កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អាល្លឺម៉ង់​បង្ហាញខ្លួន​១៣​ដង​ជាប់​គ្នា ឯ​ហ្វាំ​ង​ឡង់​បាន​កៅអី​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ
18, Nov 2019 , 5:23 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​ជា​ក្រុម​ដំបូង​គេ​បង្អស់​ដែល​អាច​បង្ហាញខ្លួន​ក្នុង​ប្រកួត​ពានរង្វាន់​តំបន់​អឺរ៉ុប UEFA Euro ជា​លើក​ទី​១៣​ជាប់​គ្នា ពោលគឺ​បន្ទាប់ពី​បាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ឆ្នាំ​២០២០​។ ហ្វាំ​ង​ឡង់ ក៏បាន​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អឺរ៉ុប ក្រោយ​ឆ្លង​ផុត​វគ្គ​ជម្រុះ ដើម្បី​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020 ជា​លើកដំបូង​។​


 
​ជ័យជម្នះ ៤-០ លើ​ក្រុម​បេ​ឡ​រុស បាន​ជួយ​ឲ្យ​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ឆ្លងទៅ Euro 2020 ដោយ​ស្វ័យប្រវត្តិ​បើ​ទោះ​នៅសល់​១​ប្រកួត​ទៀត​ក្តី​។ អាល្លឺម៉ង់​ឈរ​កំពូល​តារាង​ពូ​ល C មាន​១៨​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​៧​លើក នាំមុខ​ហូ​ឡង់​ដែល​ឈរ​លេខ​២ ចំនួន​២​ពិន្ទុ និង​នាំ​មុខដាច់​លើ​ក្រុម​អៀរ​ឡង់​ខាងជើង​រហូត​៥​ពិន្ទុ​។​
 
​ក្នុង​ពូ​ល C នេះ អាល្លឺម៉ង់ និង​ហូ​ឡង់​បាន​កៅអី​ទៅ​វគ្គ​បន្ត ខណៈ​អៀរ​ឡង់​ខាងជើង​ដែល​ឈ​លេខ​៣​មាន​១៣​ពិន្ទុ រួមទាំង​បេឡា​រុស និង​អ៊ី​ស្តូ​នី​អស់សិទ្ធិ​។ តាមពិតទៅ​ហូ​ឡង់​នាំមុខ អៀរ​ឡង់​ខាងជើង​ចំនួន​៣​ពិន្ទុ​ហើយ​នៅសល់​មួយ​ប្រកួត​ដូចគ្នា ប៉ុន្តែ​អ្វីៗ​ត្រូវ​កាត់សេចក្តី​ត្រឹមនេះ ដ្បិត​មាន​គម្លាត​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ហូ​ឡើង​លើស​ដល់​ទៅ​១១​គ្រាប់​។​
 
​អាល្លឺម៉ង់​ដែល​ឈ្នះ​ពាន​អឺរ៉ុប​នេះ​៣​ដង (១៩៧២, ១៩៨០ និង​១៩៩៦) បានបង្ហាញ​ខ្លួន​ចំនួន​១២​ដង​ជាប់ៗ​គ្នា​រូ​ច​មកហើយ ចាប់តាំងពី​ឆ្នាំ​១៩៧២​មក ខណៈដែល​ពាន UEFA Euro កកើតឡើង​១៥​លើក​រួចមកហើយ ក្នុង​ឆ្នាំ​១៩៦០​។​


 
​ដោយឡែក ហ្វាំ​ង​ឡង់ បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល បន្ទាប់ពី​ពួកគេ​ដណ្តើមបាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​អឺរ៉ុប​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​រយៈពេល ៥៩​ឆ្នាំ នៃ​ការកកើត​ពាន​នេះ​។​
 
​ហ្វាំ​ង​ឡង់ ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ពូ​ល J ក្រោយ​ប្រកួត​៩​លើក​មាន​១៨​ពិន្ទុ នាំមុខ​ក្រិ​ក​ចំនួន​៧​ពិន្ទុ ខណៈ​ការប្រកួត​សល់​មួយ​លើក​ប៉ុណ្ណោះ​។ ក្នុង​ពូ​ល​នេះ អ៊ីតាលី​នៅ​កំពូល​តារាង​មាន​២៧​ពិន្ទុ​។​
 
​គិត​ត្រឹម​ពេល គេ​រកឃើញ​ក្រុម​ចំនួន​១៧​ហើយ ដែល​កក់​កៅអី​ទៅកាន់ Euro 2020 ក្នុងនោះ​រួមមាន អង់គ្លេស ឆែក អ៊ុយ​ក្រែ​ន អេ​ស្ប៉ា​ញ ស៊ុយអែត ប៉ូឡូញ បារាំង តួ​ក​គី បែលហ្ស៊ិក រុស្ស៊ី អ៊ីតាលី ហ្វាំ​ង​ឡង់ ក្រូ​អាស៊ី ហូ​ឡង់ អូទ្រីស អាល្លឺម៉ង់ និង​ម្ចាស់​ជើងឯក​ព័រ​ទុយ​ហ្គា​ល់​៕



Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com