កីឡាអន្តរជាតិ
អន្តរជាតិ
Henry ត្រឡប់​ចូលធ្វើ​អ្នកចាត់ការ Montreal ក្រោយ​បរាជ័យ​ជាមួយ Monaco
19, Nov 2019 , 8:19 pm        
រូបភាព
​លោក Thierry Henry បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម Montreal Impact នៃ​លី​គ​កំពូល​អាមេរិក (MLS) ជា​ផ្លូវកា​។ វីរបុរស​ក្រុម Arsenal រូបនេះ បញ្ជាក់ថា​លោក​ចង់ «​ប្រឈមមុខ​» ជាថ្មី​បន្ទាប់ពី​ទទួលបាន​ត្រឹម​ការខកចិត្ត​ក្នុងការ​ដឹកនាំ​ក្រុម Monaco សម្រាប់​អាជីព​អ្នកចាត់ការ​ដំបូង​របស់ខ្លួន ត្រឹម​រយៈពេល​ខ្លី​។​


 
Monaco ក្លិប​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​បារាំង Ligue1 បានបញ្ចប់​តំណែង Henry ក្នុងនាម​អាជីព​ជា​អ្នកចាត់ការ​ទូទៅ​ដំបូង កាលពី​ខែមករា​កន្លងទៅ បន្ទាប់ពី​ដឹកនាំ​ឈ្នះ​តែ​៥​ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​២០​ប្រកួត​។​
 
​អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៤២​ឆ្នាំ​រូបនេះ​បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​តែងតាំង​ជា​គ្រូ Montreal Impact ថា​៖«​អ្នកនឹង​ដួល ហើយ​នេះ​ជា​វិធី​ដែល​អ្នក​ក្រោក​ឡើងវិញ​។ អ្នក​អាច​រៀន​បាន​ច្រើន ហើយ​ស្វែងយល់​បន្ថែម​ពី​ខ្លួន​អ្នក​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​។​


 
Henry បាន​ពន្យល់​ពី​ការវិលត្រឡប់​ទៅកាន់​តំណែង​ជា​គ្រូបង្វឹក​ជា​លើក​ទី​ពីរ​របស់ខ្លួន​ទៀតថា នេះ​ជាការ​វិលត្រឡប់​មកវិញ ក្នុង​ជីវិត​បាល់ទាត់​របស់លោក​។ ហើយ​កំហុស​តែមួយគត់​ដែល​អាច​កើតឡើង​បាន គឺ​ដោយសារ​មិន​រៀន​ពីអ្វី​ដែល​បាន​កើតឡើង​រួចមក​។​
 
«​អ្នក​ត្រូវ​ត្រឡប់​មកវិញហើយ​ប្រឈមមុខ​ជាមួយ​វា​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែលមាន​ឱកាស​ធ្វើការ​ជាមួយ​ក្លិប​មួយ​នេះ​»​។ នេះ​ជាការ​រៀបរាប់​របស់​អត​តិ​សមាជិក​ក្រុម​ជម្រើសជាតិ​បារាំង​។​
 
​សម្រាប់​តំណែង​ជា​អ្នកចាត់ការ​ក្រុម Montreal Impact នេះ Henry បាន​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល ២​ឆ្នាំ និង​មាន​ជម្រើស​បន្ត​រហូតដល់​ឆ្នាំ ២០២២​ផង​។​
Montreal ដែល​ខកខាន​មិនបាន​ឈានទៅ​ប្រកួត​វគ្គ Play-offs កាលពី​រដូវ​កាល​មុន បាន​ចែកផ្លូវ​គ្នា​ជាមួយ​គ្រូបង្វឹក​លោក Wilmer Cabrera នៅពេល​កិច្ចសន្យា​របស់​គ្រូ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​អស់​សុពលភាព​ក្រោយ​ចប់​រដូវ​កាល​កន្លងទៅ​៕

Tag:
 Thierry Henry
  Montreal Impact
  Monaco
© រក្សាសិទ្ធិដោយ thmeythmey.com