អន្តរជាតិ
រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​៖ មី​យ៉ាន់​ម៉ា មិន​បិទ​ភ្នែក​លើ​រឿង​វិបត្តិ​រូ​ហ៊ីង​យ៉ា​នោះទេ​
17, Nov 2019 , 9:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​បដិសេធ​ជាថ្មី​លើ​ចំណាត់ការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពាក់ព័ន្ធ​ជាមួយនឹង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រុង​ណៃ​ពិដោរ​ធ្វើឡើង​បន្ទាប់ពី តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានប្រកាស​ពី​ភាពស្របច្បាប់ និង​យុត្តាធិការ​របស់ខ្លួន​ក្នុង​ការបើក​ការស៊ើបអង្កេត​ពេញលេញ​មួយ​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុង​ណៃ​ពិដោរ​ផង​។



​អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោក Zaw Htay នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ជាការ​ប្រតិកម្ម និង​ឆ្លើយតប​ទៅនឹង​វិធានការ​ចុងក្រោយ​របស់​សហគមន៍​អន្តរជាតិ​មកលើ​មី​យ៉ាន់​ម៉ា​ពាក់ព័ន្ធ​នឹង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។ ដូច​សព្វមួយដង មី​យ៉ាន់​ម៉ា មិន​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការអន្តរជាតិ និង​ការចោទប្រកាន់​នានា​លើ​ភាព​អសកម្ម​របស់ខ្លួន​ជុំវិញ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ឡើយ​។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Aljazeera អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​រូបនេះ បាន​លើកឡើងថា ការបើក​ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិនបាន​ធ្វើឡើង​អនុលោម​តាមច្បាប់​អន្តរជាតិ​នោះទេ​។ លោក ក៏បាន​អះអាងថា មី​យ៉ាន់​ម៉ា មាន​តុលាការ​របស់ខ្លួន ដែលមាន​ភាពស្របច្បាប់​ក្នុងការ​ចាត់ការ ឬ​ស៊ើបអង្កេត​លើ​ការបំពាន​នានា បើ​ចាំបាច់​។​

​ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដដែល ក៏បាន​ផ្ញើ​សារ​ទៅកាន់​សហគមន៍​អន្តរជាតិ ដែល​តែងតែ​ចោទប្រកាន់ និង​វាយតម្លៃថា មី​យ៉ាន់​ម៉ា មិនបាន​ធ្វើ​សោះ​ឲ្យ​ស្ថានភាព​នៃ​វិបត្តិ​ជនភៀសខ្លួន​មាន​ភាពល្អប្រសើរ​។ លោក បាន​សង្កត់ធ្ងន់ថា ទាំង​មី​យ៉ាន់​ម៉ា និង​រដ្ឋាភិបាល មិនមែន​មិន​អើពើ និង​បិទ​ភ្នែក​លើ​បញ្ហា​នោះទេ​។
​ជុំវិញ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នេះ អ្នកនាំពាក្យ បានការ​ពារ និង​គូសបញ្ជាក់​ជាថ្មី​ពី​ចំណាត់ការ​របស់​មី​យ៉ាន់​ម៉ា​កន្លងមក ដែល​ចាំបាច់​ត្រូវតែ​បង្ក្រាប​លើ​ក្រុម​ឧទ្ទាម ដែល​បាន​គំរាមកំហែង​លើ​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាជន និង​ប្រទេស​។

​គួរ​ជម្រាប​ជាថ្មី​ថា នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ មានការ​ប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា និង​ក្រុម​ទាហាន​ឯករាជ្យ ដែល​មី​យ៉ាន់​ម៉ា​ចាត់ទុកថា​ជា​ក្រុម​ឧទ្ទាម​ផ្តាច់​ខ្លន នៅក្នុង​រដ្ឋ​រ៉ា​ខាន (Rakhine) ដែលជា​កន្លែង​រស់នៅ​ដ៏​ធំ​របស់​សហគមន៍​ម៉ូ​ស្លី​ម រ៉ូ​ហ៊ីង​យ៉ា​។ ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង និង​បង្ខំ​ឲ្យ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧០​ម៉ឺន​នាក់ ចាក​ចេញពី​ប្រទេស​ទៅកាន់​បង់​ក្លា​ដែ​ស និង​បណ្តា​ប្រទេសជិតខាង​ផ្សេងទៀត​។​

​ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជា​បញ្ហា​សន្តិសុខ​ធំ​របស់​ប្រទេស​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​មាន​បញ្ហា​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បានកើត​ឡើងជា​មួយ​ផងដែរ​។ តាម​របាយការណ៍​រប​ស់​អង្គការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា បាន​រង​ការគំរាមកំហែង​សម្លាប់ និង​ការរំលោភបំពាន​នានា​រួមទាំង​ការបំពាន​ផ្លូវភេទ​ពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ទៀតផង​។

​ដោយ​មើលឃើញ​ពី​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ រួមទាំង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ធានា​ពី​សុវត្ថិភាព​ជនភៀសខ្លួន តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​សម្រេចយក​សំណុំ​រឿងនេះ ដើម្បី​ពិនិត្យ​ពី​លទ្ធភាព​ផ្នែក​ច្បាប់ ស្វែងរក​អ្នកទទួលខុសត្រូវ​លើ​ហេតុការណ៍​នេះ ក៏ដូចជា​ផ្តល់​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ ដែលជា​និច្ចកាល​រង​ការរើសអើង​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​។​

​ចុងក្រោយ​នេះ អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានប្រកាស​យុត្តាធិការ​ដើម្បី​បើក​ការស៊ើបអង្កេត​ពេញលេញ​លើ​សំ​ណុ​រឿង​រ៉ូ​ហ៊ីង​យ៉ា​។ មី​យ៉ាន់​ម៉ា មិនមែនជា​ភាគី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ ក៏ប៉ុន្តែ​ការណ៍ ដែល​តុលាការ​អាច​ប្រកាស​ពី​សមត្ថកិច្ច​ស្របច្បាប់​របស់ខ្លួន ក៏ដោយ​សារ បង់​ក្លា​ដែ​ស ដែលជា​កន្លែង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កំពុងស្នាក់នៅ​បណ្តោះអាសន្ន គឺជា​ភាគី​របស់​តុលាការ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ខណៈដែល​សំណុំ​រឿងនេះ កំពុងស្ថិត​លើ​ដៃ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ស្រាប់ តំណាង​ក្រុម​ប្រទេស​កិច្ចសហប្រតិបត្តិការ​ឥស្លាម​ទាំង​៥៧ បាន​ប្តឹង​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ចោទប្រកាន់​មី​យ៉ាន់​ម៉ា​ថា បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​។ សវន​ការ​លើ​បណ្តឹង​នេះ នឹងត្រូវ​បើ​នៅ​ខែធ្នូ​ខាងមុខ​៕



Tag:
 មី​យ៉ាន់​ម៉ា​
  ICC
  ICJ
© រក្សាសិទ្ធិដោយ thmeythmey.com