ពីនេះ ពីនោះ
បច្ចេកទេស​៥​យ៉ាង ដែល​ធ្វើ​ឲ្យ​ការចិញ្ចឹម​មាន់បាន​ផល​ច្រើន​
18, Nov 2019 , 4:41 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ចិញ្ចឹម​មាន់​ឲ្យ​បាន​ផល​ច្រើន កសិករ​គួរ​យល់ដឹង​ពី​របៀបការ​ចិញ្ចឹម​ឲ្យ​បាន​ត្រឹមត្រូវ​។ ការចិញ្ចឹម​មាន់​ឲ្យ​បាន​ផល​ច្រើន មាន​បច្ចេកទេស​សំខាន់​ចំនួន ៥ គឺ​ការសង់​ទ្រុង​, ការជ្រើសរើស និង​បង្កាត់​ពូជ​, ការ​ផ្សំ​ចំណី​, ការផ្ដល់​ទឹក និង​ការថែទាំ​។​


 
​ដើម្បី​ចិញ្ចឹម​មាន់​ឲ្យ​បាន​ផល​ល្អ កសិករ​គួរ​សង់​ទ្រុង​ដោយ​បែងចែក​ដូចជា ទ្រុង​សម្រាប់​មាន់​ដេក , សម្រាប់​មាន់​ពង និង​ទ្រុង​សម្រាប់​កូន​មាន់​។ ទ្រុង​សម្រាប់​មាន់​ដេក ត្រូវមាន​បណ្ដោយ ៥​ម៉ែត្រ និង​ទទឹង​៣​ម៉ែត្រ ហើយ​សម្រាប់​មាន់​ពង ត្រូវមាន​បណ្ដោយ​៥​ម៉ែត្រ និង​ទទឹង​២,៥​ម៉ែត្រ​។ ចំណែកឯ​ទ្រុង​កូន​មាន់ ត្រូវមាន​បណ្ដោយ​២​ម៉ែត្រ និង​ទទឹង​១​ម៉ែត្រ​។​
 
​ក្រៅពី​សង់​ទ្រុង​ឲ្យ​បាន​ត្រឹមត្រូវ កសិករ គួរ​ជ្រើសរើស និង​បង្កាត់​ពូជ​ឲ្យ​បានល្អ​ផងដែរ​។ កសិករ​ត្រូវ​ជ្រើសរើស​ពូជ​ណា​ដែល​មិន​ធ្លាប់មាន​ជំងឺ​មិន​ជាន់​ឈាម ជើង សាច់ និង​ចំពុះ​ពណ៌​លឿង​។ លើសពីនេះទៅទៀត មេមាន់​ត្រូវមាន​មាឌធំ កន្ទុយ​បាស អាច​ពង​ច្រើន ពូកែ​ចិញ្ចឹម​កូន និង​ទម្ងន់​ចាប់ពី​១,៥​គីឡូក្រាម​។ ដោយឡែក មាន់​បា​ក៏ត្រូវ​មាន​មាឌធំ ពូកែ​ជាន់​មេ និង​ទម្ងន់​ចាប់ពី ២,៥​គីឡូក្រាម​ឡើង​។ ក្នុងការ​បង្កាត់​វិញ កសិករ​ត្រូវ​ព្រលែង​នៅក្នុង​ទីធ្លា ហើយ​មិនត្រូវ​ឲ្យ​មាន​បា​ដទៃ និង​ត្រូវ​បង្កាត់​តាម​ធម្មជាតិ​។​


 
​ចំពោះ​ការ​ផ្សំ​ចំណី សម្រាប់​មាន់​ដែលមាន​អាយុ​ត្រឹម​៣០​ថ្ងៃ កសិករ​ត្រូវ​ប្រើ​ចំណី​ផ្សារ​ដាក់​១​ថ្ងៃ​៣​ដង ប្រើ​ស្នូក​ចំណី​ពី​ឫស្សី​។ សម្រាប់​មាន់​ចិញ្ចឹម​យក​សាច់​វិញ ត្រូវ​ឲ្យ​ស៊ី​ស្រូវ កន្ទក់ ចុងអង្ករ អំបិល ខ្លាញ់ បន្លែ​បៃតង ម្សៅ​ជាតិ​រ៉ែ និង​ចំណី​ផ្សារ ៥០​ភាគរយ លាយ​បញ្ចូល​គ្នា ដាក់​មួយថ្ងៃ​៣​ដង​។ ជាមួយគ្នានេះ សម្រាប់​មាន់​ពង និង​មាន់​បា កសិករ​ត្រូវដាក់​ចំណី​តែ​២​ដង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​គឺ​ព្រឹក និង​ល្ងាច​។​
 
​រីឯ​ការផ្ដល់​ទឹក គឺ​ត្រូវដាក់​ឲ្យ​ជាប្រចាំ​ឲ្យ​បាន​គ្រប់គ្រាន់ ពិសេស​នៅ​រដូវប្រាំង​។ សម្រាប់​ការថែទាំ កសិករ​ត្រូវយក​កូន​មាន់​ទៅ​ហាលថ្ងៃ​ឲ្យ​បាន​២​ម៉ោង​ក្នុង​មួយថ្ងៃ ចាប់ពី​ម៉ោង​៧-៩ នៅពេល​ព្រឹក​។ នៅពេល​អាកាសធាតុ​ត្រជាក់ កសិករ​ត្រូវដាក់​កូន​មាន់​នៅក្នុង​កេស​ក្រាល​អង្កាម​ផ្ដល់​ចំណី និង​ទឹកស្អាត​ឲ្យ​បាន​គ្រប់គ្រាន់​។ កសិករ​ក៏ត្រូវ​បន្តក់​វ៉ាក់សាំង និង​សម្អាត​ទ្រុងមាន់​ជាប្រចាំ ដើម្បី​ការពារ​ជំងឺឆ្លង និង​ដាំ​ដើមឈើ​ជា​ម្លប់​សម្រាប់​មាន់​ផងដែរ​៕




 
(​សារព័ត៌មាន​ថ្មីៗ​ដកស្រង់​ចេញពី​សៀវភៅ​កសិករ​ជោគជ័យ នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍ​កសិកម្ម កម្ពុជា​។​)

Tag:
 កសិកម្ម​
  ចិញ្ចឹម​មាន់​
© រក្សាសិទ្ធិដោយ thmeythmey.com