ជាតិ
នយោបាយជាតិ
ទូតបែលហ្ស៊ិក និង ទូតហ្វាំងឡង់ មកពីថៃ ជួបលោក កឹម សុខា
× លោក Philippe Kridelka ឯកអគ្គរាជទូតបែលហ្ស៊ិក និង អ្នកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ដែលមានស្ថានទូតនៅប្រទេសថៃ នឹងមកជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក នាល្ងាចម៉ោង៦ ថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមលោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា។
លោក Philippe Kridelka ជាទូតបែលហ្ស៊ិក ទទួលបន្ទុកប្រចាំប្រទេសថៃ និងប្រទេសកម្ពុជា។ ចំណែក អ្នកស្រី អ្នកស្រី Satu Suikkari-Kleven ជាទូតហ្វាំងឡង់ ទទួលបន្ទុកប្រចាំប្រទេសថៃ កម្ពុជា និង មីយ៉ាន់ម៉ា។
លោក មុត ចន្ថា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ទូតទាំង២នេះ នឹងចូលជួបលោក កឹម សុខា ជាមួយគ្នាក្នុងពេលមួយតែម្តង។ លោក បន្តថា មានទូតបរទេសផ្សេងទៀត នឹងបន្តចូលជួបលោក កឹម សុខា តែលោក មិនទាន់អាចបញ្ជាក់ឲ្យច្បាស់នោះទេ ថា ទូតណាខ្លះ ហើយជួបនៅពេលណា។
លោក មុត ចន្ថា នៅតែនិយាយដូចមុនដដែលថា ជំនួបរវាងលោក កឹម សុខា និង ទូតបរទេស គឺជាការសួរសុខទុក្ខធម្មតា ក្រោយលោក កឹម សុខា ខានជួបអ្នកនយោបាយផងគ្នា និងមន្ត្រីបរទេសអស់ប្រមាណ២ឆ្នាំកន្លងមក។
លោក កឹម សុខា បានទទួលជួបទូតបរទេសមួយចំនួនរួចមកហើយ រួមមាន ទូតអាមេរិក ទូតសហភាពអឺរ៉ុប ទូតអង់គ្លេស ទូតអាល្លឺម៉ង់ ទូតអូស្ត្រាលី ទូតបារាំង ទូតជប៉ុន និង ទូតស្វីស (មកពីថៃ) ជាដើម។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចលុបបម្រាមមួយចំនួនចេញពីលោក កឹម សុខា គឺបម្រាមមិនឲ្យជួបជនបរទេស បម្រាមមិនឲ្យជួបថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង និង បម្រាមមិនឲ្យចេញទៅណាឆ្ងាយពីផ្ទះ។
ការលុបបម្រាមទាំងនេះ មានន័យថា លោក កឹម សុខា អាចជួបជនបរទេស និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងបានវិញ ហើយក៏អាចដើរហើរគ្រប់ទីកន្លែងផងដែរ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោក មិនត្រូវចាកចេញទៅក្រៅប្រទេសឡើយ ហើយក៏មិនត្រូវធ្វើសកម្មភាពនយោបាយដែរ ព្រោះបម្រាមទាំង២នេះ ចៅក្រមស៊ើបសួរ មិនទាន់លុបចោលនោះទេ។
រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ បានប្រកាសបិទការស៊ើបសួរលើសំណុំរឿងរបស់លោក កឹម សុខា។ នីតីវិធីបន្ទាប់ ចៅក្រមស៊ើបសួរ នឹងចេញដីកាដំណោះស្រាយ ដើម្បីសម្រេចថាទម្លាក់បទចោទចេញពីលោក កឹម សុខា ឬក៏ត្រូវបញ្ជូនសំណុំរឿងទៅជំនុំជម្រះ។ លោក ត្រូវបានចោទពីសន្ទិដ្ឋិភាពជាមួយបរទេសកាលពីរ២ឆ្នាំមុន ដែលសំដៅថា លោក លួចទៅពឹងពាក់បរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
Tag:
កឹម សុខា
មុត ចន្ថា
ទូតបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com