ONE Championship
កីឡាជាតិ
ជាតិ
បទ​ចម្រៀង Baby Shark ធ្វើ​ឲ្យ​កីឡាករ​ថៃ Petchdam ជោគជ័យ​នៅ​សង្វៀន ONE
19, Nov 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​អ្នក​ប្រដាល់ Petchdam Petchyindee Academy រហស្សនាម «Baby Shark» ជា​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Kickboxing Flyweight World Champion និង​ជា​កីឡាករ​ជាប់កិច្ចសន្យា​ប្រកួត​នៅ​សង្វៀន​ពិភពលោក ONE Championship​។ Baby Shark បានបង្ហាញ​ខ្លួន​យ៉ាង​ជោគជ័យ​ក្នុង ៣​ប្រកួត​ដំបូង​នៅ​សង្វៀន ONE​។ ស្ថិតក្នុង​ការទទួល​ជ័យជម្នះ​គួរកត់សម្គាល់​នេះ​មាន​ធាតុ​ផ្សំ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​រូបគេ​ល្បីល្បាញ​។


 
​ជ័យជម្នះ​៣​លើ​ជាប់​គ្នា​ធ្វើ​ឲ្យ​រូបគេ​គ្រង​ខ្សែក្រវាត់ ONE Flyweight Kickboxing World Championship មុនពេល​របូត​ខ្សែក្រវាត់​ទៅលើ​កណ្ដាប់ដៃ​លើ​កូនកាត់​ហូ​ឡង់​-​ម៉ា​រ៉ុ​ក Ilias Ennahachi នា​ខែសីហា​កន្លងទៅ​។ យ៉ាងណាក្ដី Baby Shark ក៏​ស្ថិតក្នុង​ភាពជោគជ័យ​ដែល​ស្ថិតក្នុង​ចំណោម​កីឡាករ​កំពូល​របស់​ថៃ​ហើយ​ពេលមុន​ចេញ​ប្រកួត​លើស​ង្វៀន​ម្ដងៗ​ធ្វើ​ឲ្យ​គេ​នឹកភ្នក​ដល់​បទ​ចម្រៀង Baby Shark ដែល​រូបគេ​យកមក​ចាក់​រាំ​យ៉ាង​រំភើយ​មុនពេល​ប្រកួត និង ដើម្បី​ជា​កម្លាំងចិត្ត​ដ៏​សំខាន់​ហើយក៏​ជាការ​រួមចំណែក​ដល់​ការប្រកួត​ទទួលលទ្ធផល​ផងដែរ​។ ចំណែក អ្នកគាំទ្រ​ក៏​រំភើប​ទៅតាម​ចង្វាក់ភ្លេង​នេះ​ពេល​រូបគេ​ដើរមក​កាន់​សង្វៀន​មុនពេល​ប្រកួត​ម្ដងៗ​។  នេះ​ជា​ធាតុ​ដែល​ធ្វើ​ឲ្យ​គេ​បាត់​ភាពភ័យខ្លាច បន្ទាប់ពី​មានការ​ហ្វឹកហាត់​ដិតដល់​។ 
«​លោក Nuttadaj អ្នកចាត់ការ​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​បង្កើត​ស្ទិល​ផ្ទាល់ខ្លួន​មួយ​។ វា​ជាការ​ក្រើនរំលឹក​និង ដាស់​ស្មារតី​។ ខ្ញុំ​ចូលចិត្ត​បទ​ចម្រៀង Baby Shark ព្រោះ​វា​ធ្វើ​ឲ្យ​សប្បាយចិត្ត​និង​អាច​រាំ​មុន​ការប្រកួត​។ ហើយ ខ្ញុំ​បានជ្រើសរើស​យក​បទ​នេះ​»​។  Petchdam បាន​ពន្យល់​បែបនេះ​។ 


 
Petchdam រំលឹក​ទៀតថា​៖«​ដំបូង​ឡើយ​ខ្ញុំ​ពិតជា​ភ័យ​ណាស់​ពេល​ចូល​ប្រកួត​នៅ​សង្វៀន ONE លើកដំបូង​ព្រោះ​មាន​មនុស្ស​អ៊ូអរ​ជាច្រើន​។ ពេល​ចម្រៀង​ចាប់ផ្ដើម ខ្ញុំ​ក៏​ចាប់ផ្ដើម​រាំ​តាម​ចង្វាក់ភ្លេង​ដូចគ្នា​។ វា​ជាការ​ខុសប្លែក​មួយ​ដែល​ខ្ញុំ​មិនដែល​ធ្វើ​ពីមុនមក​។ ខ្ញុំ​មិនទាន់​សុំា​នោះទេ​នៅពេល​ចាក់​បទ​ចម្រៀង​លើកដំបូង ប៉ុន្តែ​ឥឡូវនេះ​វា​ក្លាយជា​ទម្លាប់​ធម្មតា​។ ខ្ញុំ​ចូលចិត្ត​សម្ដែង​បែបនេះ​មុន​ឡើង​រេញ​នាពេល​បច្ចុប្បន្ន​»​។ គួរ​ដឹង​ដែរ​ថា កាល​ប៉ះ​កីឡាករ​ជប៉ុន Mashide Kudo នៅ​សង្វៀន ONE: CALL TO GREATNESS កាល​ខែកុម្ភៈ កីឡាករ Petchdam បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​អម​ជាមួយនឹង​ការដើរ​ពី​ច្រក​ចុះមក​សង្វៀន និង ជាការ​ប្រកួត​យ៉ាង​អស្ចារ្យ​នៅលើ​សង្វៀន​ដែរ​។ មុខ​របស់ Baby Shark បង្ហាញ​ភាព​រីករាយ​យ៉ាងខ្លាំង​ស្ថិតក្នុង​សកម្មភាព​ដែល​ធ្វើ​អ្វីៗ​ជា​ក្ដី​ស្រលាញ់​។ 
 
