អន្តរជាតិ
ឥណ្ឌា និង​ប៉ា​គី​ស្ថាន វាយប្រហារ​គ្នា​រឿង​កា​ស្មៀ​រនា​កិច្ចប្រជុំ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​កម្ពុជា​
20, Nov 2019 , 2:36 pm        
រូបភាព
​កិច្ចប្រជុំ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ពីរ​នៅ​ទឹកដី​កម្ពុជា​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា បាន​ក្លាយជា​វេទិកា​របស់​ឥណ្ឌា និង​ប៉ា​គី​ស្ថាន បាន​វាយប្រហារ​គ្នា​ទៅមក​ជុំវិញ​វិបត្តិ​កា​ស្មៀ​រ​។ ប៉ា​គី​ស្ថាន ជា​អ្នក​និយាយ​រិះគន់​ឥណ្ឌា​មុន​ពាក់ព័ន្ធ​ការ​បំបិទ​សិទ្ធិសេរីភាព និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់​កា​ស្មៀ​រ​ដែល​ឥណ្ឌា​គ្រប់គ្រង​។ ឥណ្ឌា​វិញ ក៏​វាយបក​វិញ​ថា ប៉ា​គី​ស្ថាន ប្រឹង​ចេញមុខ​ការពារ​សិទ្ធិ​ជនភាគតិច ទាំង​ខ្លួនឯង​ជា​អ្នក​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ផ្ដល់​ជម្រក​ឲ្យ​ភេរវជន​ទៅទៀត​។​

 
​អំឡុងពេល​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា អនុប្រធាន​សភាជាតិ​ប៉ា​គី​ស្ថាន កា​ស៊ីម ខាន់ ស៊ូ​រី (Qasim Khan Suri) ដែល​លើកឡើង​ពី​បញ្ហា​អន្តរជាតិ​ជាច្រើន ក៏​ឆ្លៀត​និយាយ​ដល់​បញ្ហា​កា​ស្មៀ​រ ដែលជា​ចំណុចរសើប​រវាង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​។ លោក ខាន់ ស៊ូ​រី បាន​ចោទ​ឥណ្ឌា​ចំៗ​ជុំវិញ​ការស្លាប់ និង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ទឹកដី​មួយ​នេះ​។​
 
​ចំពោះមុខ​មេដឹកនាំ​បរទេស​ជាច្រើន ប្រធាន​ប្រតិភូ​ប៉ា​គី​ស្ថាន​រូបនេះ​អះអាងថា ក្នុង​បញ្ហា​កា​ស្មៀ​រ​នេះ  មនុស្ស​ចំនួន​១០០​ពាន់​នាក់ បាត់បង់​ជីវិត ហើយ​កុមារ​១០​ពាន់​នាក់ បាន​កំព្រា​ឪពុកម្ដាយ​។ លោក​បន្តថា​៖ «​ស្ត្រី​១១​ពាន់​នាក់ រង​ការបំពាន​ផ្លូវភេទ មាន​រណ្ដៅ​កប់​សព​រួមគ្នា​រាប់ពាន់ ប្រជាជន​ស្លូតត្រង់​ជាច្រើន​ទៀត រង​ការឈឺចាប់​។​» លោក​បន្ថែមថា អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ក៏បាន​មើល​ការប្រើ​កម្លាំង​អាវុធ​ដោយ​ឥណ្ឌា ដែល​ពាក់ព័ន្ធ​ជាពិសេស​នៅ​កា​ស្មៀ​រ ដែល​មា​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​។ 
 
​នៅ​ចុងបញ្ចប់​នៃ​សុន្ទរកថា អនុប្រធាន​អំពាវនាវ​ឲ្យ​មាន​ការគោរព​សិទ្ធិ សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជន​កា​ស្មៀ​រ ដែល​ការពារ​ដោយ​ច្បាប់​អន្តរជាតិ​។ នៅពេល​លោក ខាន់ ស៊ូ​រី ហៀបនឹង​បញ្ចប់​ការ​ថ្លែង គេ​ក៏​ឃើញ​មាន​មន្ត្រី​ឥណ្ឌា​ងើប​តវ៉ា​បន្តិច​ផងដែរ​។ 

 
 
​ការលើកឡើង​របស់​ម​ន្ត្រី​ប៉ា​គី​ស្ថាន​ខាងលើ ក៏​ទទួលបាន​ការឆ្លើយតប​ពី​ឥណ្ឌា​វិញ​ផងដែរ​។ ភារៈធារី​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ភ្នំពេញ លោក ស៊ូ​បា រ៉ៅ (M. Subba Rao) ចាត់ទុក​សម្ដី​ពាក់ព័ន្ធ​កា​ស្មៀ​រ ជាការ​បកប្រែ​ខុស​ស្ថានការណ៍ មាន​គោលដៅ​មិនល្អ ហើយ​ឥណ្ឌា​សូម​ជំទាស់​ដាច់ខាត​។ បើតាម​សុន្ទ​ករ​ថា​ដែល​ស្ថានទូត​ឥណ្ឌា​ផ្ញើមក​កាន់​សារព័ត៌មាន​ថ្មីៗ អ្នកការទូត​ឥណ្ឌា​ដដែល​បន្តថា ការនិយាយ​ដល់​កិច្ចការ​ផ្ទៃក្នុង​ឥណ្ឌា ជា​រឿង​គួរ​ត្រូវ​ថ្កោលទោស​។​
 
​ដោយ​ចង់​សំដៅ​ប៉ា​គី​ស្ថាន លោក ស៊ូ​បា រ៉ៅ និយាយថា ប្រទេសមួយ​នេះ ជា​សម្បុក​ភេរវជន​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​អង្គការសហប្រជាជាតិ​ចំនួន​១៥០ និង​អង្គការ​ភេរវកម្ម​២៥​ទៀត​។ លោក​ថា ប្រទេស​នេះ​ប្រើប្រាស់​ភេរវកម្ម​ជា​ឧបករណ៍​បម្រើ​គោលនយោបាយ​រដ្ឋ និង​អនុវត្ត​ភេរវកម្ម​ឆ្លងដែន​ជា​ជម្រើស​ផ្សេងទៀត​នៃ​ការទូត​។ 
 
​និយាយ​រឿង​ជនជាតិភាគតិច​វិញ លោក ស៊ូ​បា រ៉ៅ អះអាងថា ឥណ្ឌា​មិនត្រូវ​ធម៌អាថ៌​ពី​ប្រទេស​ដែល​ចំនួន​ជនភាគតិច​ធ្លាក់ចុះ​ពី​២៣​ភាគរយ​នៅ​ឆ្នាំ​១៩៤៧ មក​ត្រឹម​៣​ភាគរយ​នៅពេល​បច្ចុប្បន្ន​ឡើយ​។ ជនជាតិភាគតិច ក៏​ស្ថិតក្រោម​ការអនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង ការ​ធ្វើទុក្ខបុកម្នេញ​ជា​ប្រព័ន្ធ ការរំលោភបំពាន​ធ្ងន់ធ្ងរ និង​ការបង្ខំ​ឲ្យ​ប្ដូរ​ជំនឿ​ជាដើម​។ ភារៈធារី​រូបនេះ​បានបញ្ចប់​ការឆ្លើយតប​របស់ខ្លួន​ដោយ​ប្រាប់​ប៉ា​គី​ស្ថាន​ថា ប្រជាជន​ឥណ្ឌា​មិន​ចង់​ឲ្យ​នរណា​និយាយ​ជំនួស​ខ្លួន​ឡើយ​៕   

Tag:
 ឥណ្ឌា​
  ប៉ា​គី​ស្ថាន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com