កីឡាជាតិ
ជាតិ
អ៊ុន ស្រី​យ៉ា៖កីឡាការិនី កែ ឡេង ប្រៀបបាន​ដូច​ខ្លា ក្នុង​វិស័យ​កីឡា​ប៉េតង់​
20, Nov 2019 , 8:35 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ​កិត្តិនាម និង​កិត្តិសព្ទ​ដ៏​ល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​បានធ្វើ​ឲ្យ​វីរ​កីឡាការិនី កែ ឡេង ក្លាយជា​មនុស្ស​ម្នាក់​ដ៏​គួរ​ឲ្យ​ខ្លាចរអា​ក្នុង​វិស័យ​កីឡា​ប៉េតង់ ដែល​គូប្រកួត​គ្រប់គ្នា​មិន​ចង់​ជួប​។ ការ​វាយ​ចំ​គោលដៅ​ច្បាស់ៗ ជួយ​ឲ្យ​កីឡាការិនី​រូបនេះ ក្លាយជា​ចំណែក​មួយ​មិនអាច​ខ្វះ​បាន ពេល​ប្រកួត​លក្ខណៈ​អន្តរជាតិ ទោះបី​មាន​វ័យ​រាង​ជ្រេ​បន្តិច​ក៏ដោយ​។ ជាក់ស្តែង ម្ចាស់​មេដាយមាស​៣​ជំនាន់​រូបនេះ កំពុង​ប្រជែង​ក្នុង​ព្រឹត្តិការណ៍ 17th Juniors & Women Petanque World Championship នៅ​កម្ពុជា​។

 
​កីឡាការិនី អ៊ុន ស្រី​យ៉ា ម្ចាស់​ពាន Trophee L’Equipe ឆ្នាំ​២០១៩ នៅ​ប្រទេស​បារាំង បាន​ប្រៀបធៀប​សមត្ថភាព​រប​ស់​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​៣​ជំនាន់ ទៅនឹង​សត្វ​ខ្លា​។ ព្រោះ​នាង​សង្កេតឃើញថា គូប្រកួត​តែងតែមាន​ការភ័យខ្លាច ពេល​មាន​វត្តមាន​របស់​កីឡាការិនី​រូបនេះ ក្នុងការ​ប្រកួត​ម្តងៗ​។ កត្តា​ដែល​ធ្វើ​ឲ្យ​គូប្រកួត​ខ្លាចរអា គឺ​ដោយសារ​សមត្ថភាព​វាយ ចំ​គោលដៅ​ច្បាស់ៗ និង​ដាំ​នៅ​នឹង​មួយកន្លែង​។  


 
«​បើ​និយាយ​ឲ្យ​អស់​ទៅ​គាត់ (​វីរ​កីឡាការិនី កែ ឡេង​) ប្រៀបបាន​ដូច​ខ្លា ព្រោះ​មេដាយមាស​៣​ជំនាន់​មិន​ងាយ​នោះទេ គ្រាន់តែ​គេ (​គូប្រកួត​) ឃើញ​គាត់​ចូល​លេង គឺ​រអា​តែម្តង ដោយសារ​ប៊ូល​គាត់ ឲ្យ​តែ​វាយ​ចំ​គឺ​អុក (​ដាំ​នៅ​នឹង​មួយកន្លែង​)​។ យើង​ក៏​ដូចគ្នា បើសិន​ឃើញ​គូប្រកួត​មិនសូវ​ចេះ​វាយ គឺមាន​អារម្មណ៍​ធូរស្បើយ ពេល​ចូល​ប៊ូល​មាន​អារម្មណ៍​ធម្មតា មិន​ប្រឹង មិន​ភ័យ​»​។ កីឡាការិនី អ៊ុន ស្រី​យ៉ា លើកឡើង​ដូច្នេះ ក្រោយ​យកឈ្នះ​ក្រុម​ឡេ​តូ​នី ក្នុង​លទ្ធផល ១៣-៣ នា​ការប្រកួត​ជើងឯក​ពិភពលោក​ស្ត្រី និង​យុវជន​ប្រចាំឆ្នាំ​២០១៩ នៅ​ទីលាន​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ នៅ​ថ្ងៃទី​១៩ វិច្ឆិកា​។ 
 