​អតីត​ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភព​ប្រាប់ទៀតថា​៖«​ខ្ញុំ​ចូលចិត្ត​ធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ , លើកទឹកចិត្ត​ខ្លួនឯង​, ធ្វើ​រឿង​សប្បាយៗ​សម្រាប់​មនុស្ស​ជុំវិញខ្លួន ជាដើម​។ អ្នក​មិនអាច​លាប​ពណ៌​សក់​នៅ​សង្វៀន​នា​ក្រុង​បាងកក ប៉ុន្តែ នៅ​សង្វៀន ONE យើង​អាចធ្វើ​បែបនេះ​បាន​។ ដូច្នេះ​នេះ​ជា​ឱកាស​មានប្រៀប​មួយ​មុន​ប្រកួត​»​។ 
 
​កីឡាករ​វ័យ​២១​ឆ្នាំ​បាន​សង្កត់ធ្ងន់ថា​៖«​ការប្រកួត​នៅ ONE ពិតជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​មិនមាន​សម្ពាធ​ទេ​ពេល​ចាក់​ភ្លេង ហើយ មនុស្ស​កុះករ​តែងតែ​ជាការ​គាំទ្រ​ដ៏​ល្អ​»​។ ក្រៅពី​បង្កើត​សំណើច​នៅ​សង្វៀន Petchdam តែងតែ​ចែករំលែក​លើ​បណ្ដាញ​សង្គម​អំពី​សំណើច​ដល់​អ្នកគាំទ្រ គ្រូបង្វឹក និង មិត្ត​រួម​ក្រុម​ជារឿយៗ​។ មិន​ត្រឹមតែ​ជា​កីឡាករ​ចូលចិត្ត​សប្បាយ ប៉ុន្តែ Petchdam តែងតែ​ធ្វើ​ឲ្យ​ការប្រកួត​ជក់ចិត្ត និង ទាក់ទាញ​តាមរយៈ​ស្នាមញញឹម​ដល់​អ្នកគាំទ្រ​ទៀតផង​។ 
 
​កីឡាករ​ដដែល​គូសបញ្ជាក់ថា​៖«​ខ្ញុំ​ចូល​កំប្លែង វា​ជា​អត្តចរិត​របស់ខ្ញុំ​។ ខ្ញុំ​ចូលចិត្ត​ផុស​កំប្លែង​តាម​បណ្ដាញ​សង្គម ព្រោះ​វា​អាច​បំបាត់​ភាព​តប់ប្រមល់ និង ធ្វើ​ឲ្យ​គេ​គ្រប់គ្នា​សើច​»​។ Baby Shark បន្តថា​៖«​មិន​ត្រឹមតែ​សំណើច ប៉ុន្តែ​វា​ជា​វិធី​ល្អ​មួយ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ខ្លួន​ខ្ញុំ​ដែរ និង​បង្ហាញ​អំពីខ្ញុំ​ថា​ជា​អ្នកណា​។ ខ្ញុំ​ចូលចិត្ត​ហ្វឹកហាត់​ហ្មត់ចត់ ប៉ុន្តែ នៅ​ខាងក្រៅ​ខ្ញុំ​ក៏ត្រូវ​ការ​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​ខ្លួនឯង​។ ខ្ញុំ​មិនអាច​បណ្ដោយ​ឲ្យ​ខ្លួន​ខ្ញុំ​តប់ប្រមល់​ទេ​អំឡុងពេល​ហ្វឹកហាត់​។ ខ្ញុំ​ត្រូវតែ​សប្បាយចិត្ត​»​។​


 
Petchdam មានកំណត់​ត្រា​ប្រកួត ១១៧ ដង ក្នុងនោះ​ឈ្នះ ៩៤ ដង ចាញ់ ១៧ ដង និង ស្មើ​៧​ដង​។ គេ​ជា​ម្ចាស់​ខ្សែក្រវាត់ Lumpinee 118lbs Champion 2015, Thailand 118lbs Champion 2015, 126lbs Toyota Marathon Champion 2017, និង WBC Muaythai World Featherweight Champion 2018​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF GREATNESS នៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខ ពី​សិង្ហ​បុរី​ចាប់ពី​ម៉ោង ៦:៣០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 

© រក្សាសិទ្ធិដោយ thmeythmey.com