អន្តរជាតិ
ប្រជាជន​អ៊ីរ៉ង់ បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​រឿង​ដំឡើង​តម្លៃ​ប្រេង​
17, Nov 2019 , 7:29 pm        
រូបភាព
ក្រុមបាតុករ​ប៉ះទង្គិចជាមួយមន្រ្តីប៉ូលីស, រូបភាព៖ Reuters
ក្រុមបាតុករ​ប៉ះទង្គិចជាមួយមន្រ្តីប៉ូលីស, រូបភាព៖ Reuters
​ប្រជាជន​ជន​អ៊ីរ៉ង់ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ដំឡើងថ្លៃ​ប្រេង​។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​មានការ​បះ​ទង្គិច​គ្នា​ជាខ្លាំង រវាង​ក្រុមបាតុករ ជាមួយ​ក្រុម​ប៉ូលីស​កុបករ និង​កងកម្លាំង​សន្តិសុខ នៅក្នុង​ទីក្រុង​តេ​ហេ​រ៉ង់ និង​ទីក្រុង​ផ្សេងទៀត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​



​ប្រជាជន​អ៊ីរ៉ង់​ជាច្រើន​នាក់ បាន​ចុះ​តាម​ដងផ្លូវ និង​ស្រែក​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល នៅតាម​ទីក្រុង​ជាច្រើន​នៃ​អ៊ីរ៉ង់​។ ការធ្វើ​បាតុកម្ម​របស់​ប្រជាជន​អ៊ីរ៉ង់​បែបនេះ គឺធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​រដ្ឋាភិបាល​ប្រកាស​ដំឡើងថ្លៃ​ប្រេង​ពី​១០,០០០ Rials (០,៣០ ដុល្លារ​) ទៅ ១៥,០០០Rial (០,៤៥ ដុល្លារ​)​។

​ដើម្បី​ទប់ស្កាត់ និង​បំបែក​ក្រុមបាតុករ ប៉ូលីស​អ៊ីរ៉ង់​បាន​ប្រើប្រាស់​វិធី​ផ្សេងៗ ដូចជា​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជាដើម នៅតាម​ទីក្រុង​ផ្សេង​។ ជាពិសេស នៅក្នុង​ទីក្រុង​Sirjan ខេត្ត kerman ក្រុមបាតុករ​ជាច្រើន បាន​វាយប្រហារ​ទៅលើ​កន្លែង​ផ្ទុក​ប្រេង និង​ព្យាយាម​ដុត​វា​។ ដោយសារតែ​មានការ​ទប់ស្កាត់​ពី​កម្លាំង​ប៉ូលីស វា​បាន​បណ្តាល​ឲ្យ​មនុស្សម្នា​ក់បាន​ទទួលមរណភាព និង​មនុស្ស​ជាច្រើន​អ្នក​ផ្សេងទៀត​រងរបួស នៅក្នុង នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​អ៊ីរ៉ង់ IRNA​។

​ជាការ​ឆ្លើយតប លោក Abdolreza Rahmani រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​ប្រាប់​ទូរទស្សន៍​រដ្ឋ​ថា កម្លាំង​សន្តិសុខ នឹង​ចាត់វិធានការ ដើម្បី​រក្សា​ស្ថិរភាព​ក្នុងប្រទេស ប្រសិនបើ​មានការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ណាមួយ​។ ទំនងជា​ចង់​ទប់ស្កាត់​ការ​រីកធំឡើង​នៃ​បាតុកម្ម និង​ការទំនាក់ទំនង​រវាង​ក្រុមបាតុករ អាជ្ញាធរ​បាន​កាត់បន្ថយ​ល្បឿន​អ៊ី​ន​ធើ​ណែ​ត និង​ដាក់​កម្រិត​លើ​ការប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងៗ​។

​សូមបញ្ជាក់ថា ប្រជាជន​អ៊ីរ៉ង់​ជាច្រើន​យល់ឃើញថា ប្រេង​ក្នុងតម្លៃ​ទាប គឺ​វា​ជា​រឿង​ល្អ ព្រោះ​ប្រសិនបើ​តម្លៃ​ប្រេង​ឡើងថ្លៃ វា​នឹងធ្វើ​ឲ្យ​បះ​ពាល់​ដល់​ការចំនាយ​លើ​ការរស់នៅ​របស់​ពួកគេ​។ យ៉ាងណាក៏ដោយ បើទោះបីជា​រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​ធានា​ពី​ការដំឡើង​ប្រាក់ចំនូល​ក៏ដោយ ក៏​ប្រជាជន​នៅតែ​មិន​ពេញចិត្ត​ពី​ការដំឡើង​តម្លៃ​ប្រេង​នេះដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com