ជាតិ
សង្គមជាតិ
សាសនា / ធម៌
២៥ខេត្ត/រាជធានី
ព្រះ​សុមេធ​វង្ស សុខ ប៊ុនធឿន​៖«​ការអត់ឱន ឬ ខន្តី នាំ​ឲ្យ​កើតមាន​វឌ្ឍនភាព​, វិបុលភាព និង​សន្តិភាព​»
18, Nov 2019 , 9:57 pm        
រូបភាព
រូបភាពពីក្រុមការងាររៀបចំ«ទិវាអន្តរជាតិដើម្បីការអត់ឱន»
រូបភាពពីក្រុមការងាររៀបចំ«ទិវាអន្តរជាតិដើម្បីការអត់ឱន»
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា ជា​ហត្ថលេខី​មួយ​ដែល​បាន​ចូលរួម​បង្កើត​ឲ្យ​មាន​«​ទិវា​អន្តរជាតិ​ដើម្បី​ការអត់ឱន​» ឬ «International Day of Tolerance» កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៩៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ នៅ​ថ្ងៃខែ​ដដែល នៃ​ឆ្នាំ​២០១៩​នេះ ទិវា​​អន្តរជាតិ​ដើម្បី​ការអត់ឱន ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល (CJCC) ក្នុង​គោលបំណង​លើកស្ទួយ​ចរិយា​ធម៌​«​ការអត់ឱន​គ្នា​ទៅវិញទៅមក​»​ក្នុងសង្គម​ខ្មែរ ជាពិសេស​ក្នុងចំណោម​យុវវ័យ ដែល​គេ​អាច​មើលឃើញ​បាន​ដោយ​ងាយ​តាម​បណ្តាញ​សង្គម (Social Media)​។ ព្រះ​សុមេធ​វង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការ​វត្ត​ន​ន្ន​មុនី មាន​សង្ឃដីកា​នៅក្នុង​កម្មវិធី​នេះ​ថា ការមិន​អត់ឱន មាន​ផលប៉ះពាល់​ច្រើន​ដល់​សង្គម ដោយ​ព្រះ​សុមេធ​វង្ស​បណ្ឌិត លើក​ពី​ក្នុងសង្គម​គ្រួសារ​ថា ប្រសិនបើ ស្វាមី​និង​ភរិយា​មិន​អត់ឱន​ឲ្យ​គ្នា ឬ​កូនច្បង​មិន​អត់ឱន​ឲ្យ​ប្អូនៗ ដោយ​ការ​ប៉ះពារ​អា​ម្មណ៍ ឬ​មាន​ឥរិយា​ប​មិន​សមរម្យ​ណាមួយ នឹង​នាំ​ឲ្យ​កើតជា​ហិង្សា​នៅក្នុង​គ្រួសារ​។ ផ្ទុយទៅវិញ ការអត់ឱន ឬ​មាន​ខន្តី នៅក្នុង​ដំណើរ​ជីវិត​របស់​យើង នឹង​នាំ​ឲ្យ​បុគ្គល​ខ្លួនឯង​, គ្រួសារ​, សង្គមជាតិ និង​ពិភពលោក​រស់នៅ​ដោយមាន​សេចក្តីសុខ​។



​ថ្លែង​បើ​កម្មវិធី​«​ទិវា​អន្តរជាតិ​ដើម្បី​ការអត់ឱន​» លោក អៀង សុធា​រ៉ា អគ្គនាយក​ក្រុមហ៊ុន​ផ្កាឈូក បាន រម្លឹក​និង​រំលេច​នូវ​ពាក្យ​«​ខន្តី​»​របស់​ព្រះសម្មាសម្ពុទ្ធ និង​ពុទ្ធសាសនា ដែល​ភាសា​អង់គ្លេស​បាន​ប្រែ​ទៅជា Tolerance ដែល​អាច​ឲ្យ​យើង​និយាយបានថា ថ្ងៃនេះ អង្គការសហប្រជាជាតិ​បានកំណត់​ពាក្យ «​ខន្តី​» ឲ្យ​ទៅជា​ពាក្យ​អន្តរជាតិ ដោយ​លោក សុធា​រ៉ា បកប្រែ​ពាក្យ International Day for Tolerance ជាថ្មី ដូច្នេះ​វិញ​ថា «​ទិវា​អន្តរជាតិ​ដើម្បី​ខន្តី​»​។​


