ONE Championship
កីឡាជាតិ
ជាតិ
​ព្រឹត្តិការណ៍ ONE: EGDE OF DRAGONS នៅ​ប៉េកាំង កីឡាករ​ម្ចាស់ផ្ទះ​បរាជ័យ​ច្រើន​
19, Nov 2019 , 7:59 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​
 
​គូ​ឯក​ប្រចាំ​កម្មវិធី ONE: EGDE OF DRAGONS នា​យប់​ថ្ងៃទី ១៦ ខែ វិច្ឆិកា កីឡាករ​ហូ​ឡង់ Ilias Ennahachi អាច​ការពារ​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion របស់ខ្លួន​លើកដំបូង ក្រោយ​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​យ៉ាង​តានតឹង​លើ​កីឡាករ​ម្ចាស់ផ្ទះ​ចិន Wang Wenfeng ដែលមាន​រហស្សនាម «Metal Storm»​។


 
​ចំណែក​កីឡាករ​គីឡូ​ធ្ងន់​មកពី​អ៊ុយ​ក្រែ​ន ROMAN KRYKLIA ឈ្នះ​ខ្សែក្រវាត់ ONE LIGHT HEAVYWEIGHT KICKBOXING WORLD CHAMPIONSHIP ដែលជា​ការបើក​ឲ្យ​ប្រកួត​ដណ្ដើម​លើកដំបូង​បន្ទាប់ពី​ផ្ដួល TARIK KHBABEZ ឲ្យ សន្លប់​នៅ​ទឹក​ទី​២​។ កីឡាការិនី​ឥណ្ឌា Ritu Phogat បង្ហាញខ្លួន​នៅ​សង្វៀន ONE លើកដំបូង​បាន​យ៉ាង​ល្អ​ដោយ​បញ្ចប់​កីឡាការិនី​កូរ៉េខាងត្បូង Nam Hee Kim ត្រឹម​ទឹក​ទី​១​។ ជើង​ខ្លាំង​មកពី​រុស្សី Jamal Yusupov បំបាក់​វីរបុរស​រប​ស់​ថៃ Yodsanklai IWE Fairtex ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២​ក្នុងការ​ប្រកួត Muay Thai Catchweight ។ 

១-Ilias Ennahachi នៅតែ​ជា​ម្ចាស់​ខ្សែក្រវាត់​


 
Ilias Ennahachi និង Wang Wenfeng ពិតជា​សក្ដិ​សមជា​គូ​ឯក​មែន​ព្រោះ​ប្រកួត​យ៉ាង​ជក់ចិត្ត​ក្នុង​រយៈពេល​៥​ទឹក​ពេញ​។ គូប្រយុទ្ធ​ទាំងពីរ​ច្រើនតែ​បម្លាស់​ទី​នៅ​កណ្ដាល​រេញ ហើយ Wang ដើរចូល​សំដៅ​ម្ចាស់​ខ្សែក្រវាត់​រហូត​ដើម្បី​រក​កន្លែង​ចំណុច​ផ្ដួល​ដៃគូ​ក្នុង ៥ ទឹក​។ ប៉ុន្តែ​គួរ​ឲ្យ​ស្ញប់ស្ញែង ម្ចាស់​ខ្សែក្រវាត់​មកពី​ហូ​ឡង់ ឆ្មក់​កណ្ដាប់ និង​ទាត់​ជើង​បានល្អ​ជាង ហើយ​ចំ​គោលដៅ​ជាង​កីឡាករ​ម្ចាស់ផ្ទះ​ចិន ដើម្បី​ទទួលបាន​ពិន្ទុ​មានប្រៀប​ពី​ចៅក្រម​ទាំង ៣​។ ទីបំផុត Ennahachi នៅតែ​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion​។ នេះ​ជា​ជំនួប​លើក​ទី​៣ របស់ Ilias និង Wang ក្នុងនោះ​កីឡាករ​មកពី​ហូ​ឡង់​ឈ្នះ​២​ដង ហើយ​កីឡាករ​ចិន​ឈ្នះ​ម្ដង​ប៉ុណ្ណោះ​។  Ilias Ennahachi បាន​ថ្លែង​ក្រោយ​ការប្រកួត​ថា ៖«​ខ្ញុំ​បានធ្វើការ​ខ្លាំង​ដើម្បី​ប្រកួត​ថ្ងៃនេះ តែ​វា​ជាការ​ប្រកួត​ដ៏​តានតឹង​មួយ​។ ខ្ញុំ​មិនទាន់​ដឹង​ជួប​អ្នកណា​ទៀត​ទេ អាស្រ័យ​អ្នករៀបចំ​ការប្រកួត​។ ខ្ញុំ​សូម​អរគុណ​ដល់ ONE Championship​ដែល​រៀបចំ​ការប្រកួត​។ ខ្ញុំ​អរគុណ​ដល់​ប្រជាជន​ចិន ខ្ញុំ​ស្រលាញ់​អ្នក​ទាំងអស់គ្នា ហើយ ខ្ញុំ​ស្រលាញ់​រដ្ឋធានី​ប៉េកាំង​»​។ 
 
