ពីនេះ ពីនោះ
«ខ្ញីចាស់, ខ្ទឹមស, ស្ករត្នោត» ជាធាតុផ្សំសំខាន់សម្រាប់ធ្វើមេថ្នាំការពារជំងឺមាន់
× ភ្នំពេញ៖ ក្រៅពីចេះរបៀបចិញ្ចឹមមាន់រួចហើយ កសិករគួរស្វែងយល់ពីការធ្វើមេថ្នាំ ការពារជំងឺមាន់។ មេថ្នាំការពារជំងឺមាន់នេះ អាចជួយឲ្យមាន់ចិញ្ចឹមរបស់លោកអ្នក ធំធាត់ល្អ និងធន់នឹងជំងឺឆ្លងផ្សេងៗ។ កសិករអាចធ្វើមេថ្នាំការពារកុំឲ្យមាន់ឈឺបាន ដោយត្រូវការធាតុផ្សំបីប្រភេទ គឺខ្ញីចាស់ ខ្ទឹមស និងស្ករត្នោត។
ខ្ញីចាស់, ខ្ទឹមស, ស្ករត្នោត ជាធាតុផ្សំ ដែលកសិករងាយស្រួលរក ដើម្បីយកមកធ្វើមេថ្នាំការពារជំងឺមាន់។ ដើម្បីធ្វើជាមេថ្នាំការពារជំងឺមាន់បាន កសិករត្រូវការខ្ញីចាស់ចំនួនកន្លះគីឡូក្រាម, ខ្ទឹមស ចំនួន កន្លះគីឡូក្រាម និងស្ករត្នោត ចំនួន កន្លះគីឡូក្រាមដូចគ្នា។
កសិករត្រូវចិតសំបកខ្ញីចេញឲ្យស្អាត ដោយលាងទឹកទុកឲ្យស្រស់ទឹក។ បន្ទាប់មក យកខ្ទឹមស មកបកសំបកឲ្យស្អាត។ មើមខ្ញីដែលច្រោះទឹកល្អហើយ រួមទាំងខ្ទឹមស ដែលបានបកសំបកចេញរួចនោះ ត្រូវយកហាន់ឲ្យល្អិត រួចបុកឲ្យម៉ដ្ឋ ដាក់ក្នុងចានដែក ដែលស្អាត និងស្ងួត។ ក្រោយមកទៀត កសិករត្រូវយកស្ករត្នោតរងូ (ស្ករត្នោតដែលរំងាស់ខ្ចីភ្លើងធ្វើឲ្យរាវ) ចាក់ចូលជាមួយខ្ទឹមស និងខ្ញី រួចច្របល់ចូលគ្នាឲ្យសព្វ ដាក់ចូលក្នុងកែវជាការស្រេច។
ទាក់ទងនឹងការរក្សាទុកវិញ កសិករត្រូវរក្សាទុកកែវមេថ្នាំនៅកន្លែងស្ងួត និងត្រជាក់ ជាពិសេស អាចបង្ហើបគម្រប ២ថ្ងៃម្ដង។ ក្រោយរក្សាទុកបាន ១៥ថ្ងៃ កសិករអាចយកថ្នាំទៅប្រើប្រាស់បាន។
សម្រាប់ការប្រើប្រាស់ កសិករត្រូវយកទឹកថ្នាំទៅបន្តក់ឲ្យកូនមាន់ ១តំណក់ ក្រោយពេលញាស់បាន ២៤ម៉ោង។ លើសពីនេះ កសិករត្រូវយកទឹកមេថ្នាំ ១ស្លាបព្រាកាហ្វេ លាយជាមួយចំណី ១គីឡូក្រាម ច្របល់ឲ្យសព្វ យកដាក់ឲ្យមាន់ស៊ីរៀងរាល់ថ្ងៃ។ កសិករ ត្រូវយកទឹកមេថ្នាំ ១ស្លាបព្រាកាហ្វេ ដាក់លាយជាមួយទឹកស្អាត ២លីត្រ ឲ្យមាន់ផឹកជាប្រចាំ៕
(សារព័ត៌មានថ្មីៗដកស្រង់ចេញពីសៀវភៅកសិករជោគជ័យ នៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជា Cedac។)
© រក្សាសិទ្ធិដោយ thmeythmey.com