(រូបភាពពីក្រុមការងាររៀបចំ«ទិវាអន្តរជាតិដើម្បីការអត់ឱន»)

​នៅក្នុង​កម្មវិធី​ស្តីពី​«​ទិវា​អន្តរជាតិ​ដើម្បី​ការអត់ឱន​» ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ផ្កាឈូក នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) នេះ ព្រះ​សុមេធ​វង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការ​វត្ត​ន​ន្ន​មុនី ប្រធាន​ផ្នែក​ពុទ្ធិក​ឧ​ត្ត​ម្ភ​សិក្សា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ មាន​សង្ឃដីការ​ពន្យល់​ពី​អត្ថន័យ​នៃ​«​ការអត់ឱន​» ឬ «​ខន្តី​» នេះ​ដូច្នេះ​ថា​៖«​ជាការ​ទប់​អារម្មណ៍​, ការគ្រប់គ្រង​អារម្មណ៍ និង​ឱន​បន្ទន់​ទៅរក​អ្វីដែល​យើង​អាច​ទទួលយកបាន​។ មនុស្ស​មាន​បញ្ហា​នៅក្នុង​សង្គម គឺ​មកពី​មនុស្ស​ខ្វះ​បញ្ញា​។ ដូច្នេះ បំណង​នៃ​ការផ្សាយ​ព្រះធម៌​របស់​ព្រះពុទ្ធ គឺ​ធ្វើ​ឲ្យ​មនុស្ស​មាន​ពន្លឺ​នៃ​បញ្ញា​។ កាលណា​មនុស្ស​មាន​បញ្ញា​ច្រើន មានការ​យល់ដឹង​ច្រើន គឺ​មនុស្ស​នឹងមាន​ការអត់ឱន​ឲ្យ​គ្នាច្រើន​»​។

​ព្រះ​សុមេធ​វង្ស បណ្ឌិត សុខ ប៊ុនធឿន បាន​មាន​សង្ឃដីកា​បន្ថែម​លើ​អត្ថន័យ​នៃ​ពាក្យ​«​អត់ឱន​» ឬ «​ខន្តី​» នេះ​ថា ទី​១ គឺ​បង្ហាញ​ពី​សមត្ថភាព​នៅក្នុង​ការ​អត់​ធន​ដោយ​សំដៅយក​គុណវុឌ្ឍិ​ខាង​ផ្លូវចិត្ត​របស់​មនុស្ស ហើយ​ប្រសិនបើ​គ្មាន​គុណធម៌​នោះទេ គឺ​មនុស្ស​ពិបាក​នឹង​ទ្រាំ​ការ​អត់​ធន​នេះ​។ ទី​២ ការបើក​ចិត្ត​ទូលាយ​ទទួលយក​នូវ​ឥរិយាបថ​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​របស់​អ្នកដទៃ តាមរយៈ​ការពិចារណា​នូវ​ឧបនិស្ស័យ​របស់​មុ​ស្ស​។ ទី​៣ ការ​ទប់​នូវ​អ្វីដែល​គេ​និយាយ​ពាក្យ​មិនល្អ​មកលើ​យើង រួមទាំង​សុខចិត្ត​ទប់​ទល់នឹង​ការលំបាក​ពី​កត្តា​ធម្មជាតិ​ផង​។ និង​ចំណុច​ទី​៤ គឺ​សំដៅយក​គុណវុឌ្ឍិ​ដែលមាន​នៅក្នុង​បុគ្គល​ទាំងឡាយណា​ដែលមាន​ការអប់រំ​ខ្ពស់​។ ដូច្នេះ មនុស្ស​ដែលមាន​ការអត់ឱន ឬ​មាន​ខន្តី មិន​មានន័យថា ជា​មនុស្ស​អន់ ឬ​ទន់ខ្សោយ​នោះទេ​។​


