ជាតិ
«សណ្តែកសៀង»ជាដំណាំដែលពិបាករក្សាគ្រាប់ពូជឲ្យមានគុណភាពល្អ រូបភាព Capture ពីសៀវភៅណែនាំស្ដីពីការដាំដុះដំណាំចម្ការនៅក្នុងប្រទេសកម្ពុជា (ដំណាំសណ្តែកសៀង) បោះពុម្ពផ្សាយដោយ ACIAR, ២០១២
×
ដោយ៖ ផាត ដាណេ
ភ្នំពេញ៖«សណ្ដែកសៀង» គឺជាដំណាំមួយប្រភេទដែលមិនធន់ទៅនឹងភាពរាំងស្ងួត ដូចដំណាំចម្ការផ្សេងៗទៀតទេ ដូចជាសណ្ដែកដី សណ្ដែកបាយ និងល្ង។ គេបានណែនាំថា កសិករត្រូវផ្សើមដីឲ្យមានជម្រៅយ៉ាងហោចណាស់ ៣០សង់ទីម៉ែត្រ មុនធ្វើការដាំដុះ ព្រោះជាតម្រូវការ។ សណ្ដែកសៀង គួរតែត្រូវគេដាំនៅលើដីល្បាប់ ដោយសារតែដំណាំនេះ ត្រូវការទឹកដើម្បីបង្កើនទិន្នផលនិងគុណភាពឲ្យបានអតិបរមា ភាគច្រើនកសិករត្រូវដាំនៅចុងរដូវវស្សាពីខែមិថុនា ទៅខែសីហា ជាពេលដែលមានភ្លៀងធ្លាក់ច្រើន។
គ្រាប់ពូជសណ្ដែកសៀង មិនត្រូវរក្សាទុកក្នុងជម្រកក្នុងរយៈពេលយូរទេ ព្រោះវាតែងតែបាត់បង់ដំណុះនិងកម្លាំងក្នុងការលូតលាស់ (Vigour) បន្ទាប់ពីរយៈពេលតែ ២-៣ខែ។ ក្នុងនោះ ល័ក្ខខណ្ឌរក្សាទុកក្រោយពេលប្រមូលផលសម្រាប់គ្រាប់សណ្ដែកសៀងនៅប្រទេសកម្ពុជា គឺជាបញ្ហាដ៏ធំមួយ ដោយបរិក្ខារជាច្រើនមិនល្អ ដើម្បីរក្សាគ្រាប់ពូជឲ្យមានគុណភាពខ្ពស់។ ម្យ៉ាងទៀត វាមានសារៈសំខាន់ ដោយធ្វើសាកល្បងនូវដំណុះនឹងភាពរឹងមាំ (Vigour) របស់គ្រាប់ពូជមុនធ្វើការដាំដុះ។ ដើម្បីធ្វើការនេះជាដំបូង ត្រូវពិនិត្យមើលគ្រាប់ពូជ ថាតើមានស្នាមខូចខាតដោយអាកាសធាតុ ជំងឺ ឬក៏មានការបំផ្លាញលើទ្រុងទ្រាយគ្រាប់ពូជ។
ក្នុងរយៈពេលពីរសប្ដាហ៍មុនធ្វើការដាំដុះ សាកល្បងដំណុះគ្រាប់នៅក្នុងដី ឬដីខ្សាច់។ កសិករត្រូវជ្រើសពូជគ្រាប់ដោយចៃដន្យចំនួន ៤០០គ្រាប់ ហើយដាក់វានៅជម្រៅ ៥សង់ទីម៉ែត្រ នៅលើដីដែលបានរៀបចំរួច នៅចម្ការក្នុងថាស ឬធុង (ដាក់នៅក្រោមកម្ដៅថ្ងៃ)។ កសិករត្រូវរាប់ចំនួនកូនសណ្ដែកដែលបានដុះ បន្ទាប់ពីរយៈពេល៣ ៥ និង៧ថ្ងៃ។ ក្នុងពេលដាំដុះ ប្រសិនបើ តិចជា៧០% នៃគ្រាប់ពូជបានដាំដុះបន្ទាប់ពីរយៈពេល៧ថ្ងៃ គេមិនគួរប្រើគ្រាប់ពូជនេះទេ។ ប្រសិនបើអាច រកបានគ្រាប់ពូជពីប្រភពផ្សេងទៀត ហើយប្រសិនបើ គ្រាប់ពូជថ្មីៗមិនអាចរកបានទេ អត្រាកម្រិតគ្រាប់ពូជដាំគួរត្រូវបង្កើន ដើម្បីជំនួសឲ្យភាគរយដំណុះគ្រាប់ដែលទាបនោះ។
សំបកគ្រាប់សណ្ដែកសៀង គឺស្ដើងណាស់ ហើយប្រសិនបើវាប្រេះបែក (នៅកំឡុងពេលប្រមូលផល ឬដឹកជញ្ជូន) គ្រាប់ពូជ គឺទំនងជាមិនដុះទេ។ សំបកគ្រាប់ ប្រេះបែកធ្វើឲ្យសំណើមជ្រាបចូលយ៉ាងលឿន បំប៉ោងគ្រាប់ពូជ និងបំបែកអំប្រ៊ីយ៉ុង ដែលផុយស្រួយ។ នេះជាលទ្ធផលធ្វើឲ្យមានដំណាំដុះតិច និងមិនស្មើគ្នាល្អទេ ដូច្នេះ កាត់បន្ថយសក្ដានុពលទិន្នផលនិងបង្កើនការប្រកួតប្រជែងពីស្មៅ។ បន្ថែមពីនេះ វាមានសារៈសំខាន់ផងដែរ ចំពោះគ្រាប់ពូជដែលដាំដុះ គឺត្រូវតែសុទ្ធតាមតែអាចធ្វើបាន មានន័យថា គ្រាប់ទាំងអស់គួរតែជាគ្រាប់ពូជតែមួយ និងមិនមានលាយឡំជាមួយពូជផ្សេងទៀត។ ជំងឺដូចជា វ៉ីរ៉ុសមូសាអ៊ិ សណ្ដែកសៀង អាចមានផ្ទុកក្នុងគ្រាប់ពូជ វាមានសារៈសំខាន់ដោយដាំគ្រាប់ពូជដែលគ្មានជំងឺ។
គ្រាប់ពូជមិនគួរមានគ្រាប់ស្មៅ និងគ្រាប់បៃតង ឬគ្រាប់មិនទាន់ទុំផងដែរ។ ខ្សែស្រឡាយគ្រាប់ពូជ សុទ្ធនឹងធ្វើឲ្យងាយស្រួលគ្រប់គ្រង និងបង្កើនផលិតភាព គុណភាព និងទិន្នផលបានខ្ពស់បំផុត។ ប្រសិនបើអាច កសិករគួរទិញគ្រាប់ពូជសុទ្ធដែលមានការបញ្ជាក់ ត្រូវនឹងលក្ខណៈ វិនិច្ឆ័យខាងលើ ព្រមទាំងមានលទ្ធផលសាកល្បងដំណុះគ្រាប់ និងភាពសុទ្ធដែលមានបិទនៅលើការរ៉ុង៕
(សារព័ត៌មានថ្មីៗ ដកស្រង់ពី«ដំណាំសណ្តែកសៀង»សៀវភៅណែនាំស្ដីពីការដាំដុះដំណាំចម្ការនៅក្នុងប្រទេសកម្ពុជា បោះពុម្ពផ្សាយដោយ ACIAR, ២០១២)
© រក្សាសិទ្ធិដោយ thmeythmey.com