អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ក្រសួង​សាធារណការ​៖ ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ អាច​បញ្ចប់​មុនពេល​កំណត់​
20, Nov 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ត្រូវបាន​រំពឹងថា នឹង​បញ្ចប់​មុន​ផែន​ការដែល​បានគ្រោង​ទុក ខណៈពេល​នេះ ការស្ថាបនា​បានសម្រេច​លទ្ធផល​ប្រមាណ ៤០ ភាគរយ​ហើយ​។
 
​រាជរដ្ឋាភិបាល​កម្ពុជា បាន​រំពឹងថា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ នឹង​បញ្ចប់​មុន​ផែន​ការដែល​បានគ្រោង​ទុក ដោយសារ​មានការ​ជំរុញ​ពី​សំណាក់​របស់​រដ្ឋាភិបាល និង​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​ធ្វើយ៉ាងណា​ធ្វើឱ្យបាន​លឿន​តាម​ផែនការ ឬ​មុន​ផែនការ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក គង់ វិមាន ថ្លែងប្រាប់​សារព័ត៌មាន​នៅក្នុង​ស្រុក កាលពីពេល​ថ្មីៗ​នេះ​។​
 
​លោក​បានឱ្យដឹង​បន្តថា គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ ត្រូវបាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣ លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ពន្ធ និង​សួយសារអាករ​។ ការស្ថាបនា នឹង​ប្រើរយៈពេល ៤២ ខែ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២១​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឯកអគ្គ​រដ្ឋ ទូត​ចិន ប្រចាំ​នៅ​កម្ពុជា​។ ផ្លូវ​នេះ មាន​ប្រវែង​ជាង ៥០ គីឡូម៉ែត្រ សាងសង់ឡើង​ក្នុង​បំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង និង​ការធ្វើសមាហរណកម្ម​ផ្ទៃក្នុង សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន និង​អាច​កាត់បន្ថយ​រយៈពេល​ក្នុងការ​ធ្វើដំណើរ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com