អន្តរជាតិ
ចិន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ផលិត​ក្នុងស្រុក បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​
19, Nov 2019 , 8:29 am        
រូបភាព
នាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន
នាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា បាន​អះអាងថា នាវា​ផ្ទុក​យន្តហោះ​ផលិត​ក្នុងស្រុក​របស់ខ្លួន ពិតជា​បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ពិតមែន ប៉ុន្តែ​ធ្វើឡើង ក្នុង​គោលបំណង​សាកល្បង​នាវា​តែប៉ុណ្ណោះ​។ ចិន ឆ្លៀត​ក៏បាន​អំពាវនាវ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន ឈប់​ពាក់ព័ន្ធ​ជាមួយ​កោះ​តៃវ៉ាន់ និង​ឈប់​ដំឡើង​សាច់ដុំ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។


 
​ភាពចម្រូងចម្រាសរ​វា​ង​ចិនដីគោក និង​កោះ​តៃវ៉ាន់​កាន់តែ​ក្តៅ​ជាង​មុន បន្ទាប់ពី​នាវា​ផ្ទុក​យន្តហោះ​ប្រភេទ Type 001A របស់ខ្លួន បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ចេញទៅ​សមុទ្រ​ចិន​ខាងត្បូង​។ ជា​ផលិតផល​ក្នុងស្រុក​ទី​២​របស់​ទីក្រុង​ប៉េកាំង ដែល​ចាប់ផ្តើម​ផលិត​ក្នុង​ឆ្នាំ​២០១៧  នាវា​ដឹក​យន្តហោះ ដែល​មិនទាន់​ត្រូវបាន​គេ​ដាក់ឈ្មោះ​មួយ​នេះ នឹង​បន្ថែម​អំណាច​លើ​ដែនទឹក​ឲ្យ​ចិន​បន្ថែមទៀត​។ ពោលគឺ​ទាំង​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​តាម​ការអះអាង​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់ខ្លួន លោក Cheng Dewei អ្នកនាំពាក្យ​កងទ័ពជើងទឹក​របស់​ចិន បាន​លើកឡើងថា ការឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​របស់​នាវា​ផ្ទុក​យន្តហោះ​ចិន នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា គឺធ្វើឡើង​ក្នុង​គោលបំណង សាកល្បង​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​សាកល្បង​នាវា ដែល​ស្ថិតនៅក្រោម​ការផលិត​តែប៉ុណ្ណោះ​។ ទន្ទឹមនេះ​អ្នកនាំពាក្យ​កងទ័ពជើងទឹក​រូបនេះ បានបញ្ជាក់​ទៀតថា វា​គ្រាន់តែ​ជាការ​អនុវត្ត​ធម្មតា ហើយក៏​មិនមាន​គោលដៅ​គំរាមកំហែង​លើ​ប្រទេស​ណាមួយ​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ AFP​។ 
 
​ប៉ុន្តែ​ការបើក​នាវា​ផ្ទុក​យន្តហោះ ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ គឺធ្វើឡើង បន្ទាប់​ទីក្រុង​តៃប៉ិ បាន​អះអាងថា ទីក្រុង​ក្រុង​ប៉េកាំង បាន​ព្យាយាម​លូកលាន់​ចូល​រឿង​ការបោះឆ្នោត​របស់ខ្លួន​នៅក្នុង​ខែមករា ឆ្នាំ ២០២០​ខាងមុខ​។ ជាក់ស្តែង លោក Joseph Wu រដ្ឋមន្ត្រី​ក្រសួងការបរទេស​តៃវ៉ាន់ បាន​សរសេរ​នៅលើ​បណ្តាញ Twitter នា​ថ្ងៃទី​១៧ ខែវិច្ឆិកា របស់ខ្លួន​ថា ចិន​ព្យាយាម​ជ្រៀតជ្រែក​ការបោះឆ្នោត​របស់​តៃវ៉ាន់ ប៉ុន្តែ​អ្នកបោះឆ្នោត មិនអាច​ត្រូវគេ​បំភ័យ​បានឡើយ​។ 
 
​នៅ​នា​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ចិន​បាន​អំពាវនាវ​ឲ្យ​ភាគី​អាមេរិក ឈប់​ដំឡើង​សាច់ដុំ​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង ឈប់​ពាក់ព័ន្ធ​ជាមួយ​កោះ​តៃវ៉ាន់​បន្តទៀត​។ ពី​ក្រុង​បាងកក លោក Wei Fenghe រដ្ឋមន្ត្រី​ការពារ​ជាតិចិន បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​មន្ត្រី ឬ​យោធា​អាមេរិក​រូប​ណា ហ៊ាន​ទាក់ទង​ជាមួយ​កោះ​តៃវ៉ាន់​។ ការអះអាង​ខាង​ភាគី​ចិន​បែបនេះ គឺធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ភាគី​អាមេរិក លោក ម៉ាក អេ​ស្ពើ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ចោទ​ភាគី​ចិន​ជា​សាធារណៈ​ថា ទីក្រុង​ប៉េកាំង​កំពុង​ប្រើប្រាស់​ការបង្ខិតបង្ខំ និង​គំរាមកំហែង ដើម្បី​ការពារ​កម្មវត្ថុ​របស់​ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​សូមបញ្ជាក់ថា ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​មួយ​ស្មុគស្មាញ​ជាខ្លាំង ព្រោះ​ដោយសារ​ប្រទេស​ជាច្រើន បានទាមទារ​លើ​ដែនទឹក​ត្រួតគ្នា​។ តាមរយៈ​ខ្សែបន្ទាត់​រាង​អណ្តាតគោ (Nine-Dash-Line) ទីក្រុង​ប៉េកាំង បានទាមទារ​ស្ទើរតែ​ទាំងអស់​លើ​តំបន់ ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕

Tag:
 ចិន​
  អាមេរិក​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com