ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
បារាំងកំពុងសិក្សាពីលទ្ធភាពផលិតអគ្គិសនីដើរដោយថាមពលខ្យល់នៅភ្នំបូកគោ
× ស្របពេលដែលតម្រូវការថាមពលអគ្គិសនីនៅកម្ពុជា មានការកើនឡើងជាលំដាប់ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលដើរដោយខ្យល់ របស់ប្រទេសបារាំង បង្ហាញពីបំណង វិនិយោគនៅកម្ពុជា។
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីនេះ ឈ្មោះ Blue Circle មកពីប្រទេសបារាំង ដែលមានជំនាញ ក្នុងការផលិតអគ្គិសនីដើរដោយថាមពលខ្យល់ បានចាប់អារម្មណ៍ និងសិក្សាពីលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា ដោយជាជម្រើសដំបូង អាចដាក់ទីតាំងនៅតំបន់ភ្នំបូកគោ ខេត្តកំពត បន្ទាប់ពីបានសិក្សាពីទីតាំងរួចម្ដងហើយកាលពីដើមឆ្នាំ។
Blue Circle ជាក្រុមហ៊ុនដ៏ធំមកពីប្រទេសបារាំង ហើយក្រសួងបានចេញលិខិតអនុញ្ញាតឱ្យគាត់ សិក្សានៅក្នុងខេត្តកំពត គឺនៅបូកគោ ហើយនិងខេត្តមណ្ឌលគីរី ប៉ុន្តែផ្អែកតាមភាពជាក់ស្ដែងនៅតំបន់បូកគោ មានសក្តានុពលល្អជាង ហើយខាងក្រុមហ៊ុន អាចនឹងវិនិយោគនៅតំបន់នេះ ដែលអនុគ្រោះដល់ខេត្តកំពតក្នុងការប្រើប្រាស់។
បើតាមលោក វ៉ិចទ័រ ហ្សូណាអគ្គនាយកថាមពល ក្រសួងរ៉ែនិងថាមពល កាលពីពេលកន្លងមកបានឱ្យដឹងថា ក្នុងគម្រោងរបស់ក្រុមហ៊ុនអាចមានលទ្ធភាព ក្នុងការផលិតរហូតដល់ប្រមាណ ៨០ មេហ្គាវ៉ាត នៅក្នុងជំហានដំបូង។
ក្រៅពីមានបំណងវិនិយោគលើវិស័យអគ្គិសនីហើយនោះ បារាំងតាមរយៈ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងបានថ្លែងថា ក្រុមហ៊ុនបារាំង មានបំណងវិនិយោគ ទឹកស្អាតនៅក្នុងខេត្តព្រះសីហនុ ដោយសារតែគម្រោងវិនិយោគកើនឡើងយ៉ាងគំហុក នៅខេត្តព្រះសីហនុ ធ្វើឲ្យខេត្តមួយនេះ ប្រឈមទៅនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ផងដែរ។
បើតាមក្រុមហ៊ុន Blue Circle ប្រទេសកម្ពុជាអាចបង្កើតថាមពល រហូតដល់៥០០មេហ្កាវ៉ាត់ ពីទួរប៊ីនខ្យល់ ដែលបច្ចុប្បន្នក្រុមហ៊ុននេះ មានការវិនិយោគលើកសិដ្ឋានខ្យល់ នៅក្នុងប្រទេសថៃ និងវៀតណាម។
គួររំលឹកថា កាលពីឆ្នាំ២០១៨ ប្រទេសកម្ពុជាបានប្រើប្រាស់ថាមពលចំនួន ២,៦៥០ មេហ្កា វ៉ាត់ កើនឡើង ១៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ក្នុងនោះថាមពលអគ្គិសនីចំនួន ៤៤២ មេហ្គាវ៉ាត់ ត្រូវបាននាំចូលពីប្រទេសថៃវៀតណាម និងឡាវក្នុងឆ្នាំ២០១៨៕
(ប្រភព៖https://www.realestate.com.kh/km/news/france-to-study-the-possibility-of-wind-power-plant-in-the-bokor-mountain/)
© រក្សាសិទ្ធិដោយ thmeythmey.com