អន្តរជាតិ
តុលាការ​កំពូល​ហុងកុង​សម្រេច​ថា​បម្រាម​ម៉ាស់​បិទមុខ​គឺ ខុសច្បាប់​
18, Nov 2019 , 10:19 pm        
រូបភាព
ដោយ:
​តុលាការ​កំ​ពុល​ហុងកុង នៅ​ថ្ងៃ​ចន្ទ ១៨ វិច្ឆិកា បានចេញ​សេចក្តីសម្រេច​ថា ច្បាប់​បន្ទាន់​មួយ​ដែល​យកមកប្រើ​ដោយ​រដ្ឋាភិបាល​លោកស្រី ការី ឡាំ កាលពី​ខែ​មុន ដែល​ហាមប្រាម​ក្រុមបាតុករ​ពី​ការពាក់​ម៉ាស់​បិទមុខ គឺ ផ្ទុយ​ពី​ធម្មនុញ្ញ​ហុងកុង​។

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន តុលាការ​កំពូល​ហុងកុង អះអាងថា ច្បាប់​នេះ​គឺ​ផ្ទុយ​ពី​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង ដែល​ខ្លួន​ប្រកាន់ខ្ជាប់​ចាប់តាំងពី​ក្នុង​ឆ្នាំ​១៩៩៧​មក​។ ត្រង់នេះ តុលាការ បញ្ជាក់​បែបនេះ​៖«​ការ​រឹតត្បិត​ដែល​អាជ្ញាធរ​ហុងកុង​ដាក់​លើ​សិទ្ធិ​ជា​មូលដ្ឋាន គឺ​ទៅ​ឆ្ងាយ​លើសពី​សេចក្តី​ចាំបាច់​»​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP សមាជិក​បក្សប្រឆាំង​ម្នាក់​ឈ្មោះថា Alvin Yeung លើកឡើងថា រដ្ឋាភិបាល​ហុងកុង គួរ​គោរព​ដោយ​ពេញលេញ​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ហុងកុង​។​
 
មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ កាលពី​ថ្ងៃ ៤​តុលា បាន​យក​ច្បាប់​សម័យ​អាណានិគម ដែល​គេ​កម្រ​ប្រើ​បំផុត​មួយ ដើម្បី​ដាក់​បម្រាម​ក្រុមបាតុករ​ពី​ការពាក់​ម៉ាស់​បិទមុខ ក្នុង​គោលដៅ​កាត់បន្ថយ​អំពើហិង្សា​ដែល​កំពុង​កើនឡើង​ខ្លាំង​ក្នុង​ទីក្រុង​នេះ​។ អ្នក​ដែល​បំពាន​ច្បាប់​នេះ អាច​ជាប់ពន្ធនាគារ​១​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ថែមទៀត​ផង​។ នេះ​ជា​លើកដំបូង​ដែល​បទបញ្ញត្តិ​បទបញ្ជា​បន្ទាន់​នេះ ត្រូវបាន​យកមកប្រើ​ប្រាស់​ក្នុង​រយៈពេល​៥២​ឆ្នាំ​ចុង​ក្រោយនេះ​។  
 
​ពេល​ចុងក្រោយបង្អស់​គឺ​អំឡុង​ការធ្វើ​កុបកម្ម​ឆ្នាំ​១៩៦៧ ដោយ​កាលនោះ​មនុស្ស​ជាង​៥០​នាក់​ត្រូវបាន​សម្លាប់ ក្នុង​រយៈពេល​១​ឆ្នាំ​នៃ​ការបោកគ្រាប់បែក និង​អំពើ​ឃាតកម្ម​ពី​សំណាក់​ក្រុម​ឆ្វេងនិយម​។ ក្រោយមក ចក្រភព​អង់ក្លេស​បានសម្រេច​ប្រើ​ច្បាប់​បន្ទាន់​ដើម្បី​ផ្តល់​អំណាច​បន្ថែម​ដល់​ប៉ូលិស​ដើម្បី​ចាប់ខ្លួន និង​គ្រប់គ្រង​ការចុះផ្សាយ​រឿង​រសើបៗ​របស់​សារព័ត៌មាន​៕

Tag:
 ​ហុងកុង​
  តុលាការ​កំពូល
© រក្សាសិទ្ធិដោយ thmeythmey.com