ជាតិ
សង្គមជាតិ
រដ្ឋាភិបាល យកថ្ងៃ២០វិច្ឆិកា ជាថ្ងៃកាន់ទុក្ខការសុគតសម្តេចរាជបុត្រីព្រះរៀម
18, Nov 2019 , 4:47 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យកីឡាករ-កីឡាការី និង អ្នកចូលរួមក្នុងពិធីសំណេះសំណាល ក្រោកឈរទាំងអស់គ្នា ហើយស្មិងស្មាធិ៍ ដើម្បីគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យកីឡាករ-កីឡាការី និង អ្នកចូលរួមក្នុងពិធីសំណេះសំណាល ក្រោកឈរទាំងអស់គ្នា ហើយស្មិងស្មាធិ៍ ដើម្បីគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
ដើម្បីជាការរម្លឹកដល់គុណបំណាច់របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលមានចំពោះជាតិ ជាពិសេសផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ និងជាការគោរពដល់រាជវង្សានុវង្ស សម្តេច ហ៊ុន  សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស ចំពោះការសុគតរបស់សម្តេចរាជបុត្រីព្រះរៀម។ សម្តេចនាយករដ្ឋមន្រ្តី បានបង្គាប់ទៅគ្រប់ស្ថាប័នរដ្ឋថ្នាក់ជាតិ និង អាជ្ញាធរថ្នាក់ក្រោមជាតិនៅគ្រប់រាជធានី-ខេត្ត រួមទាំងស្ថាប័នឯកជនផងដែរ ឲ្យទម្លាក់ទង់ជាតិចុះពាក់កណ្តាលដង ដើម្បីបង្ហាញពីការកាន់ទុក្ខនេះ។



ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី គឺធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីប្រមាណ៤០០នាក់ នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា មុននឹងពួកគេចាកចេញទៅប្រកួតកីឡាស៊ីហ្គេម (Sea Game) លើកទី៣ នៅហ្វីលីពីន។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ទីស្តីការគណៈរដ្ឋមន្រ្តី និង គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងណែនាំបន្ថែមទៅកាន់គ្រប់ស្ថាប័នរដ្ឋ ក្នុងការរៀបចំពិធីកាន់ទុក្ខនិងការទម្លាក់ទង់ជាតិពាក់កណ្តាលដង។ 

ស្ថិតក្នុងទឹកមុខស្រពាប់ស្រពោន សម្តេចនាយករដ្ឋមន្រ្តី ចាត់ទុក ការបាត់បង់សម្តេចរាជបុត្រីព្រះរៀម ថាជាការបាត់បង់ដ៏ធំធេងសម្រាប់កម្ពុជា។ ប្រមុខរដ្ឋាភិបាល បន្តថា នឹងដឹកនាំប្រតិភូ ទៅគោរពព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រីព្រះរៀម នៅវត្តបទុមវត្តី នៅម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា។ ប្រមុខរដ្ឋាភិបាល ក៏បានប្រាប់ថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋនានា ឲ្យដឹកនាំប្រតិភូទៅគោរពព្រះវិញ្ញាណក្ខន្ធរបស់ទ្រង់ផងដែរ។ 

មុននឹងថ្លែងផ្ទាល់មាត់អំពីការសុគតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សម្តេច ហ៊ុន សែន បានសរសេរលិខិតរំលែកទុក្ខថ្វាយទៅព្រះមហាក្សត្រីរួចហើយ។ សម្តេច សរសេរក្នុងលិខិតរំលែកទុក្ខនោះដូច្នេះថា៖«...​ការបាត់បង់​សម្តេច​រាជបុត្រី​ព្រះរៀម ន​រោ​ត្តម បុប្ផា​ទេវី គឺជា​ការបាត់បង់​ដ៏​ធំធេង​បំផុត​នូវ​តួអង្គ​ពហុ​ជំនាញ​ក្នុង​វិស័យ​វប្បធម៌ អរិយធម៌​ជាតិខ្មែរ ជា​ដួងព្រលឹង​រឹងមាំ​ខ្លាំងក្លា ពិសេស​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ដ៏​ឧត្តុង្គឧត្តម ដែលមាន​ព្រះរាជ​បុត្រី អង្គ​ព្រះមហាក្សត្រ​ដ៏​ឆ្នើម​ព្រះនាម នរោត្តម បុប្ផា​ទេវី ដ៏​ស្រស់​ល្វត​ល្វៃ ទ្រង់​ពេញ​ព្រះ​ហឫទ័យ​នឹង​នាដកម្ម ជា​តួអង្គ​ឯក​របាំ​អប្សរា លើកតម្កើង​វប្បធម៌​ពណ្ណរាយ​ជាតិ ថ្កើងថ្កាន ល្បីល្បាញ​រន្ទឺ​ទូទាំង​សកលលោក​»​។

សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែលជា​ឧ​ត្ត​ម​ប្រឹក្សា​របស់​ព្រះមហាក្សត្រ និង​ជា​សមាជិកា​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​សុគត ដោយ​ព្រះរោគ​ពាធ ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា នៅ​ម៉ោង​១២:៣០ នាទី​ថ្ងៃត្រង់ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ​។ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ជូនដំណឹង​ថា ព្រះ​សព​របស់​សម្តេច​រាជបុត្រី​ព្រះរៀម នឹងត្រូវ​តម្កល់​ធ្វើបុណ្យ​នៅក្នុង​វត្ត​បទុម​វ​ត្តី​។ ​សម្តេច​រាជបុត្រី​ព្រះរៀម ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​នៃ​របាំ​ព្រះរាជ​ទ្រព្យ ហើយ​ទ្រង់ បានទទួល​ព្រះ​គោរមងារ​ថា «​ទេព​នាថវ​ដ្តី​ឯក​» និង​ជា «​មរតក​មនុស្ស​រស់រ​បស់​កម្ពុជា​»៕



Tag:
 ហ៊ុន សែន​
  បុប្ផាទេវី
© រក្សាសិទ្ធិដោយ thmeythmey.com