កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ទំនង​យក Mourinho ជំនួស Pochettino ដែល​ទើប​បញ្ចប់​តំណែង​
20, Nov 2019 , 9:24 am        
រូបភាព
​ក្រុម Tottenhan Hotspur បានបញ្ចប់​តំណែង​លោក Mauricio Pochettino ជា​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​ហើយ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ​។ អតីត​អ្នកចាត់ការ Manchester United លោក Jose Mourinho កំពុងស្ថិត​ក្នុងការ​ចរចា​ដើម្បី​ឡើងទៅ​ជំនួស​តំណែង​នេះ​។​


 
​លោក Pochettino វ័យ​៤៧​ឆ្នាំ បាន​ឡើង​ដឹកនាំ Spurs រយៈពេល​៥​ឆ្នាំ ក្នុងនោះ​ថែមទាំង​ជួយ​ក្រុម​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​កាលពី​រដូវ​កាល​មុន​ផង​។ បើ​ទោះ​យ៉ាងនេះ​ក្តី អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ នៅតែ​ត្រូវ​ក្លិប​រហស្សនាម​មាន់​ខ្នាយ​មាស​បញ្ចប់​តំណែង ដ្បិត​ក្រុម​ធ្លាក់​ទម្រង់​លេង​នៅ​រដូវ​កាល​នេះ​។​


 
​ក្រៅពី​នាំ Spurs បាន​រងជើង​ឯក​លី​គ​កំពូល​អឺរ៉ុប ក្រោយ​ចាញ់ Liverpool នោះ អតីត​អ្នកចាត់ការ Southampton និង Espanyol ក៏បាន​ជួយ​ក្រុម​ក្នុង​ក្រុង​ឡុង​ដ៏​នេះ​ប្រជែង​ពាន Premier League ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី​២​ចំនួន​ពី​រដូវ​កាល​ផងដែរ​។​
 
​សម្រាប់​រដូវ​កាល ២០១៩-២០​នេះ Spurs ហាក់​ធ្លា​ក់ជើង​គួរកត់សម្គាល់ ដោយ​រក​បានតែ​១៤​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​១៤​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ដោយ​ក្នុងនោះ​ចាញ់​៤ ស្មើ​៥ និង​ឈ្នះ​តែ​៣​ប្រកួត​ប៉ុណ្ណោះ​។​
 
​លោក Mourinho អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​ទំនេរ​ពី​ការងារ​ចាប់តាំងពី​បិសាច​ក្រហម Man Utd បញ្ចប់​តំណែង​កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ដែរនោះ ត្រូវបាន​គេ​ជឿជាក់ថា​ជា​បេក្ខភាព​នាំមុខគេ​ក្នុងការ​ឡើងទៅ​ជំនួស​តំណែង​លោក Pochettino វិញ​។ យ៉ាងណា នៅ​មិនទាន់មាន​កិច្ចព្រមព្រៀង​ណាមួយ​រវាង​បុរស​រហស្សនាម Special One និង Spurs នៅឡើយ​នោះទេ​៕

Tag:
 Tottenhan Hotspur
  Mauricio Pochettino
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com