ជាតិ
មន្ដ្រី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​យុវជន​ឱ្យ​ត្រៀមខ្លួន​ទទួល​បច្ចេកវិទ្យា​ឧស្សាហកម្ម​ជំនា​ន់ទី​៤
19, Nov 2019 , 9:35 pm        
រូបភាព
សៀមរាប​៖ បច្ចុប្បន្ននេះ ពិភពលោក​កំពុងនិយាយ​ច្រើន​ពី​បច្ចេកវិទ្យា​ឧស្សាហកម្ម​ឌីជីថល​ជំនា​ន់ទី​៤ ឬ​ឧស្សាហកម្ម​៤.០​។ ប្រព័ន្ធ​នេះ​នឹង​ចូលមក​ជំនួស​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៣ ដែល​ប្រើប្រាស់​កុំ​ព្យូ​រ​ទ័​រ​និង​ម៉ាស៊ីន​ស្វ័យ​ប្រ​វ​តិ្ត ទៅជា​ការប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​ឆ្លាត​វៃ​ដោយ​ស្វ័យប្រវត្តិ​។ ក្នុង​ទិវា​សប្ដាហ៍​សហគ្រិនភាព​ស​កល​-​កម្ពុជា ឆ្នាំ​២០១៩ មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រាប់​ឱ្យ​យុវជន​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ទទួល​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ចុងក្រោយ​នេះ​។​


​ជា​រៀងរាល់ឆ្នាំ​នៅ​សប្ដាហ៍​ទី​៣​នៃ​ខែ វិច្ឆិកា ពិភពលោក​បានរៀបចំ​ទិវា​សប្ដាហ៍​សហគ្រិនភាព ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។ នៅ​ឆ្នាំនេះ ទិវា​នេះ​បានរៀបចំ​នៅ​ខេត្តសៀមរាប​នា​ថ្ងៃទី​១៨ ក្រោម​ប្រធានបទ​រួមមួយ​គឺ «​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​សហគ្រិនភាព​ឆ្ពោះទៅរក​ការរួមបញ្ចូល​គ្នា​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​»​។ ប្រធាន​សហគ្រិន​វ័យក្មេង​កម្ពុជា សាខា​ខេត្តសៀមរាប លោក ឡាយ គឹម​សួរ បាន​លើកឡើងថា ទិវា​នេះ​មានបំណង​លើកទឹកចិត្ត និង​ផ្តល់​ចំណេះដឹង​ដល់​យុវជន​ដែលមាន​បំណង​ចង់​បង្កើត​អាជីវកម្ម ឬ​អ្នក​បម្រុង​បង្កើត​អាជីវកម្ម​នានា ដើម្បីឱ្យ​បានដឹង​កាន់តែច្បាស់​ពី​សហគ្រិនភាព និង​មានឱកាស​ជួប​ជជែក​ផ្ទាល់​ពី​សហគ្រិន​ដែល​ជោគជ័យ​។ លោក​បន្តថា ទិវា​នេះ​នឹង​អនុញ្ញាតឱ្យ​សហគ្រិន​បាន​ស្វែងយល់​បន្ថែម​ពី​បច្ចេកវិទ្យា​ថ្មីៗ​ទាក់ទង​នឹង​សេដ្ឋកិច្ច​ឌីជីថល បញ្ហា ឬ​យន្ត​ការដែល​គួរ​រួមគ្នា​ដើម្បី​ជំរុញឱ្យមាន​ការរីកចម្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​សហគ្រិន​កម្ពុជា​។​ 



 អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ប្រាប់​យុវជន​ឱ្យ​ត្រៀមខ្លួន​ដើម្បី​ទទួល​ប្រព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល​ដែល​នឹង​មកដល់​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បីឱ្យ​ដើរទា​ន់​នឹង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ទន្ទឹមនឹងនោះ លោក​អភិបាល​ក៏​បង្ហាញ​ក្ដីបារម្ភ​ទៅនឹង​ការមកដល់​លឿន​ពេក​ដែរ ដ្បិតថា​អត្រា​មនុស្ស​ចាស់​ក្នុង​ខេត្ត​សៀម​រាម​នៅមាន​ច្រើន ដែល​ធ្វើឱ្យ​ពួកគេ​ពិបាក​ក្នុងការ​ផ្លាស់ប្ដូរ​មុខរបរ​ថ្មី និង​ទំនើប​។​



លោក កាន ច័ន្ទ​មេ​ត្ដា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ពន្យល់​លម្អិត​អំពី​អ្វី​ជា​ឧស្សាហកម្ម​៤.០​។ ប្រព័ន្ធ​បច្ចេកវិទ្យា​ជំនា​ន់ទី​៤​នេះ គឺជា​មានការ​បំពាក់​ខួរក្បាល​សិប្ប​និមិត្ត​ ដល់​មនុស្ស​យន្ត ​ឬ​ប្រព័ន្ធ​ឌីជីថល​ផ្សេងៗ​ជំនួស​ឱ្យកម្លាំង​មនុស្ស​។ តាម​ការបញ្ជាក់​ពី​លោក​រដ្ឋលេខាធិការ កម្ពុជា​បានកំណត់​ការហៅ​បច្ចេកវិទ្យា​ថ្មី​នេះ​ថា ឌីជីថល​ខេ​ម​បូ​ឌែ​រ (Digital Cambodia) ដែល​នឹង​មកដល់​នា​ឆ្នាំ​២០២៣ ដូច្នេះ​លោក​ចង់ឱ្យ​ប្រជាជន​កម្ពុជា ត្រូវ​រៀន​ពី​បច្ចេកវិទ្យា​ថ្មីៗ និង​មានចំណេះដឹង​គ្រប់គ្រាន់​សម្រាប់​ការទទួល​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​បានកើត​ពី​ឆ្នាំ​២០១០​មក​៕
 

Tag:
 បច្ចេកវិទ្យា​ជំនា​ន់ទី​៤
  កាន ច័ន្ទ​មេ​ត្ដា​
  ឡាយ គឹម​សួរ​
  សប្ដាហ៍​សហគ្រិនភាព​ស​កល​
© រក្សាសិទ្ធិដោយ thmeythmey.com