អន្តរជាតិ
ចិនខឹងសម្បារ ក្រោយព្រឹទ្ធសភាអាមេរិកអនុម័តសំណើច្បាប់ប្រជាធិបតេយ្យហុងកុង
× ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារ ២០វិច្ឆិកា បានបោះឆ្នោតអនុម័តជាឯកច្ឆន្ទលើសំណើច្បាប់មួយក្នុងគោលដៅគាំទ្រក្រុមបាតុករក្នុងទីក្រុងហុងកុង ហើយព្រមានចិនប្រឆាំងនឹងការគាបសង្កត់ហិង្សាលើអ្នកតវ៉ា។ សំណើច្បាប់ប្រជាធិបតេយ្យហុងកុងនេះ ធ្វើឲ្យក្រុងប៉េកាំងខឹងសម្បារជាខ្លាំង។
មួយថ្ងៃប៉ុណ្ណោះក្រោយសំណើច្បាប់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហុងកុង ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិក រដ្ឋាភិបាលប៉េកាំង តាមរយៈក្រសួងការបរទេស នៅថ្ងៃពុធ ២០វិច្ឆិកា បានគំរាមជាថ្មីថានឹងចាត់វិធានការវាយបក ប្រសិនបើវាក្លាយជាច្បាប់។ ទន្ទឹមនឹងការគំរាម ចិនក៏ទទូចឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការជ្រែតជ្រៀកក្នុងកិច្ចការផ្ទៃក្នុងហុងកុង។
ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បញ្ជាក់ឲ្យដឹងថា ទង្វើនេះ ធ្វើឡើងដោយមិនខ្វល់ពីការពិត ហើយអនុវត្តបទដ្ឋានពីរជាន់។ លោក សង្កត់ធ្ងន់ថា៖«វាគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។ ចិនថ្កោលទោសនិងប្រឆាំងយ៉ាងដាច់ណាត់ចំពោះរឿងនេះ»។
ក្នុងសារដាច់ដោយឡែកមួយ រដ្ឋាភិបាលហុងកុង បានបង្ហាញការសោកស្ដាយជាខ្លាំងជុំវិញសំណើច្បាប់ប្រជាធិបតេយ្យហុងកុងនេះ ដោយសង្កត់ធ្ងន់ថា វានឹងជះឥទ្ធិពលអវិជ្ជមានលើទំនាក់ទំនងរវាងហុងកុងនិងវ៉ាស៊ីនតោន។
ប្រសិនបើចូលជាធរមានមែននោះ ច្បាប់គាំទ្រប្រជាធិបតេយ្យហុងកុងនេះ នឹងតម្រូវឲ្យរដ្ឋាភិបាលអាមេរិកវាយតម្លៃជាប្រចាំឆ្នាំលើការអភិវឌ្ឍនយោបាយក្នុងទីក្រុងនេះ។ នោះគឺមើលថា ហុងកុង នៅតែអាចរក្សាលក្ខខណ្ឌស្វ័យភាពគ្រប់គ្រាន់ ដាច់ដោយឡែកពីចិនដីគោកក្នុងគោលដៅរក្សាការផ្តល់ឲ្យពិសេសពីសហរដ្ឋអាមេរិក។ ទន្ទឹមនេះ សំណើច្បាប់នេះ ក៏នឹងបើកផ្លូវឲ្យរដ្ឋបាលលោកត្រាំដាក់ទណ្ឌកម្មលើមន្ត្រីចិនដែលទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញសិទ្ធិមនុស្ស និងស្វ័យភាពរបស់ទីក្រុងហុងកុង។
ក្រៅពីសំណើច្បាប់នេះ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារដដែល ក៏បានអនុម័តសំណើច្បាប់ដែលហាមឃាត់ការនាំចេញសម្ភារយោធានានា រួមមាន ឧស្ម័នបង្ហូរទឹកភ្នែកជាដើម ដែលប៉ូលិសហុងកុងអាចប្រើប្រឆាំងនឹងក្រុមអ្នកតវ៉ា។ សំណើច្បាប់ទាំងពីរនេះ ទំនងជានឹងត្រូវបញ្ជូនទៅសេតវិមានអាមេរិកសម្រាប់ឲ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចុះហត្ថលេខាក្លាយជាច្បាប់ ឬក៏វ៉េតូវិញ។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៥ ខែតុលា រដ្ឋសភាអាមេរិក បានអនុម័តសំណើច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហុងកុងឆ្នាំ២០១៩។ សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានអនុម័តដោយសំឡេងជាឯកច្ឆន្ទដូចគ្នា៕
Tag:
សហរដ្ឋអាមេរិក
ចិន
ហុងកុង
ព្រឹទ្ធសភា
ច្បាប់ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com