​ជ័យជម្នះ​ក្នុងជំនួប​បើកឆាក លើ​វិញ្ញាសា​៣​នាក់ ទល់​៣​នាក់​នេះ មានការ​រួមចំណែក​យ៉ាង​ធំធេង ពី​វីរ​កីឡាការិនី កែ ឡេង តាមរយៈ​ការ​វាយ​ច្បាស់ៗ ចំ​គោលដៅ ទៅលើ​គ្រាប់​ប៊ូល ដែល​ចូល​យ៉ាង​ល្អ​របស់​កីឡាការិនី​ឡេ​តូ​នី​។ វាយ​ដ៏​អស្ចារ្យ​នេះ បានធ្វើ​ឲ្យ​កីឡាការិនី​ទាំង​៣​រូប រួមជាមួយ​ថ្នាក់ដឹកនាំ​កីឡា​របស់​ឡេ​តូ​នី គ្រវីក្បាល និង​សរសើរ ពី​សមត្ថភាព​របស់លោក​ស្រី​។ សម្លេង​ទ្រហឹង​អើ​ង​កង ពី​អ្នកគាំទ្រ ក៏បាន​បន្លឺឡើង​ផងដែរ ក្រោយ​កីឡាការិនី កែ ឡេង វាយ​ប៊ូល​ចំ​គោលដៅ​ម្តងៗ​។ 


 
​កត្តា​ខាងលើ បានធ្វើ​ឲ្យ​ម្ចាស់​មេដាយមាស​ពិភពលោក​៣​ជំនាន់​ជាប់​គ្នា លើ​វិញ្ញាសា វាយយក​ពិន្ទុ​រូបនេះ ក្លាយជា​ចំណែក​មួយ​ដែល​មិនអាច​ខ្វះ​បាន ក្នុង​ក្រុម​ជម្រើសជាតិ ពេល​ប្រកួត​តំណាង​ឲ្យ​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​ម្តងៗ​។ ជាក់ស្តែង​នៅក្នុង​ការប្រកួត​ជាមួយ​ក្រុម​ឡេ​តូ​នី កីឡាការិនី កែ ឡេង ដែល​គ្រូបង្វឹក លោក សុខ ម៉ុង ដាក់​ឲ្យ​អង្គុយ​កៅអី​បម្រុង​ក្នុង​សិត​ទី​១ ដើម្បី​ទុក​កម្លាំង​ប្រកួត​លើ​វិញ្ញាសា​វាយយក​ពិន្ទុ ត្រូវបាន​ប្តូរ​ចូល​ជំនួស​កីឡាការិនី កែវ វណ្ណា នៅ​សិត​ទី​២ ក្រោយ​ឡេ​តូ​នី​នាំមុខ ៣-០​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​ការចូល​លេង​របស់​កីឡាការិនី កែ ឡេង ក្រុម​ប៉េតង់​ឡេ​តូ​នី គ្មាន​ពិន្ទុ​កើតឡើង​ឡើយ ដោយ​កម្ពុជា បាន​យកឈ្នះ​ក្នុង​លទ្ធផល ១៣-៣​។ កត្តា​នេះហើយ ទើប​ធ្វើ​ឲ្យ​កីឡាការិនី អ៊ុន ស្រី​យ៉ា ប្រៀបធៀប​សមត្ថភាពរ​បស់​លោកស្រី កែ ឡេង ទៅនឹង​សត្វ​ខ្លា និង​ជា​ចំណែក​មួយ​ដែល​មិនអាច​ខ្វះ​បាន​។ 
 
​ជ័យជម្នះ នៅក្នុង​ជំនួប​បើកឆាក​នេះ​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​រំពឹង​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​នារី​។ មិន​ត្រឹមតែ​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​នារី​នោះទេ កីឡាការិនី កែ ឡេង ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​វិញ្ញាសា​វាយយក​ពិន្ទុ ដែលជា​វិញ្ញាសា​សក្តានុពល​របស់ខ្លួន គឺ​លោកស្រី​ឈរ​លំដាប់​លេខ​១​ក្នុងចំណោម​កីឡាការិនី​៤២​រូប​ក្រោយ​ធ្វើបាន​៣៨​ពិន្ទុ​។ 
 
​គួររំលឹកថា ការប្រកួត​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក 17th Juniors & Women Petanque World Championship ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​មាន​៤៩​ប្រទេស​ចូលរួម​។ ការប្រកួត​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩-២៣ ខែវិច្ឆិកា មួយ​នេះ​បាន​បើក​ការប្រកួត​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​១៩ វិច្ឆិកា ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ កីឡាករ​កីឡាការិនី និង​អ្នកគាំទ្រ​ជាតិ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​៕   

Tag:
 ​ប៉េតង់​
  អ៊ុន ស្រី​យ៉ា​
  កែ ឡេង​
  Juniors & Women Petanque World Championship
© រក្សាសិទ្ធិដោយ thmeythmey.com