២-ROMAN KRYKLIA ឈ្នះ​ខ្សែក្រវាត់ ONE LIGHT HEAVYWEIGHT KICKBOXING WORLD CHAMPIONSHIP 
 
​កីឡាករ​អ៊ុយ​ក្រែ​ន ROMAN KRYKLIA ឈ្នះ​ខ្សែក្រវាត់ ONE LIGHT HEAVYWEIGHT KICKBOXING WORLD CHAMPIONSHIP ដែលជា​ការបើក​ឲ្យ​ប្រកួត​ដណ្ដើម​លើកដំបូង​បន្ទាប់ពី​ផ្ដួល កីឡាករ​កូនកាត់​ហូ​ឡង់​-​ម៉ា​រ៉ុ​ក TARIK KHBABEZ ឲ្យ​សន្លប់​នៅ​ទឹក​ទី​២​។ នេះ​ជា​គូ​ឯក​រង​សម្បូរ​ដោយ​ការប្រើ​កណ្ដាប់ដៃ​។ Roman Kryklia បាន​ប្រើ​បច្ចេកទេស​ចេញ​កណ្ដាប់ដៃ​ល្អ​ខ្លាំង​ដើម្បី​ផ្ដួល Tarik Khbabez ឲ្យ​ចុះចាញ់​ប្រកួត​លែងកើត បន្ទាប់ពី​ការពារ​ហើយ​ម៉ាត់​សន្ធាប់​ចំៗ​ផ្ទៃមុខ​។ មុន​ឈានដល់​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ទឹក​ទី​២ Khbabez មិនអាច​ធ្វើ​បានល្អ​ទល់នឹង Kryklia តាំងពី​ទឹក​ទី​១​មកម្ល៉េះ​។ 
 
៣-​កីឡាការិនី​ឥណ្ឌា Ritu Phogat ឈ្នះ​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​


 
​កីឡាការិនី​ឥណ្ឌា Ritu Phogat ដែល​បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន ONE បានបញ្ចប់​កីឡាការិនី​កូរ៉េខាងត្បូង Nam Hee Kim ត្រឹម​ទឹក​ទី​១ ក្នុង​កម្មវិធី​ប្រកួត​គុន​ចម្រុះ​។ កីឡាករ​មកពី​ឥណ្ឌា​គ្រប់គ្រង​ការប្រកួត​បានល្អ​លើ​កីឡាការិនី​មកពី​កូរ៉េខាងត្បូង​។ ភ្លាមៗ Phogat ចូលចាប់​ផ្ដួល Nam Hee បាន​យ៉ាង​ជោគជ័យ និង ស្ថិតក្នុង​ដងខ្លួន​កាត់​ទទឹង​នៅ​ពីលើ​កីឡាការិនី​កូរ៉េ​។ បន្ទាប់មក  Phogat ក៏​ប្រើ​ដៃ​ឆ្វេង​គា​បក មុនពេល​យកដៃ​ស្ដាំ​ម៉ាត់​យកៗ​ពីលើ​រហូតដល់​អាជ្ញាកណ្ដាល​បញ្ឈប់​តែម្ដង​។ 
 
