ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភេសជ្ជៈ​អ្វីខ្លះ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​?
20, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​មួយ​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​វា​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​សាហាវៗ​ជាច្រើន រួមទាំង​ជំងឺ​ខ្សោយតម្រងនោម ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​។ ជំងឺ​ទាក់​ទឹង​នឹង​ក្រពេញ​លើ​តម្រងនោម ជំងឺ​តម្រងនោម ថ្នាំ​បំបាត់​ការឈឺចាប់ ថ្នាំ​ពន្យារកំណើត ស្ត្រេ​ស មិនសូវ​ហាត់ប្រាណ ទទួលទាន​អាហារ​មាន​ជាតិ​ប្រៃ ឬ​អំបិល​ច្រើន ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត កត្តា​ហ្សែ​ន និង​ជំងឺ​ធាត់​ជ្រុល​សុទ្ធតែជា​មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ដូច្នេះ​ដើម្បី​សុខភាព​ល្អប្រសើរ​និង​ចៀស​ផុតពី​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​ត្រូវ​រក្សា​សម្ពាធ​ឈាម​ក្នុង​កម្រិត​ត្រឹមត្រូវ​។


 
​ខាងក្រោម​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​រក្សា ឬ​បញ្ចុះ​សម្ពាធ​ឈាម​ក្នុង​កម្រិត​ប្រក្រតី ៖
 
១. ទឹក​ម្នាស់​ស្រស់​

​ទឹក​ផ្លែ​ម្នាស់​ស្រស់​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​កម្ចាត់​នូវ​ជាតិ​សូ​ដ្យូ​ម​ដែល​លើស​ក្នុង​ឈាម​និង​សម្រួល​ដល់​សរសៃឈាម​។ ទឹក​ផ្លែ​ម្នាស់​ស្រស់​ក៏​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​ផងដែរ​។​
 
២. ទឹកក្រូច​ស្រស់​

​សារធាតុ Hesperidin ដែលមាន​ផ្ទុក​នៅក្នុង​ទឹកក្រូច​ស្រស់ គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ការពារ​រាងកាយ​ប្រឆាំងនឹង​ជំងឺមហារីក ក៏ដូចជា​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ផ្សេងទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ឥទ្ធិពល​ទៅលើ​មុខងារ និង​សកម្មភាព​នៃ​សរសៃឈាម​តូចៗ​ផងដែរ​។ ដូច្នេះ​ការទទួល​ទាន​ទឹកក្រូច​ច្របាច់​ស្រស់​ទៀងទាត់​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ក៏ដូចជា​បញ្ហា​សម្ពាធ​ឈាម​។​
 
៣. ទឹក​មើម​ឆៃថាវ​ក្រហម​

​ចូរ​បន្ថែម​ទឹក​មើម​ឆៃថាវ​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ប្រសិនបើ​អ្នក​ចង់​បញ្ចុះ​សម្ពាធ​ឈាម​តាមបែប​ធម្មជាតិ​។ ប្រសិទ្ធភាព​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​នេះ​បានមក​ដោយសារ​មើម​ឆៃថាវ​ក្រហម​មាន​កម្រិត​សារធាតុ​នីត្រាត​ខ្ពស់​។ ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​នីត្រាត​អាច​នាំឱ្យមាន​ប្រតិកម្ម​គីមី​ជា​បន្តបន្ទាប់​ក្នុង​ឈាម​ដែល​បញ្ហា​នេះ​អាច​បង្កើន​បរិមាណ​អុកស៊ីសែន​នៅ​កន្លែង​ដែល​រាងកាយ​ខ្វះ​។ លើសពីនេះទៅទៀត​ទឹក​មើម​ឆៃថាវ​ក្រហម​ក៏​ជួយ​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ធំ ហើយ​សម្ពាធ​ឈាម​នឹង​ថយចុះ​។​
 
៤. តែ​បៃតង​

​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រក្សា​សុខភាព​សរសៃ​ឈាម​ល្អប្រសើរ​។ វា​ក៏មាន​លក្ខណៈសម្បត្តិ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ផងដែរ​។ ហើយ​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍ គឺ​អ្វីមួយ​ដែល​អាច​បង្ក​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
 
៥. ទឹកដូង​

​នោះ​ក៏​ព្រោះតែ​ភេសជ្ជៈ​ធម្មជាតិ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ប្រសិទ្ធភាព​ជួយ​រក្សា​គ្រប់គ្រង​និង​បញ្ចុះ​សម្ពាធ​ឈាម​។​
 
៦. ទឹក​ផ្លែ​ទទឹម​ស្រស់​
 
​ទទឹម​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុចិញ្ចឹម​សំខាន់ៗ ព្រមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម anthocyanins និង polyphenols ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ទាំងមូល រួមទាំង​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​៕
 
​ប្រយ័ត្ន​៖ ទោះជា​យ៉ាងណា ភេសជ្ជៈ​មួយចំនួន​ខាងលើ​អាច​បញ្ចុះ​សម្ពាធ​ឈាម​ប្រកបដោយ​ប្រសិទ្ធភាព​បាន​លុះត្រាតែ​អ្នកមាន​របប​អាហារ​ត្រឹមត្រូវ និង​តែង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ផងដែរ​។ ហើយ​ដើម្បី​ជាការ​ប្រសើរ​ក៏​កុំ​ភ្លេច​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជាមុន ប្រសិនបើ​អ្នក​ចង់​ទទួលទាន​ភេសជ្ជៈ​ណាមួយ ខណៈពេល​កំពុង​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ក៏​ព្រោះ​ប្រសិនបើ​សម្ពាធ​ឈាម​ធ្លាក់ចុះ​ទាប​ពេក នោះ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ដែរ​!
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com