អន្តរជាតិ
លោក មូ​ន ចេ​អ៊ី​ន​៖ អាស៊ាន ជា​មិត្ត​គួរ​ឲ្យ​ទុកចិត្ត និង​ទីប្រឹក្សា​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង
18, Nov 2019 , 8:59 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា បង្ហាញ​ក្ដី​រំពឹងថា នឹងមាន​កិច្ចពិភាក្សា​ស៊ីជម្រៅ​លើ​បញ្ហា​កូរ៉េខាងជើង​ជាមួយ​មេដឹកនាំ​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​១០ អំឡុងពេល​ជំនួប​ពិសេស​កូរ៉េខាងត្បូង​-​អាស៊ាន​នៅ​សប្ដាហ៍​ក្រោយ​។ លោក មូ​ន ចាត់ទុក​អាស៊ាន​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុង​ព្យុងយ៉ាង ជា​ដៃគូ​ទុកចិត្ត និង​ជា​អ្នកផ្ដល់​ប្រឹក្សា​លើ​បញ្ហា​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ហើយ​គោលការណ៍​អាស៊ាន ក៏​ជា​មេរៀន​សម្រាប់​កូរ៉េ​ផងដែរ​។​

 
​កូរ៉េខាងត្បូង នឹង​ទទួល​រៀបចំ​ជំនួប​អនុស្សាវរីយ៍​លើក​ទី​៣០ ទំនាក់ទំនង​សាធារណរដ្ឋ​កូរ៉េ​-​អាស៊ាន​នៅ​ទីក្រុង​ប៊ូសាន ចាប់ពី​ថ្ងៃទី​២៥ ដល់ទី​២៧ ខែវិច្ឆិកា​។ ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន នឹង​ស្វាគមន៍​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង​១០ ដែល​ចូលរួម​ក្នុងជំនួប​នេះ​។ ការស្វែងរក​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ ជា​របៀបវារៈ​សំខាន់​មួយ​ក្នុងជំនួប​នេះ បន្ថែម​ពី​បញ្ហា​ទ្វេភាគី បើទោះជា​វត្តមាន​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន មាន​ភាគរយ​តិច​ទៅៗ​ក្ដី​។​
 
​ក្នុង​អត្ថបទ Op-ed ផ្សាយ​ក្នុង​បណ្ដាញ​ព័ត៌មាន​អាស៊ី (ANN) លោក មូ​ន សង្ឃឹមថា ជំនួប​នៅ​ប៊ូសាន នឹងមាន​ការជជែក​ឲ្យ​បាន​កាន់តែច្រើន​ពី​ដំណើរការ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ដែល​សព្វថ្ងៃ​នៅ​ផុយស្រួយ​នៅឡើយ​។ លោក​បន្តថា សន្តិភាព​នៅ​កូរ៉េ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅនឹង​ស្ថិរភាព​នៅ​អាស៊ី​ខាងកើត ហើយ​អាស៊ាន​បាន​ចូលរួម​ជំរុញ​សន្តិភាព​យ៉ាងខ្លាំង​តាមរយៈ​កិច្ចសន្ទនា និង​ការស្វែងយល់​ពីគ្នា​ទៅវិញទៅមក​ក្នុងពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។ 
 
​ក្នុងន័យនេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​រំពឹងថា អាស៊ាន​នឹងចូលរួម​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​ក្នុងនាម​ជា​មិត្តភក្តិ​គួរ​ឲ្យ​ទុកចិត្ត និង​ជាទី​ប្រឹក្សា​ផងដែរ​។ លោក​បន្ថែមថា​៖ «​ខ្ញុំ​ទន្ទឹងរង់ចាំ​ការជជែក​ស៊ីជម្រៅ​ពី​សន្តិភាព​នៅ​ឧបទ្វីប [​កូរ៉េ​] និង​នៅ​អាស៊ី​ខាងកើត​អំឡុងពេល​ជំនួប​ខាងមុខ​។ លោក មូ​ន ក៏​និយាយ​ដល់​គោលការណ៍​អាស៊ាន​ដែល​ដោះស្រាយ​បញ្ហា​តាម​កិច្ចសន្ទនា និង​ការ​ផ្ដល់យោបល់ ដែល​អាចជា​មេរៀន​សម្រាប់​កូរ៉េ​ទៀតផង​។​
 
​ក្នុង​អត្ថបទ​ដដែល លោក មូ​ន ដែល​ទើប​បញ្ចប់​ដំំ​ណើ​រ​ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ាន​ទាំង​១០ បាន​កោតសរសើរ​តំបន់​អាស៊ាន​។ មេដឹកនាំ​កូរ៉េខាងត្បូង បញ្ជាក់ថា អាស៊ាន​ពិសេស​សម្រាប់​ប្រជាជន​កូរ៉េ ព្រោះ​តំបន់​នេះ​ធានា​ពី​ការចូលរួម និង​ឱកាស​ស​ស្មើភាព​គ្នា​តាមរយៈ​គោលការណ៍​អាស៊ាន (ASEAN Way) ទោះជា​សមាជិក​ទាំងអស់​មាន​កម្រិត​សេដ្ឋកិច្ច និង​ប្រព័ន្ធ​នយោបាយ​ខុសគ្នា​ក្ដី ហើយ​ទៅមុខ អាស៊ាន​ជា​អនាគត​នៃ​សហគមន៍​សាកល​ផងដែរ​។​
 
​និយាយ​រឿង​តួនាទី​អាស៊ាន​នេះ លោក មូ​ន ពិតជា​ចង់​ឲ្យ​មេដឹកនាំ​រដ្ឋ​សមាជិក​អាស៊ាន​ជួយ​បញ្ចុះបញ្ចូល​មេដឹកនាំ​កូរ៉េខាងជើង ឲ្យ​ចូល​តុ​ចរចា​សំដៅ​ឈានទៅ​បង្កើត​សន្តិភាព​យូរអង្វែង​។ តួនាទី​អាស៊ាន​ពិតជា​សំខាន់ ព្រោះ​កូរ៉េខាងជើង​មាន​ទំនាក់ទំនង​ជាមួយ​សមា​ជិ​ក​អាស៊ាន​ទាំង​១០​ប្រទេស​។ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា លោក គីម អាច​ទុក​មុខ​ឲ្យ​មេដឹកនាំ​អាស៊ាន​ហើយ​ធ្វើដំណើរ​ទៅកាន់​ប៊ូសាន​តាម​ការអញ្ជើញរ​ប​ស់លោក មូ​ន ឬ​យ៉ាងណា​ឡើយ​៕  

Tag:
 អាស៊ាន​
  កូរ៉េខាងត្បូង​
 ​កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com