ជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​ប្រាប់​មន្ត្រី​ឲ្យ​ត្រៀម​ជួយ​ពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព​នៅ​រដូវរងា​
17, Nov 2019 , 3:46 pm        
រូបភាព
រូបភាពផ្ដល់សិទ្ធិដោយ លោក ពិសិដ្ឋ (Piseth)
រូបភាពផ្ដល់សិទ្ធិដោយ លោក ពិសិដ្ឋ (Piseth)
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នក​ដែល​រស់នៅ​ភូមិភាគ​ឦសាន និង​តំបន់​នៅតាម​ព្រំប្រទល់ ឲ្យ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ឲ្យ​បានល្អ ដើម្បី​ជៀសផុត​ពី​ជំងឺ​នានា ដែល​អាច​កើតឡើង​ដោយសារ​អាកាសធាតុ​ចុះ​ត្រជាក់​នៅ​ចន្លោះ​ខែវិច្ឆិកា​ដល់​ខែកុម្ភៈ​។​



​ជំងឺ​ដែល​ជួបប្រទះ​ក្នុងអំឡុងពេល​រដូវរ​ងា ឫ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់ គឺ​ភាគច្រើន​មាន​ជំងឺ​ផ្ដាសាយ អាល់​លែ​ហ្ស៉ី និង​ជំងឺ​ផ្លូវដង្ហើម​ផ្នែក​លើ​បណ្ដាលមកពី​វីរុស និង​មេរោគ​ស្ត្រិ​ត​កូក ។ មេរោគ​នេះ​នឹង​បង្ក​ឲ្យ​មាន​រោគសញ្ញា​ដូចជា គ្រុនផ្ដាសាយ​ហៀរ​សំបោរ រលាក​បំពង់ក​ឬ​ច្រមុះ ក្អក និង​រលាក​ក្រពះ​ពោះវៀន​ដោយ​ពពួក​វីរុស ជំងឺហឺត ជំងឺភ្នែកក្រហម រមាស់​ស្បែក ជំងឺ​ថប់​អារម្មណ៍ និង​ជំងឺ​គាំងបេះដូង​ជាដើម​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​នា​ថ្ងៃទី​១៥ ខែវិច្ឆិកា​។​

​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល បាន​ដកស្រង់​សំដី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល យ៉ាង​ដូច្នេះ​ថា​៖« គ្រប់ៗ​គ្នា​ត្រូវ​យកចិត្តទុកដាក់​និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នូវ​ផលប៉ះពាល់​សុខភាព​នៅពេល​ដែលមាន​អាកាសធាតុ​ចុះ​ត្រជាក់ ជាពិសេស​ទារក កុមារ​និង​មនុស្ស​វ័យ​ចំណាស់​។ ត្រូវ​ពិសារ​ទឹក​ឲ្យ​បាន​ញឹក​ញ​ប់ ដើម្បី​ជៀសវាង​ការបាត់បង់​ជាតិ​ទឹក នូវពេល​សេរី​រា​ង្គ​ខិតខំ​ទប់ទល់​ទៅនឹង​ភាព​ត្រជាក់​»​។

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ឲ្យ​ត្រៀម​នូវ​ឱសថ​-​បរិក្ខារ​ពេទ្យ ព្រមទាំង​ត្រៀម​ក្រុមគ្រូពេទ្យ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង នៅតាម​បណ្ដា​មូលដ្ឋាន​សុខាភិបាល​សា​ធា​រណះ​ទាំងអស់ ដើម្បី​ជួយ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​៕


Tag:
 សុខាភិបាល​
 ​សុខភាព​
 ​រដូវរងា​
© រក្សាសិទ្ធិដោយ thmeythmey.com