ជាតិ
ការជួសជុលស្ពានហាលខាងលិចអង្គរវត្ត ត្រូវប្រើបច្ចេកទេសទំនើបលាយបុរាណ រូបភាពពីអាជ្ញាធរអប្សរា
× ភ្នំពេញ៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលនឹងគ្រោងបញ្ចប់ការជួសជុលនៅឆ្នាំ២០២០ អាចនឹងត្រូវពន្យារពេលដោយមូលហេតុបច្ចេកទេសចាំបាច់មួយចំនួន។ ការជួសជុលនេះ ត្រូវបានរក្សាភាពដើមឱ្យបានច្រើនបំផុត ដោយប្រើបច្ចេកទេសនិងសម្ភារទំនើបខ្លះ លាយនឹងបច្ចេកទេសបុរាណ ដើម្បីពង្រឹងរចនាសម្ព័ន្ធសំណង់ឱ្យជាប់មាំល្អ។
តាមសេចក្ដីប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា ការជួសជុលដំណាក់កាលទី២នេះ គឺខុសប្លែកពីការជួសជុលនៅសម័យបារាំង និងការជួសជុលក្នុងដំណាក់កាលទី១ ដោយក្រុមអ្នកជំនាញផ្នែកអភិរក្សរបស់ អាយស៊ីស៊ី-អង្គរ បានតម្រូវមិនឱ្យមានការរុះរើជញ្ជាំងស្ពានថ្មបាយក្រៀមឡើយ។ ត្បិតតែរចនាសម្ព័ន្ធសំណង់ស្ពាននេះមានការខូចខាតខ្លាំងក៏ដោយ ក៏ត្រូវរក្សាស្លាកស្នាមនៃការជួសជុលនៅក្រោយសម័យអង្គរទុកជាប្រវត្តិសាស្ត្រ។
លោក អន សុភាព មន្ត្រីបច្ចេកទេសប្រចាំការដ្ឋានជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានបញ្ជាក់ថា តាមលទ្ធផលជាក់ស្តែងការជួសជុលអនុវត្តបានត្រឹមតែ១៥ភាគរយប៉ុណ្ណោះ ព្រោះត្រូវចំណាយពេលវេលាច្រើនលើការងារស្រាវជ្រាវ និងវិភាគបច្ចេកទេស ដូចជារចនាសម្ព័ន្ធនិងសម្ភារសំណង់ ស្ថានភាពនៃការខូចខាតរបស់ថ្ម គុណភាពថ្ម ស្ថានភាពដីដែលបង្ហាប់នៅក្នុងស្ពានហាល និងលទ្ធផលពិសោធលើការបុកបង្ហាប់ដីសាកល្បងចំនួន១០ម៉ែត្របានជោគជ័យ។
លោកបន្តថា នេះជាចំណុចពិសេសមួយដែលលំបាកបំផុតសម្រាប់ការជួសជុល ដែលទាមទារឱ្យក្រុមអ្នកជំនាញរកគ្រប់វិធីសាស្ត្រ គ្រប់បច្ចេកទេសដើម្បីទប់ពង្រឹងរចនាសម្ពន្ធសំណង់ប្រកបដោយគុណភាពខ្ពស់ ហើយមិនប៉ះពាល់ដល់សំណង់ស្ពានចាស់ ដែលទ្រុឌទ្រោមខូចខាតដោយសារអាយុកាលនៃវត្ថុធាតុដើម ការត្រាំក្នុងទឹកជាប្រចាំ។
តាមរយៈកិច្ចព្រមព្រៀងរវាងអាជ្ញាធរជាតិអប្សរាជាមួយនិងសាកលវិទ្យាល័យសូហ្វយ៉ាប្រទេសជប៉ុន ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តមានរយៈពេល៥ឆ្នាំដោយចាប់ផ្ដើមនៅឆ្នាំ២០១៥ និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០។
ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត មានប្រវែង១៩០ម ទទឹង ១១,៦០ម និងកម្ពស់៤ម សង់ពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្គាន់ដៃនាគ គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត៕
Tag:
ស្ពាន
អង្គរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com