(រូបភាពពីក្រុមការងាររៀបចំ«ទិវាអន្តរជាតិដើម្បីការអត់ឱន»)

​ព្រះ​សុមេធ​វង្ស បណ្ឌិត សុខ ប៊ុនធឿន ក៏បាន​មាន​សង្ឃដីកា​ពី​ការណ៍​ដែលមាន​ការអត់ឱន ឬ​ខន្តី ដោយ​ប្រកាន់ខ្ជាប់​នៅក្នុង​ដំណើរ​ជីវិត​របស់​យើង យ៉ាង​ដូច្នេះ​ថា នឹង​ទទួលបាន​ផល​ច្រើន​ដល់​បុគ្គល​, គ្រួសារ​, សង្គមជាតិ និង​សម្រាប់​មនុស្សជាតិ​ទូទាំង​ពិភពលោក រស់នៅ​ប្រកបដោយ​សេចក្តីសុខ និង​រស់នៅ​ដោយមាន​សាមគ្គី​គ្នា​ទាំង​ផ្លូវកាយ វាចា និង​ចិត្ត​។ លើសពីនេះទៅទៀត ការចេះ​អត់ឱន ឬ​ខន្តី នេះ ក៏​ធ្វើ​ឲ្យ​កើត​មាននូវ​សុខដុម​ណី​យក​ម្ម ពោលគឺ​មនុស្ស​ចេះ​អត់ឱន​ឲ្យ​គ្នា​, ចេះ​ជួយ​យក​ឧស្សាហ៍​គ្នា​នៅក្នុង​ស្រុកភូមិ និង​ចេះ​ចែកគ្នា​រស់ ដែលជា​គុណធម៌​របស់​ពលរដ្ឋ​ខ្មែរ​តាំងពី​សម័យ​ដើម​មកម្ល៉េះ​។ ហើយ​ផល​កើត​អំពី​ការ​បដិបត្តិ​នៃ​ការអត់ឱន ឬ​ខន្តី នេះ ត្រូវបាន​ព្រះ​សុមេធ​វង្ស បណ្ឌិត សុខ ប៊ុនធឿន បញ្ជាក់ថា​៖«​នាំ​ឲ្យ​កើតមាន​វឌ្ឍនភាព​, វិបុលភាព និង​សន្តិភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​»​។​

​លោក អៀង សុធា​រ៉ា ដែល​បានរៀបចំ​កម្ម​វ​ធី​«​ទិវា​អន្តរជាតិ​ដើម្បី​ខន្តី​»​នេះ ដោយមានអ្នកចូលរួមប្រមាណ ៦០អង្គនិងនាក់ បាន​និមន្ត​និង​អំពាវនាវ​ព្រះ​ថេ​រា​នុ​ថេរៈ គ្រប់​ព្រះអង្គ​និង​អ្នកចូលរួម​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ និង​បណ្តុះ​ធម៌​ខន្តី និង ការអត់ឱន​គ្នា នេះ ឲ្យ​បាន​កាន់តែច្រើន​និង​ទូលំទូលាយ​ក្នុងចំណោម​យុវជន​។ លោក សុធា​រ៉ា សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា​យើង​ដែលមាន​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ នឹងមាន​ប្រជាពលរដ្ឋ​គ្រប់រូប​ដែលមាន​ចិត្តជា​ខន្តី អត់ធ្មត់ អត់ទ្រាំ អត់ធន់ និង អត់ឱន ជាពុំខាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com