អន្តរជាតិ
រដ្ឋាភិបាលមីយ៉ាន់ម៉ា៖ មីយ៉ាន់ម៉ា មិនបិទភ្នែកលើរឿងវិបត្តិរូហ៊ីងយ៉ានោះទេ
× រដ្ឋាភិបាលក្រុងណៃពិដោរ បានបដិសេធជាថ្មីលើចំណាត់ការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធជាមួយនឹងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ សេចក្តីថ្លែងការណ៍របស់ក្រុងណៃពិដោរធ្វើឡើងបន្ទាប់ពី តុលាការព្រហ្មទណ្ឌអន្តរជាតិ បានប្រកាសពីភាពស្របច្បាប់ និងយុត្តាធិការរបស់ខ្លួនក្នុងការបើកការស៊ើបអង្កេតពេញលេញមួយលើវិបត្តិរ៉ូហ៊ីងយ៉ា ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុងណៃពិដោរផង។
អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Zaw Htay នៅថ្ងៃទី១៥ ខែវិច្ឆិកា បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីជាការប្រតិកម្ម និងឆ្លើយតបទៅនឹងវិធានការចុងក្រោយរបស់សហគមន៍អន្តរជាតិមកលើមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ដូចសព្វមួយដង មីយ៉ាន់ម៉ា មិនទទួលស្គាល់យុត្តាធិការរបស់តុលាការអន្តរជាតិ និងការចោទប្រកាន់នានាលើភាពអសកម្មរបស់ខ្លួនជុំវិញវិបត្តិរ៉ូហ៊ីងយ៉ាឡើយ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ារូបនេះ បានលើកឡើងថា ការបើកការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនបានធ្វើឡើងអនុលោមតាមច្បាប់អន្តរជាតិនោះទេ។ លោក ក៏បានអះអាងថា មីយ៉ាន់ម៉ា មានតុលាការរបស់ខ្លួន ដែលមានភាពស្របច្បាប់ក្នុងការចាត់ការ ឬស៊ើបអង្កេតលើការបំពាននានា បើចាំបាច់។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមីយ៉ាន់ម៉ាដដែល ក៏បានផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ ដែលតែងតែចោទប្រកាន់ និងវាយតម្លៃថា មីយ៉ាន់ម៉ា មិនបានធ្វើសោះឲ្យស្ថានភាពនៃវិបត្តិជនភៀសខ្លួនមានភាពល្អប្រសើរ។ លោក បានសង្កត់ធ្ងន់ថា ទាំងមីយ៉ាន់ម៉ា និងរដ្ឋាភិបាល មិនមែនមិនអើពើ និងបិទភ្នែកលើបញ្ហានោះទេ។
ជុំវិញវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានេះ អ្នកនាំពាក្យ បានការពារ និងគូសបញ្ជាក់ជាថ្មីពីចំណាត់ការរបស់មីយ៉ាន់ម៉ាកន្លងមក ដែលចាំបាច់ត្រូវតែបង្ក្រាបលើក្រុមឧទ្ទាម ដែលបានគំរាមកំហែងលើសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជន និងប្រទេស។
គួរជម្រាបជាថ្មីថា នៅចុងឆ្នាំ២០១៧កន្លងទៅ មានការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំរវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមទាហានឯករាជ្យ ដែលមីយ៉ាន់ម៉ាចាត់ទុកថាជាក្រុមឧទ្ទាមផ្តាច់ខ្លន នៅក្នុងរដ្ឋរ៉ាខាន (Rakhine) ដែលជាកន្លែងរស់នៅដ៏ធំរបស់សហគមន៍ម៉ូស្លីម រ៉ូហ៊ីងយ៉ា។ ហេតុការណ៍នេះ បានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែង និងបង្ខំឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ៧០ម៉ឺននាក់ ចាកចេញពីប្រទេសទៅកាន់បង់ក្លាដែស និងបណ្តាប្រទេសជិតខាងផ្សេងទៀត។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាបញ្ហាសន្តិសុខធំរបស់ប្រទេសប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែមានបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរបានកើតឡើងជាមួយផងដែរ។ តាមរបាយការណ៍របស់អង្គការពាក់ព័ន្ធសិទ្ធិមនុស្ស ក្រុមជនជាតិរ៉ូហ៊ីងយ៉ា បានរងការគំរាមកំហែងសម្លាប់ និងការរំលោភបំពាននានារួមទាំងការបំពានផ្លូវភេទពីសំណាក់កងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ាទៀតផង។
ដោយមើលឃើញពីបញ្ហាកាន់តែធ្ងន់ធ្ងរ រួមទាំងភាពអសកម្មរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការដោះស្រាយបញ្ហា និងធានាពីសុវត្ថិភាពជនភៀសខ្លួន តុលាការព្រហ្មទណ្ឌអន្តរជាតិ បានសម្រេចយកសំណុំរឿងនេះ ដើម្បីពិនិត្យពីលទ្ធភាពផ្នែកច្បាប់ ស្វែងរកអ្នកទទួលខុសត្រូវលើហេតុការណ៍នេះ ក៏ដូចជាផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះ ដែលជានិច្ចកាលរងការរើសអើងពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា។
ចុងក្រោយនេះ អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ បានប្រកាសយុត្តាធិការដើម្បីបើកការស៊ើបអង្កេតពេញលេញលើសំណុរឿងរ៉ូហ៊ីងយ៉ា។ មីយ៉ាន់ម៉ា មិនមែនជាភាគីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ ក៏ប៉ុន្តែការណ៍ ដែលតុលាការអាចប្រកាសពីសមត្ថកិច្ចស្របច្បាប់របស់ខ្លួន ក៏ដោយសារ បង់ក្លាដែស ដែលជាកន្លែងជនជាតិរ៉ូហ៊ីងយ៉ាកំពុងស្នាក់នៅបណ្តោះអាសន្ន គឺជាភាគីរបស់តុលាការ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ខណៈដែលសំណុំរឿងនេះ កំពុងស្ថិតលើដៃរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិស្រាប់ តំណាងក្រុមប្រទេសកិច្ចសហប្រតិបត្តិការឥស្លាមទាំង៥៧ បានប្តឹងមីយ៉ាន់ម៉ាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយចោទប្រកាន់មីយ៉ាន់ម៉ាថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ សវនការលើបណ្តឹងនេះ នឹងត្រូវបើនៅខែធ្នូខាងមុខ៕
Tag:
មីយ៉ាន់ម៉ា
ICC
ICJ
© រក្សាសិទ្ធិដោយ thmeythmey.com