ភ្នំពេញ៖ ពីកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស ក្រោយរួចផុតពីសម័យសង្គ្រាម នៅចំពោះមុខមេដឹកនាំបណ្ដាប្រទេសនានា។ សម្ដេច ក៏ឆ្លៀតផ្លែផ្កាឱ្យប្រទេសមហាអំណាចមួយចំនួន ដែលបានធ្វើទុក្ខបុកម្នេញលើប្រទេសតូចៗ ដោយសារបញ្ហាភូមិសាស្ត្រនយោបាយផងដែរ។
«ពិភពលោកគួរតែត្រូវស្វែងយល់ឱ្យបានច្បាស់អំពីឥរិយាបថខ្លួន ចំពោះទំនាក់ទំនងជាមួយប្រទេសដទៃ ដែលខ្លួនធ្លាប់បានប្រព្រឹត្តទៅលើប្រទេសទាំងនោះ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កម្ពុជាធ្លាប់រងគ្រោះរួចហើយ នៅគ្រាដែលរដ្ឋាភិបាលកំពុងរៀបចំប្រទេសក្រោយសង្គ្រាមនោះ បែរជាមានប្រទេសមហាអំណាច ហ៊ុមព័ទ្ធទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា និងបន្តគាំទ្រអាសនរបប ប៉ុល ពត នៅក្នុងអង្គការសហប្រជាជាតិ រហូតដល់ឆ្នាំ១៩៩១ជាដើម ។ សម្រាប់ប្រមុខរដ្ឋាភិបាល ទង្វើរមហាអំណាចគ្រានោះ មិនមែនជួយកម្ពុជាទេ ប៉ុន្តែវាជាបន្ទុកដល់រដ្ឋាភិបាល ដែលប្រឹងទប់ស្កាត់សង្គ្រាមផង និងរៀបចំប្រទេសផង។
ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» លោកនាយករដ្ឋមន្ត្រីកម្ពុជា ឆ្លៀតរិះគន់បណ្ដាប្រទេសមហាអំណាចដូច្នេះថា៖«កម្ពុជាធ្លាប់ជួបប្រទះរួចហើយ នៅក្នុងពេលប្រទេសតាំងខ្លួនប្រជាធិបតេយ្យ ប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារយោធា។ ប្រទេសតាំងខ្លួនប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រឱ្យពួកកាប់សម្លាប់មនុស្ស រំលោភសិទ្ធិមនុស្ស និងប្រល័យពូជសាសន៍ អង្គុយនៅអង្គការសហប្រជាជាតិ»។
នៅចំពោះមុខប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ពីបណ្ដាប្រទេសនៅជុំវិញពិភពលោក សម្ដេច ហ៊ុន សែន បានប្រាប់ពួកគេថា បញ្ហារបស់កម្ពុជា ដែលធ្លាប់រងគ្រោះដោយសារប្រទេសមហាអំណាចនេះ វាអាចជាមេរៀនការទូតមួយ សម្រាប់ពួកគេសិក្សាស្វែងយល់ផងដែរ។ «សង្ឃឹមថាបទពិសោធន៍នៅកម្ពុជា គឺជាមេរៀនមួយ ដែលមិនគ្រាន់តែប្រជាជនកម្ពុជាខ្លួនឯងត្រូវរៀនសូត្រទេ ក៏ប៉ុន្តែកិច្ចនយោបាយការបរទេស របស់ប្រទេសមួយចំនួន សម្រាប់ឥរិយាបថចំពោះប្រទេសដទៃទៀត គួរតែត្រូវបានដកពិសោធន៍»។ នេះជាលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ។
បច្ចុប្បន្នពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈមជាសកល ក្នុងនោះរួមមានសង្គ្រាមពាណិជ្ជកម្ម ,ភូមិសាស្ត្រនយោបាយ ,ការប្រកួតប្រជែងរបស់ពួកមហាអំណាច ,សកម្មភាពវិទ្ធង្សនា ,សង្គ្រាមអូសបន្លាយនៅមជ្ឈិមបូព៌ា ការប្រែប្រួលអាកាសធាតុ និងភាពក្រីក្ររ៉ាំរ៉ៃ រួមទាំងភេវរកម្ម ដែលកំពុងគំរាមកំហែងដល់ពាណិជ្ជកម្ម និងសន្តិភាពពិភពលោក ។ ចំណែកតំបន់អឺរ៉ុបវិញ ក៏កំពុងជួបបញ្ហាវិបត្តិតានតឹងផ្នែកនយោបាយ និងការធ្លាក់ចុះទំនាក់ទំនងប្រទេសនិងប្រទេស ដែលកំពុងត្រូវការប្រទេសនៅអាស៊ី រួមទាំងសកលលោករួមគ្នាដោះស្រាយបញ្ហានេះ។ សម្ដេច ហ៊ុន សែន លើកឡើងបែបនេះ មុននឹងបន្តថ្លែងដូច្នេះថា៖ «ដើម្បីឱ្យពិភពលោកសន្តិភាពយូរអង្វែង ត្រូវតែមានសន្តិភាពគ្រួសារ សន្តិភាពសហគមន៍ និងសន្តិភាពសង្គមជាតិជាមុនសិន»។
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ (Asia Pacific Summit Cambodia – 2019) នៅវិមានសន្តិភាព ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ។ កិច្ចប្រជុំលើកទី២ ដែលសហការរៀបចំដោយរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធសន្តិភាពសកល (UPF) មានតំណាងចូលរួមប្រមាណ៥០ប្រទេស។ ព្រឹតិ្តការណ៍នេះ មានប្រធានបទជាច្រើនទាក់ទងនឹងការកសាងសន្តិភាព ដោយមានវាគ្មិនជាតិ និងអន្តរជាតិដែលជាអតីតមេដឹកនាំ និងមេដឹកនាំបច្ចុប្បន្ននៃបណ្តាប្រទេសមួយចំនួន។
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី១ ត្រូវបានធ្វើឡើងនៅប្រទេសនេប៉ាល់ កាលពីឆ្នាំ២០១៨ ។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលមានខ្លឹមសារស្នូលភាគច្រើន ផ្ដោតទៅលើសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងដំណោះស្រាយជម្លោះជាដើម៕