ជាតិ
សង្គមជាតិ
កិច្ចប្រជុំអាស៊ី-ប៉ាស៊ីហ្វិក យល់ថា យុវជន មានសារសំខាន់ក្នុងការបង្កើតវប្បធម៌សន្តិភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទិ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩
× បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកលើកទី២ ពេញមួយថ្ងៃរួចមក គឺនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំតាមបណ្តាប្រទេសនានា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ហៅថាសេចក្តីថ្លែងការណ៍ភ្នំពេញ។ សេចក្តីថ្លែងការណ៍នេះ បង្ហាញគំនិតយល់ស្របគ្នា៩ចំណុច ដោយក្នុងនោះ មាន១ចំណុច និយាយពីយុវជន។
ថ្នាក់ដឹកនាំទាំងនោះ មានទស្សនទានរួមគ្នា អំពីតម្លៃនិងសារសំខាន់របស់យុវជនក្នុងការចូលរួមអភិវឌ្ឍប្រទេស។ ចំណុចទី៥ នៃសេចក្តីថ្លែងការណ៍ បានសរសេរដូច្នេះថា៖«វា មានសារសំខាន់ ដែលត្រូវបញ្ជូលយុវជននិងនិស្សិត ទៅក្នុងតួនាទីជាអ្នកដឹកនាំ ហើយជំរុញពួកគេឲ្យចូលរួមទទួលខុសត្រូវលើបញ្ហាសង្គម ប្រកាន់ភ្ជាប់នូវសីលធម៌ និង បង្កើតវប្បធម៌សន្តិភាព តាមរយៈការអភិវឌ្ឍផ្តត់គំនិត»។
កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅនៅវិមានសន្តិភាព ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសននានា រួមទាំងអង្គការក្រៅរដ្ឋាភិបាលផងដែរ សរុបជាង៨០០នាក់។ កិច្ចប្រជុំ នឹងត្រូវបញ្ចប់នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Tag:
កិច្ចប្រជុំអាសី-បាសីហ្វីក
យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com