ជាតិ
ព្រះ​សព​ព្រះរៀម បុប្ផា​ទេវី «​ទេព​នាដ​វ​ដ្តី​ឯក​» នឹងត្រូវ​បូជា នៅ​ថ្ងៃទី​២៥ វិច្ឆិកា
20, Nov 2019 , 3:13 pm        
រូបភាព
រូបថត៖ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ យាងគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៩
រូបថត៖ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ យាងគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះ​សព​សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផា​ទេវី «​ទេព​នាដ​វ​ដ្តីឯក​» នឹងត្រូវ​បូជា នៅ​ថ្ងៃទី​២៥ វិច្ឆិកា​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ដែល​រៀបចំ​ពិធី​ថ្វាយ​ព្រះ​កុសល ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព​ទ្រង់ ចាប់ពី​ថ្ងៃទី​១៩ រហូតដល់​ថ្ងៃទី​២៥ វិច្ឆិកា ឆ្នាំ​២០១៩​។

 
​ព្រះ​សព​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែលជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិកា​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា ត្រូវបាន​តម្កល់​នៅ​វត្ត​បុ​ទុម​វ​តី កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ។ សម្រាប់​កម្មវិធី​ថ្វាយ​ព្រះ​កុសល ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព​ព្រះរៀម បុប្ផា​ទេវី «​ទេព​នាដ​វ​ដ្តី​ឯក​» ចាប់ពី​ថ្ងៃទី​២០ ដល់ ២៤ វិច្ឆិកា​នេះ គឺ​គណៈកម្មាធិការ​រៀបចំ​បុណ្យ និមន្ត​ព្រះសង្ឃ​៧​អង្គ​ទទួល​យាគូ នៅ​ម៉ោង ៦​ព្រឹក ។ ដោយឡែក​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​វិញ នឹងត្រូវ​ប្រារព្វ​ធ្វើ​រៀងរាល់​ម៉ោង​៨​ព្រឹក និង​ម៉ោង​២​រសៀល​។ ចំណែក​ម៉ោង​១០៖៣០​ព្រឹក និង​ម៉ោង​៥​ល្ងាច មានការ​និមន្ត​ព្រះសង្ឃ​៧​អង្គ​ទាំងពីរ​គណៈ នមស្សការ​ព្រះ​រតនត្រ័យ​សមាទានសីល ,​មតកភត្ត និង​ស្វាធ្យាយ​ព្រះ​បរិត្ត ព្រមទាំង​មានការ​សម្តែង​ព្រះ​ធម្មទេសនា​ទៀតផង​។​
 
​លុះដល់​ម៉ោង​៨​យប់​នៃ​ពិធី​ថ្វាយ​ព្រះ​កុសល​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី មាន​និមន្ត​ព្រះសង្ឃ​៨​អង្គ ស្វាធ្យាយ​ព្រះ​អភិធម្ម​បែប​ស្មូត និង​ភ្លេងពិណពាទ្យ​ប្រគំ​កំដរ​ទល់​ភ្លឺ កង​កិ​តិ្ត​យស​ឈរ​អម​មញ្ជូសា​ជា​អ​ន្ត្រៃ​យ៍​។ នេះ​បើតាម​កម្មវិធី​របស់​គ​ណៈ​ក​ម្មា​ធិ​ការរៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​។​
 
​ពិធី​ថ្វាយ​ព្រះ​កុសល​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី នឹងត្រូវ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា​។ ថ្ងៃ​បញ្ចប់​កម្មវិធី​នេះ នឹងមាន​ពិធី​សាសនា ពិធី​ខមាទោស ព្រះ​សព​ជា​លើកចុងក្រោយ ដោយ​បុត្រា​-​បុត្រី រួមទាំង​និមន្ត​សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ សម្តេចព្រះ​សង្ឃ​និង​ព្រះ​រាជាគណៈ​ចំនួន​១០​ព្រះអង្គ ស្វាធ្យាយ​ព្រះ​សត្ត​ប្បក​រណា​ភិធ​ម៌ នៅ​ម៉ោង​៦ ព្រឹក​។ ដោយឡែក​ម៉ោងជាង​៧​ព្រឹក ព្រះ​សព នឹងត្រូវ​រំកិល​ឡើងលើ​ទីនាំង​រថយន្ត​បុស្បុក​(​កង​កិ​តិ្ត​យស​ថ្វាយ​ព្រះ​វ​ន្ទ​ន​កិច្ច និង​ភ្លេង​ក្លងខែក​ប្រគំ​) ដោយ​ដង្ហែ​ចេញពី​សាលា​ព្រះ​ធម្មសភា ឆ្ពោះទៅកាន់​និង​ឡើង​ព្រះមេរុ​មុខ​វត្ត​បទុម​វ​តី ដើម្បី​ធ្វើ​ពិធី​បូជាព្រះសព​ «​ទេព​នាដ​វ​ដ្តី​ឯក​» នៅ​ម៉ោង​៨​ព្រឹក​៕

Tag:
 ​សម្តេច​រាជបុត្រី​ព្រះរៀម​
  នរោត្តម បុប្ផា​ទេវី​
  វត្ត​បទុម​វ​តី​រាជ​វ​រា​រាម
© រក្សាសិទ្ធិដោយ thmeythmey.com