៤-​វីរបុរស​ថៃ Yodsanklai IWE Fairtex បាក់ស្បាត​របស់​កីឡាករ​រុស្សី 
 
​ជើង​ខ្លាំង​មកពី​រុស្សី Jamal Yusupov បំបាក់​វីរបុរស​រប​ស់​ថៃ Yodsanklai IWE Fairtex ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២​ក្នុងការ​ប្រកួត Muay Thai Catchweight​។ ចូលដល់​ដើម​ទឹក​ទី​១ កីឡាករ​ទាំងពីរ​មានឱកាស​ស្ទាបស្ទង់​គ្នា​ទៅវិញទៅមក ប៉ុន្តែ អាវុធខ្លី​ជាង​គូប្រកួត​របស់ Yodsanklai ធ្វើ​ឲ្យ​រូបគេ​ពិបាក​ចូល​ជិត​ណាស់​ស្រប​ពេលដែល Jamal អាច​ធាក់​ទប់​និង​វ៉ៃ​កាត់​បានល្អ​។ យ៉ាងណាក្ដី​ត្រឹម ៣៩ វិនាទី​នៅ​ទឹក​ទី​២ ជើង​ខ្លាំង​មកពី​រុស្សី​វ័យ​២៧​ឆ្នាំ​បាន​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​មហា​ទម្ងន់​ម៉ាត់​ពីរ​បី​ដៃ​ជាប់​គ្នា ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួត​តែម្ដង ក្រោយ Yodsanklai ងើប​លែងរួច​ទោះ​អាជ្ញាកណ្ដាល​រាប់​។ 
 
​លទ្ធផល​ទាំងអស់​ក្នុង​កម្មវិធី ONE: EGDE OF DRAGONS
 
ONE Flyweight Kickboxing World Championship: Ilias Ennahachi ឈ្នះ​ពិន្ទុ Wang Wenfeng ដោយ​មិន​ឯកច្ឆន្ទ​
ONE Light Heavyweight Kickboxing World Championship: Roman Kryklia ផ្ដួល Tarik Khbabez ឲ្យ​សន្លប់​ទឹក​២
Muay Thai Catchweight (73.0kg): Jamal Yusupov ផ្ដួល Yodsanklai IWE Fairtex ឲ្យ​សន្លប់​ត្រឹម​ដើម​ទឹក​ទី​១
Mixed Martial Arts Atomweight: Meng Bo ផ្ដួល Laura Balin ឲ្យ​សន្លប់​ទឹក​១
Mixed Martial Arts Atomweight: Ritu Phogat ផ្ដួល Nam Hee Kim ឲ្យ​សន្លប់​ទី​១
Mixed Martial Arts Strawweight: Jeremy Miado ផ្ដួល Miao Li Tao ឲ្យ​សន្លប់​ទឹក​១
Kickboxing Featherweight: Christina Breuer ឈ្នះ​ពិន្ទុ Jorina Baars ដោយ​មិន​ឯកច្ឆន្ទ​
Mixed Martial Arts Featherweight: Tang Kai ឈ្នះ​ពិន្ទុ Edward Kelly ជា​ឯកច្ឆន្ទ​
Mixed Martial Arts Bantamweight: Yusup Saadulaev ឈ្នះ​ពិន្ទុ Daichi Takenaka ដោយ​មិន​ឯកច្ឆន្ទ​
Kickboxing Catchweight (73.0kg): Enriko Kehl ផ្ដួល Armen Petrosyan ឲ្យ​សន្លប់​ទឹក​២ 
Mixed Martial Arts Strawweight: Hexigetu ឈ្នះ​ពិន្ទុ Ramon Gonzales ជា​ឯកច្ឆន្ទ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF GREATNESS នៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខ ពី​សិង្ហ​បុរី​ចាប់ពី​ម៉ោង ៦:៣០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 

© រក្សាសិទ្ធិដោយ thmeythmey.com