ជាតិ
សម្តេច ស ខេង ប្រាប់ឱ្យក្រសួង៣ សហការគ្នាឱ្យល្អ ដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងវេទិកាជាតិ អេកូទេសចរណ៍លើកទី១ នាព្រឹកថ្ងៃទី១៩វិច្ឆិកា
× ភ្នំពេញ៖ ក្រសួងចំនួន៣ ចាំបាច់ត្រូវសហការគ្នា អភិវឌ្ឍតំបន់ទេសចរណ៍ឱ្យបានល្អ ដើម្បីផលប្រយោជន៍ ជាតិ។ នេះជាការលើកឡើងរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងវេទិកាជាតិ អេកូទេសចរណ៍លើកទី១ នាព្រឹកថ្ងៃទី១៩វិច្ឆិកា ។
ក្រសួងទាំង៣ ដែលសម្ដេច ស ខេង ស្នើឱ្យយកចិត្តទុកដាក់លើតំបន់ទេសចរណ៍ជាតិនោះ មានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្រាប់សម្តេច ស ខេង ការងារអន្តរក្រសួងនេះ វាមានភាពចាំបាច់ក្នុងការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមិនអាចខ្វះមួយណាបានឡើយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖ «ខ្ញុំឧទាហរណ៍ថា ក្រសួងទេសចរណ៍ស្នើសុំក្រសួងកសិកម្មនូវតំបន់ណាមួយ ដើម្បីក្លាយជាកន្លែងទេសចរណ៍ ប៉ុន្តែដោយសារហេតុផលផ្សេងៗ ក្រសួងកសិកម្មមិនគាំទ្រ។ នេះជាបញ្ហាដែលធ្វើឱ្យការអភិវឌ្ឍវិស័យទេសចរណ៍មិនអាចទៅមុខបាន»។
សម្ដេច ស ខេង ក៏ស្នើឱ្យស្ថាប័នរដ្ឋទាំងអស់ ត្រូវគិតពីប្រយោជន៍ជាតិជាធំ ជាងប្រយោជន៍បុគ្គល។ «ការសម្រេចចិត្តរបស់យើង ដោយឈរនៅលើផលប្រយោជន៍រួមនោះហើយ គឺជាការរួមគ្នាដើម្បីអភិវឌ្ឍ ដោយមិនអាចថាក្រសួងនីមួយៗ ផ្អែកលើផលប្រយោជន៍របស់ក្រុមណាមួយ ផ្នែកណាមួយ ឬក៏ស្ថាប័នណាមួយនោះទេ »។ នេះជាលើកឡើងរបស់ប្រមុខក្រសួងមហាផ្ទៃ។
កម្ពុជាមានសហគមន៍ទេសចរណ៍រហូតទៅដល់ជាង២៣០០កន្លែង ប៉ុន្តែបច្ចុប្បន្នមានតែ១២៥កន្លែងប៉ុណ្ណោះ ដែលមានសកម្មភាពទេសចរណ៍។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងពិធីវេទិកាជាតិ អេកូទេសចរណ៍លើកទី១ ៕
Tag:
ស ខេង
ទេសចរណ៍
បរិស្ថាន
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com