ជាតិ
អតីតមេដឹកនាំ និងមេដឹកនាំ ធ្វើបទបង្ហាញក្នុងកិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩
× កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ (Asia Pacific Summit Cambodia – 2019) នៅវិមានសន្តិភាព ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ។ កិច្ចប្រជុំលើកទី២ ដែលសហការរៀបចំដោយរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធសន្តិភាពសកល (UPF) មានតំណាងចូលរួមប្រមាណ៥០ប្រទេស។ ព្រឹតិ្តការណ៍នេះ មានប្រធានបទជាច្រើនទាក់ទងនឹងការកសាងសន្តិភាព ដោយមានវាគ្មិនជាតិ និងអន្តរជាតិដែលជាអតីតមេដឹកនាំ និងមេដឹកនាំបច្ចុប្បន្ននៃបណ្តាប្រទេសមួយចំនួន។
វាគ្មិនអន្តរជាតិដែលត្រូវចូលរួមធ្វើបទបង្ហាញ និងពិភាក្សា មានដូចជា លោក George Sokomanu អតីតប្រធានាធិបតីវ៉ានូទូ លោក Madhav Kumar Nepal អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក H.D. Deve Gowda អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក Syed Yusuf Raza Gilani អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Hassan Ghafouri Fard អតីតអនុប្រធានាធិបតីអ៊ីរ៉ង់ លោក Andres Pastrana អតីតប្រធានាធិបតីកូឡុំប៊ី លោក Baron Divavesi Waqa ប្រធានាធិបតីណូរូ និងលោក Tuimaiealifano Vaaleto’a Sualauvi II ប្រធានរដ្ឋនៃរដ្ឋឯករាជ្យសាម័រ។
វាគ្មិនភាគីកម្ពុជាដែលត្រូវធ្វើបទបង្ហាញផងដែរនោះ មានដូចជា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា, លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា, លោ សួស យ៉ារ៉ា លោក សុះ មុះសិន សមាជិករដ្ឋសភា, លោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា, និងលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។
នារយៈពេលពីរថ្ងៃ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក-កម្ពុជា ២០១៩ ប្រធានបទពិភាក្សា ផ្សេងៗដែលភ្ជាប់ជាមួយនឹងការកសាងសន្តិភាព ដូចជា ដំណោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន តួនាទីរដ្ឋាភិបាល សភា និងសង្គមស៊ីវិល គំរូនៃដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច តួនាទីសារព័ត៌មាន និងការអប់រំ សកម្មភាពយុវជន និងវប្បធម៌ផ្សេងៗ។ បទបង្ហាញថ្ងៃដំបូងប្រព្រឹត្តនៅវិមានសន្តិភាព រីឯបទបង្ហាញថ្ងៃទី២០ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com