អន្តរជាតិ
នយោបាយអន្តរជាតិ
អ្នកស្លាប់ដោយសារវិបត្តិនយោបាយនៅបូលីវីកើនដល់ជាង២០នាក់ មនុស្សស្លាប់ជាបន្តបន្ទាប់នៅបូលីវី ដោយសារបាតុម្មនយោបាយ។ រូបថត AFP
× មកដល់ថ្ងៃអាទិត្យនេះ មនុស្ស៤នាក់បន្ថែមទៀតបានស្លាប់ក្នុងបាតុកម្មនយោបាយនៅបូលីវី ដែលនាំឲ្យចំនួនឡើងដល់២៣នាក់។ នេះបើតាមការផ្សាយរបស់ AFP ដោយយោងតាមតួលេខដែលផ្តល់ដោយគណៈកម្មាធិការអន្តរជាតិអាមេរិកស្តីពីសិទ្ធិមនុស្ស (IACHR)។
ចំនួនអ្នកស្លាប់៤នាក់បន្ថែមទៀតនេះ ត្រូវបានប្រកាសជាផ្លូវការ បន្ទាប់ពីបាតុករ៥នាក់ ដែលទើបតែបានបាត់បង់ជីវិតផងដែរ កាលពីថ្ងៃសុក្រ ក្រោយការប៉ះទង្គិចជាមួយកងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃសុក្រ។ យោងតាម IACHR ដែលមានមូលដ្ឋាននៅវ៉ាស៊ីនតោន ចំនួនអ្នករងគ្រោះដោយគិតចាប់តាំងពីថ្ងៃសុក្រ មាន១២២នាក់។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា លោក Evo Morales បានសម្រេចលាលែងពីតំណែង ក្រោយបាតុកម្មតវ៉ាចាប់ផ្តើមពីថ្ងៃទី២១ ខែតុលា មក។ លោក Morales បានរត់ភៀសខ្លួនទៅប្រទេសម៉ិកស៊ិក ដោយសារតែលោកលែងទទួលបានការគាំទ្រពីកម្លាំងយោធា។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពក៏មិនចប់នោះដែរ។ មួយថ្ងៃក្រោយការចាកចេញរបស់លោក Morales លោកស្រី Jeanine Anez បានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន ដោយត្រៀមរៀបចំការបោះឆ្នោតសារជាថ្មី ប៉ុន្តែលោកស្រី បានផាត់ចោលបេក្ខភាពរបស់លោក Morales។
បាតុកម្មតវ៉ារបស់អ្នកគាំទ្រលោក Morales ក៏បានបន្តកើតឡើងជាបន្តបន្ទាប់ ដែលនាំឲ្យមានការបង្ក្រាប ហើយបណ្តាលឲ្យមនុស្សស្លាប់ និងរបួសកាន់តែច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com