងនេះទៅទៀត​នោះ គឺ​មិនគួរ​និយាយ​រឿង​មិនល្អៗ​ដែលនាំឱ្យ​ខាត​ប្រយោជន៍​ឱ្យ​ទេសចរ​ឮ​ឡើយ​។


​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ប្រាប់ថា បញ្ហា​ដែល​ខេត្តសៀមរាប​កំពុង​ជួបប្រទះ​នេះ​គឺ​ត្រូវការ​ការចូលរួម​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​។ ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍​ធំជាងគេ​នៅ​កម្ពុជា បើទោះបី​មាន​បញ្ហា​ថយចុះ​ក៏ពិតមែន ប៉ុន្តែ​ត្រូវ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​ឱកាស ត្រូវ​រួមគ្នា​ដើម្បី​ដោះស្រាយ ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម​គ្រប់បែបយ៉ាង​។ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្ដរជាតិ​ក្រសួង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ដូច្នេះ​ទៅ​អនាគត​វា​នឹង​ជួយ​ឱ្យ​ខេត្ត​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ប្រកបដោយ​និរន្ដរភាព​។ នេះ​ជា​អ្វីដែល​លោក​រដ្ឋមន្ត្រី​រំពឹងទុក​៕


Tag:
 ទេសចរណ៍​
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com